យ៉ាកុប 3

3
អំពី​អណ្ដាត
1បងប្អូន​អើយ កុំ​ចង់​ធ្វើ​គ្រូ​ច្រើន​គ្នា​ពេក ដ្បិត​បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​យើង​ជា​គ្រូ​យ៉ាង​តឹង‌រ៉ឹង​ជាង​គេ។ 2យើង​ទាំង​អស់​គ្នា​តែងតែ​ធ្វើ​ខុស​ជា​ច្រើន។ អ្នក​ណា​ឥត​ធ្វើ​ខុស ដោយ​ពាក្យ​សម្ដី អ្នក​នោះ​ជា​មនុស្ស​គ្រប់​លក្ខណៈ អាច​ត្រួត​លើ​ខ្លួន​ឯង​ទាំង​មូល​បាន។ 3ប្រសិន​បើ​យើង​ដាក់​ដែក​បង្ខាំ​ក្នុង​មាត់​សេះ ដើម្បី​ឲ្យ​វា​ស្ដាប់​បង្គាប់​យើង នោះ​យើង​អាច​ញាក់​ខ្លួន​វា​ទាំង​មូល​ឲ្យ​ទៅ​ណា​ក៏​បាន។ 4សូម​គិត​ពី​សំពៅ​ដែរ ទោះ​បី​វា​ធំ​ប៉ុន​ណា ហើយ​មាន​ខ្យល់​បក់​មក​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​បើក​សំពៅ​អាច​បត់​បែន​បាន​តាម​បំណង​ចិត្ត ដោយ‌សារ​ចង្កូត​ដ៏​តូច​មួយ។ 5រីឯ​អណ្ដាត​ក៏​ដូច្នោះ​ដែរ វា​ជា​សរីរាង្គ​មួយ​តូច​មែន តែ​ពូកែ​ធ្វើ​ការ​សម្បើម​ណាស់។ មើល​ចុះ សូម្បី​តែ​ផ្កា​ភ្លើង​មួយ​តូច​ក៏​អាច​ធ្វើ​ឲ្យ​ឆេះ​ព្រៃ​មួយ​យ៉ាង​ធំ​ដែរ! 6អណ្ដាត​ក៏​ជា​ភ្លើង​ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត។ អណ្ដាត​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​សរីរាង្គ​របស់​យើង ដែល​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ទៅ​ជា​សៅ‌ហ្មង និង​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​របស់​យើង​ត្រូវ​ខ្លោច‌ផ្សា ព្រោះ​មាន​ភ្លើង​នរក​នៅ​ក្នុង​អណ្ដាត​នេះ។ 7មនុស្ស​ជាតិ​អាច​ផ្សាំង​សត្វ​គ្រប់​ប្រភេទ​បាន​ទាំង​អស់ ទាំង​សត្វ​ព្រៃ ទាំង​សត្វ​ស្លាប ហើយ​សត្វ​លូន​វារ សត្វ​នៅ​ក្នុង​ទឹក ក៏​មនុស្ស​ផ្សាំង​បាន​ដែរ 8ប៉ុន្តែ គ្មាន​ជន​ណា​ម្នាក់​អាច​ផ្សាំង​អណ្ដាត​ឡើយ ព្រោះ​វា​ជា​គ្រឿង​មួយ​ដ៏​ចង្រៃ​ដែល​ចេះ​តែ​គន្លាស់​ជានិច្ច ពោរ‌ពេញ​ទៅ​ដោយ​ពិស‌ពុល បណ្ដាល​ឲ្យ​ស្លាប់​ទៀត​ផង។ 9 ដោយ‌សារ​អណ្ដាត យើង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់​ជា​ព្រះ‌បិតា ហើយ​ដោយ‌សារ​អណ្ដាត​ដដែល យើង​ក៏​ជេរ​ប្រទេច​ផ្ដាសា​មនុស្ស​ដែល​ព្រះអង្គ​បាន​បង្កើត​មក ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះអង្គ​ដែរ 10គឺ​ទាំង​ពាក្យ​អរ​ព្រះ‌គុណ ទាំង​ពាក្យ​ជេរ​ប្រទេច​ផ្ដាសា ហូរ​ចេញ​មក​ពី​មាត់​តែ​មួយ! បងប្អូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។ 11តើ​ប្រភព​ទឹក​អាច​បង្ហូរ​ចេញ​ជា​ទឹក​សាប​ផង ជា​ទឹក​ភ្លាវ​ផង ពី​រន្ធ​តែ​មួយ​បាន​ឬ? 12បងប្អូន​អើយ ដើម​ឧទុម្ពរ​អាច​ឲ្យ​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង‌បាយជូរ​អាច​ឲ្យ​ផ្លែ​ជា​ឧទុម្ពរ​បាន​ឬ? រន្ធ​ទឹក​ប្រៃ​ពុំ​អាច​បង្ហូរ​ចេញ​ជា​ទឹក​សាប​ឡើយ។
ប្រាជ្ញា​ដែល​មក​ពី​ព្រះ‌ជាម្ចាស់
13ក្នុង​ចំណោម​បងប្អូន បើ​អ្នក​ណា​មាន​ប្រាជ្ញា និង​ចេះ​ដឹង សូម​សម្តែង​កិរិយា​មារ‌យាទ​របស់​ខ្លួន​ឲ្យ​អ្នក​ដទៃ​ឃើញ​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ផុស​ចេញ​មក​ពី​ចិត្ត​ស្លូត​បូត និង​ពី​ប្រាជ្ញា​ទាំង​ស្រុង។ 14ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បងប្អូន​មាន​ចិត្ត​ច្រណែន‌ឈ្នានីស និង​មាន​ចិត្ត​ប្រណាំង​ប្រជែង​គ្នា​នោះ សូម​កុំ​អួត​ខ្លួន កុំ​កុហក​ទាស់​នឹង​សេចក្ដី​ពិត​ឲ្យ​សោះ។ 15ប្រាជ្ញា​បែប​នេះ​មិន​មែន​ជា​ប្រាជ្ញា​មក​ពី​ព្រះ‌ជាម្ចាស់​ទេ គឺ​ជា​ប្រាជ្ញា​របស់​លោកីយ៍ ប្រាជ្ញា​របស់​មនុស្ស និង​ប្រាជ្ញា​របស់​អារក្ស 16ដ្បិត​ទី​ណា​មាន​ការ​ច្រណែន ប្រណាំង​ប្រជែង​គ្នា ទី​នោះ​តែងតែ​មាន​ការ​ខ្វះ​សណ្ដាប់‌ធ្នាប់ និង​មាន​រឿង​អាស្រូវ​គ្រប់​យ៉ាង។ 17រីឯ​ប្រាជ្ញា​មក​ពី​ព្រះ‌ជាម្ចាស់​វិញ ដំបូង​បង្អស់ ជា​ប្រាជ្ញា​បរិសុទ្ធ* បន្ទាប់​មក ជា​ប្រាជ្ញា​ផ្ដល់​សន្តិ‌ភាព មាន​អធ្យាស្រ័យ ទុក​ចិត្ត​គ្នា ពោរ‌ពេញ​ទៅ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​បង្កើត​ផល​ល្អ​គ្រប់​យ៉ាង ឥត​មាន​លម្អៀង ឥត​មាន​ពុត​ត្បុត។ 18អស់​អ្នក​កសាង​សន្តិ‌ភាព​តែង​សាប​ព្រោះ​សន្តិ‌ភាព ហើយ​ច្រូត​យក​ផល​ជា​ជីវិត​សុចរិត*។

ទើបបានជ្រើសរើសហើយ៖

យ៉ាកុប 3: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល