យេរេមា 12

12
1បពិត្រ​ព្រះ‌អម្ចាស់
ព្រះអង្គ​សុចរិត​ពន់​ពេក​ណាស់
ទូលបង្គំ​ពុំ​អាច​តវ៉ា​រក​ខុស​ត្រូវ
ជា​មួយ​ព្រះអង្គ​បាន​ទេ។
ប៉ុន្តែ ទូលបង្គំ​សូម​សាក​សួរ​អំពី​ការ​វិនិច្ឆ័យ
របស់​ព្រះអង្គ
ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​ចេះ​តែ​ចម្រុង‌ចម្រើន
ក្នុង​គ្រប់​គម្រោង‌ការ​ដែល​គេ​គិត‌គូរ​ធ្វើ?
ហេតុ​អ្វី​បាន​ជា​មនុស្ស​ក្បត់​រស់​នៅ
យ៉ាង​សុខ​ស្រួល​ទាំង​អស់​គ្នា​ដូច្នេះ?
2ព្រះអង្គ​បាន​ដាំ​ពួក​គេ ហើយ​ពួក​គេ​ក៏​ចាក់​ឫស
ចម្រើន​ឡើង និង​មាន​ផ្លែ​ផ្កា។
ពួក​គេ​ពោល​ពី​ព្រះ‌នាម​ព្រះអង្គ​មិន​ដាច់​ពី​មាត់
តែ​ចិត្ត​របស់​ពួក​គេ​នៅ​ឆ្ងាយ​ពី​ព្រះអង្គ។
3ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ស្គាល់​ទូលបង្គំ
ព្រះអង្គ​ទត​ឃើញ​ទូលបង្គំ
ព្រះអង្គ​ឈ្វេង​យល់​ថា
ទូលបង្គំ​ជំពាក់​ចិត្ត​នឹង​ព្រះអង្គ។
រីឯ​អ្នក​ទាំង​នោះ​វិញ
សូម​ព្រះអង្គ​យក​ពួក​គេ​ចេញ
ដូច​កូន​ចៀម​ដែល​គេ​នាំ​ទៅ​ទី​សត្ត‌ឃាត
សូម​ញែក​ពួក​គេ​ទុក​ដោយ​ឡែក
សម្រាប់​ថ្ងៃ​ប្រហារ​ជីវិត។
4តើ​ទឹក​ដី​នេះ​ត្រូវ​កាន់​ទុក្ខ​ដល់​កាល​ណា តើ​តិណ‌ជាតិ​នៅ​តាម​ចម្ការ​ទាំង​ប៉ុន្មាន ត្រូវ​នៅ​ក្រៀម​ស្ងួត​ដូច្នេះ​ដល់​កាល​ណា​ទៀត។ ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក​ស្រុក​នេះ សត្វ​ចតុប្បាទ និង​បក្សា‌បក្សី ត្រូវ​វិនាស​អស់ ដ្បិត​ពួក​គេ​ពោល​ថា “យើង​ធ្វើ​អ្វី​ក៏​ព្រះអង្គ​មិន​ឃើញ​ដែរ!”។
5«បើ​អ្នក​ពុំ​អាច​រត់​ប្រណាំង​នឹង
មនុស្ស​ថ្មើរ​ជើង​បាន​ផង
ធ្វើ​ម្ដេច​អាច​រត់​ប្រណាំង​នឹង​សេះ​បាន?
បើ​អ្នក​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ស្រុក​ដែល
មាន​សន្តិ‌សុខ​ផង
ធ្វើ​ដូច​ម្ដេច​អាច​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ព្រៃ
ជិត​ទន្លេ​យ័រដាន់?
6សូម្បី​តែ​បងប្អូន​របស់​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​ផ្ទាល់ ក៏​នាំ​គ្នា​ក្បត់​អ្នក​ដែរ គឺ​ពួក​គេ​ព្រួត​គ្នា​ជំទាស់​នឹង​អ្នក​ពី​ក្រោយ​ខ្នង។ ដូច្នេះ ទោះ​បី​គេ​និយាយ​ល្អ​ជា​មួយ​អ្នក​ក្ដី មិន​ត្រូវ​ទុក​ចិត្ត​ពួក​គេ​ឡើយ»។
ព្រះ‌អម្ចាស់​បោះ​បង់​ចោល​ព្រះ‌វិហារ និង​ប្រជា‌ជន​របស់​ព្រះអង្គ
7យើង​បោះ​បង់​ចោល​ដំណាក់​របស់​យើង
យើង​លះ‌បង់​ចោល​កេរ‌មត៌ក​របស់​យើង
យើង​ប្រគល់​ប្រជា‌ជន​ជា​ទី​ស្រឡាញ់​របស់​យើង
ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។
8ប្រជា‌រាស្ត្រ​ដែល​ជា​កេរ‌មត៌ក​របស់​យើង​ផ្ទាល់
ប្រៀប​បាន​នឹង​សត្វ​សិង្ហ​នៅ​ក្នុង​ព្រៃ
គឺ​គេ​គ្រហឹម​ដាក់​យើង
ហេតុ​នេះ​ហើយ​បាន​ជា​យើង​ឈប់
ស្រឡាញ់​គេ​ទៀត។
9ប្រជា‌រាស្ត្រ​ដែល​ជា​កេរ‌មត៌ក​របស់​យើង​ផ្ទាល់
ប្រៀប​បាន​នឹង​បក្សី​ចម្រុះ​ពណ៌
ដែល​ត្មាត​ចោម‌រោម​គ្រប់​ទិស‌ទី។
ចូរ​ទៅ​ប្រមែ‌ប្រមូល​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន
ហើយ​នាំ​ពួក​វា​មក​ស៊ី​សាក‌សព។
10ពួក​គង្វាល​មួយ​ចំនួន​ធំ​លើក​គ្នា​មក​បង្ហិន
ចម្ការ​ទំពាំង‌បាយជូរ​របស់​យើង
ពួក​គេ​ជាន់​កម្ទេច​ចម្ការ​របស់​យើង
ពួក​គេ​បាន​បំផ្លាញ​ចម្ការ​ដ៏​ល្អ​របស់​យើង
ឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន
និង​វិនាស​ហិន‌ហោច​អស់។
11ពិត​មែន​ហើយ ពួក​គេ​បាន​ធ្វើ​ឲ្យ​ចម្ការ​នេះ
វិនាស​ហិន‌ហោច គួរ​ឲ្យ​ស្រណោះ។
នៅ​ចំពោះ​មុខ​យើង មាន​សុទ្ធ​តែ​ការ​ហិន‌ហោច
ស្រុក​ទេស​ទាំង​មូល​ត្រូវ​វិនាស​ហិន‌ហោច​អស់
គ្មាន​នរណា​ម្នាក់​រវី‌រវល់​នឹង​ចម្ការ​នេះ​ឡើយ។
12នៅ​តាម​ទួល​ខ្ពស់ៗ​ក្នុង​វាល​រហោ‌ស្ថាន
ពួក​បំផ្លិច‌បំផ្លាញ​កំពុង​តែ​មក​ដល់។
ដាវ​របស់​ព្រះ‌អម្ចាស់​នឹង​ប្រហារ​ស្រុក​នេះ
ពី​ជាយ​ដែន​ម្ខាង​ទៅ​ជាយ​ដែន​ម្ខាង
គ្មាន​នរណា​ម្នាក់​គេច​ខ្លួន​រួច​ឡើយ។
13ពួក​គេ​សាប​ព្រោះ​ស្រូវ
លុះ​ដល់​ពេល​ច្រូត គេ​ទទួល​បាន​តែ​បន្លា
គេ​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ
ដោយ​ឥត​បាន​ទទួល​ផល​អ្វី​ឡើយ។
អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស
ដោយ‌សារ​ផល​នៃ​ចម្រូត
ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង!
ព្រះ‌បន្ទូល​ចំពោះ​នគរ​ជិត​ខាង​អ៊ីស្រា‌អែល
14 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​សូម​ប្រកាស​ជំទាស់​នឹង​នគរ​ជិត​ខាង​ដ៏​អាក្រក់ ហើយ​ឈ្លាន‌ពាន​ទឹក​ដី​ដែល​យើង​បាន​ចែក​ឲ្យ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ទុក​ជា​ចំណែក​មត៌ក។ យើង​នឹង​ដក​ប្រជា‌ជន​នៅ​ស្រុក​ទាំង​នោះ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន ហើយ​យើង​ក៏​ដក​ជន‌ជាតិ​យូដា​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​ដែរ។ 15ប៉ុន្តែ ក្រោយ​យើង​ដក​ពួក​គេ​ចេញ​ពី​ទឹក​ដី​នោះ​ហើយ យើង​នឹង​អាណិត​មេត្តា​ពួក​គេ​សា​ជា​ថ្មី យើង​នាំ​ពួក​គេ​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។ 16ប្រសិន​បើ​ពួក​គេ​រៀន​អំពី​មាគ៌ា​ដ៏​ល្អ ដូច​ប្រជា‌រាស្ត្រ​របស់​យើង ប្រសិន​បើ​ពួក​គេ​ស្បថ​ក្នុង​នាម​យើង​ថា “ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​គង់​នៅ” ដូច​ពួក​គេ​ធ្លាប់​បង្រៀន​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​ស្បថ​ក្នុង​នាម​ព្រះ​បាល នោះ​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌រាស្ត្រ​របស់​យើង។ 17ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ប្រជា‌ជាតិ​ណា​មិន​ព្រម​ស្ដាប់​បង្គាប់​ទេ យើង​នឹង​ដក​ពួក​គេ​ចេញ ហើយ​ប្រហារ​ពួក​គេ​ឲ្យ​វិនាស​សូន្យ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

ទើបបានជ្រើសរើសហើយ៖

យេរេមា 12: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល