អេសាយ 64
64
1សូមព្រះអង្គហែកផ្ទៃមេឃ
ហើយយាងចុះមក!
ពេលនោះ ភ្នំទាំងឡាយមុខជាកក្រើក
នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។
ដូចភ្លើងឆេះសន្ធោសន្ធៅរំលាយលោហធាតុ
និងធ្វើឲ្យទឹកពុះកញ្ជ្រោល
ដើម្បីឲ្យខ្មាំងសត្រូវស្គាល់
ព្រះកិត្តិនាមរបស់ព្រះអង្គ។
ពេលនោះ ប្រជាជាតិទាំងឡាយនឹងភ័យញ័រ
នៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
2ពេលព្រះអង្គសម្តែងមហិទ្ធិឫទ្ធិដ៏អស្ចារ្យ
ដែលយើងខ្ញុំមិនបានទន្ទឹងរង់ចាំ
គឺនៅពេលព្រះអង្គយាងចុះមក
ភ្នំទាំងឡាយមុខជាកក្រើក
នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គពុំខាន។
3 តាំងពីដើមរៀងមក គេពុំដែលឮពុំដែលឃើញ
ព្រះណាប្រព្រឹត្តបែបនេះ ចំពោះអស់អ្នកដែល
ជឿសង្ឃឹមលើព្រះអង្គឡើយ
គឺមានតែព្រះអង្គប៉ុណ្ណោះដែលប្រព្រឹត្តដូច្នេះ។
4ព្រះអង្គតែងតែប្រណីសន្ដោសអស់អ្នកដែល
ប្រព្រឹត្តអំពើសុចរិតដោយចិត្តរីករាយ
គឺអស់អ្នកដែលមិនភ្លេចមាគ៌ារបស់ព្រះអង្គ។
ពេលណាយើងខ្ញុំដើរតាមមាគ៌ាពីមុនវិញ
ព្រះអង្គនឹងសង្គ្រោះយើងខ្ញុំ។
ផ្ទុយទៅវិញ ព្រះអង្គទ្រង់ព្រះពិរោធ
នៅពេលណាយើងខ្ញុំងាកចេញពី
មាគ៌ារបស់ព្រះអង្គ។
5យើងខ្ញុំទាំងអស់គ្នាក្លាយទៅជាជនមិនបរិសុទ្ធ
ហើយអំពើទាំងប៉ុន្មានដែលយើងខ្ញុំប្រព្រឹត្ត
ដោយស្មានថាជាអំពើសុចរិតនោះ
ប្រៀបបាននឹងក្រណាត់សំពត់ប្រឡាក់ឈាម
យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងស្លឹកឈើក្រៀម
ហើយអំពើទុច្ចរិតរបស់យើងខ្ញុំនឹងបក់បោក
នាំយើងខ្ញុំទៅដូចស្លឹកឈើប៉ើងតាមខ្យល់។
6គ្មាននរណាម្នាក់អង្វររកព្រះនាមព្រះអង្គទេ
គ្មាននរណាម្នាក់ភ្ញាក់រឭក
ហើយជំពាក់ចិត្តនឹងព្រះអង្គឡើយ
ដ្បិតព្រះអង្គបានលាក់ព្រះភ័ក្ត្រនឹងយើងខ្ញុំ
ព្រះអង្គបណ្ដោយឲ្យចិត្តអាក្រក់
របស់យើងខ្ញុំ ដឹកនាំយើងខ្ញុំ។
7ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ
ព្រះអង្គជាព្រះបិតារបស់យើងខ្ញុំ។
យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងដីឥដ្ឋ
ហើយព្រះអង្គដូចជាជាងស្មូន។
យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាស្នាព្រះហស្ដ
របស់ព្រះអង្គ។
8ឱព្រះអម្ចាស់អើយ សូមកុំព្រះពិរោធ
នឹងយើងខ្ញុំខ្លាំងពេក
សូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំ
រហូតតទៅឡើយ
សូមទតមើលចុះ យើងខ្ញុំទាំងអស់គ្នា
សុទ្ធតែជាប្រជារាស្ត្ររបស់ព្រះអង្គ។
9ក្រុងដ៏វិសុទ្ធនានារបស់ព្រះអង្គ
ក្លាយទៅជាទីស្ងាត់ជ្រងំ
ស៊ីយ៉ូនបានក្លាយទៅជាក្រុងស្ងាត់ជ្រងំ
យេរូសាឡឹមបានក្លាយទៅជាក្រុងហិនហោច។
10ព្រះវិហារដ៏វិសុទ្ធ និងថ្កុំថ្កើងរបស់យើងខ្ញុំ
ជាកន្លែងដែលដូនតាយើងខ្ញុំតែងតែនាំគ្នា
សរសើរតម្កើងព្រះនាមរបស់ព្រះអង្គ
បានត្រូវភ្លើងឆាបឆេះអស់
អ្វីៗទាំងអស់យើងខ្ញុំស្រឡាញ់យ៉ាងខ្លាំង
ក៏ត្រូវវិនាសដែរ។
11ឱព្រះអម្ចាស់អើយ
ពេលព្រះអង្គទតឃើញដូច្នេះ
តើព្រះអង្គនៅស្ងៀមកើតឬ?
តើព្រះអង្គធ្វើព្រងើយ ទុកឲ្យយើងខ្ញុំ
អាម៉ាស់ងើបមុខមិនរួចឬ?
ទើបបានជ្រើសរើសហើយ៖
អេសាយ 64: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.