ចៅហ្វាយ 6:34-40

ចៅហ្វាយ 6:34-40 គខប

ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​យាង​មក​គង់​ក្នុង​លោក​គេឌាន លោក​ក៏​ផ្លុំ​ស្នែង ដើម្បី​កោះ​ហៅ​ប្រជា‌ជន​ក្នុង​អំបូរ​អបៀ‌ស៊ើរ ឲ្យ​មក​តាម​លោក។ លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ដែន​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ទាំង​មូល ដើម្បី​កេណ្ឌ​មនុស្ស​មក​តាម​លោក។ លោក​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ដែន​ដី​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ សាប់យូ‌ឡូន និង​ណែប‌ថាលី​ដែរ ហើយ​ពួក​គេ​ក៏​នាំ​គ្នា​មក​រក​លោក។ ពេល​នោះ លោក​គេឌាន​ទូល​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា ទ្រង់​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល តាម​រយៈ​ទូលបង្គំ ដូច្នេះ ទូលបង្គំ​សូម​លាត​ស្បែក​ចៀម​នៅ​លើ​លាន​បោក​ស្រូវ។ ប្រសិន​បើ​ទឹក​សន្សើម​ធ្លាក់​តែ​លើ​ស្បែក​ចៀម ហើយ​ដី​នៅ​ជុំ‌វិញ​ស្ងួត នោះ​ទូលបង្គំ​នឹង​ដឹង​ថា ព្រះអង្គ​ពិត​ជា​សព្វ​ព្រះ‌ហឫទ័យ​សង្គ្រោះ​អ៊ីស្រា‌អែល តាម​រយៈ​ទូលបង្គំ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មែន»។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​កើត​មាន​ដូច្នោះ​មែន។ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ លោក​គេឌាន​ក្រោក​ឡើង លោក​ពូត​ស្បែក​ចៀម​បាន​ទឹក​សន្សើម​ពេញ​មួយ​ចាន។ លោក​គេឌាន​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «សូម​ព្រះអង្គ​កុំ​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ​អី។ ទូលបង្គំ​សូម​ទូល​តែ​ម្ដង​ទៀត​ប៉ុណ្ណោះ សូម​មេត្តា​អនុញ្ញាត​ឲ្យ​ទូលបង្គំ​សាក​ល្បង ជា​លើក​ចុង​ក្រោយ គឺ​សូម​ឲ្យ​ស្បែក​ចៀម​នៅ​ស្ងួត ហើយ​ឲ្យ​សន្សើម​ធ្លាក់​ជោក​ដី​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ»។ យប់​នោះ ព្រះ‌ជាម្ចាស់​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​គេឌាន គឺ​មាន​តែ​ស្បែក​ចៀម​ទេ​ដែល​ស្ងួត ហើយ​ដី​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ជោក​ទៅ​ដោយ​ទឹក​សន្សើម។