យេរេមា 15
15
1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ទោះបីម៉ូសេ និងសាំយូអែល មកអង្វរយើងឲ្យត្រាប្រណីប្រជាជននេះក្ដី ក៏យើងមិនអត់ឱនឲ្យពួកគេដែរ។ ចូរបណ្ដេញប្រជាជននេះឲ្យបាត់ពីមុខយើងទៅ! 2 ពេលគេសួរអ្នកថា “តើឲ្យយើងខ្ញុំទៅណា?” នោះត្រូវឆ្លើយវិញថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:
អ្នកណាដែលតម្រូវឲ្យស្លាប់
អ្នកនោះត្រូវតែស្លាប់
អ្នកណាដែលតម្រូវឲ្យស្លាប់ដោយមុខដាវ
អ្នកនោះនឹងស្លាប់ដោយមុខដាវ!
អ្នកណាដែលតម្រូវឲ្យស្លាប់ដោយអត់ឃ្លាន
អ្នកនោះនឹងស្លាប់ដោយអត់ឃ្លាន!
អ្នកណាដែលតម្រូវឲ្យជាប់ជាឈ្លើយ
អ្នកនោះនឹងត្រូវគេកៀរទៅជាឈ្លើយ!» ។
3 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រើគ្រោះកាចបួនយ៉ាង សម្រាប់ដាក់ទោសពួកគេ គឺដាវនឹងប្រហារពួកគេ ឆ្កែនឹងខាំពួកគេអូសយកទៅ ហើយត្មាតព្រមទាំងចចកនឹងត្របាក់ស៊ីពួកគេ ឥតនៅសេសសល់អ្វីឡើយ។ 4 ពេលឃើញគ្រោះកាចទាំងនេះ នគរទាំងប៉ុន្មាននៅផែនដីនឹងញ័ររន្ធត់។ ហេតុការណ៍នេះកើតឡើង ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលម៉ាណាសេ បុត្ររបស់ហេសេគា ជាស្ដេចស្រុកយូដា បានប្រព្រឹត្តនៅក្រុងយេរូសាឡឹម ។
5យេរូសាឡឹមអើយ គ្មាននរណាអាណិតអ្នក
គ្មាននរណាស្រណោះអ្នក
គ្មាននរណាយកចិត្តទុកដាក់ឈឺឆ្អាលនឹងអ្នកទេ
6ដ្បិតអ្នកបានបោះបង់ចោលយើង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
អ្នកបានបែរខ្នងដាក់យើង
ហេតុនេះហើយបានជាយើងដាក់ទោសអ្នក
យើងបំផ្លាញអ្នកឲ្យវិនាស
យើងលែងស្ដាយស្រណោះទៀតហើយ។
7យើងនឹងរែងប្រជាជននេះនៅតាមស្រុកនានា
យើងកម្ចាត់កម្ចាយពួកគេ
យើងធ្វើឲ្យប្រជារាស្ត្ររបស់យើងវិនាស
ដោយបាត់បង់កូនចៅ
ដ្បិតពួកគេពុំព្រមងាកចេញពី
ផ្លូវដ៏អាក្រក់របស់ខ្លួនឡើយ។
8យើងនឹងធ្វើឲ្យមានស្ត្រីមេម៉ាយច្រើនជាង
គ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រទៅទៀត។
យើងនឹងនាំមហន្តរាយមកលើពួកគេ
ទាំងកណ្ដាលថ្ងៃត្រង់
គឺមកលើម្ដាយរបស់ទាហានដែលនៅក្មេង
យើងធ្វើឲ្យស្ត្រីនោះតក់ស្លុត ញ័ររន្ធត់។
9ស្ត្រីដែលបង្កើតបានកូនប្រុសប្រាំពីរនាក់
បែរជាបាត់បង់កូនអស់ ហើយអស់សង្ឃឹម
ពន្លឺរបស់នាងលិចបាត់ទៅក្នុងវេលាថ្ងៃត្រង់
នាងត្រូវបាក់មុខ និងអាម៉ាស់យ៉ាងខ្លាំង។
រីឯអ្នកដែលនៅសេសសល់
យើងនឹងប្រគល់ទៅឲ្យខ្មាំងសត្រូវប្រហារ
ដោយមុខដាវ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពាក្យត្អូញត្អែររបស់លោកយេរេមា
10អ្នកម្ដាយអើយ តើបង្កើតខ្ញុំមកធ្វើអ្វី
បើខ្ញុំវេទនាបែបនេះ!
អ្នកស្រុកទាំងមូលនាំគ្នាជំទាស់
ហើយរករឿងឈ្លោះជាមួយនឹងខ្ញុំ។
ខ្ញុំពុំបានជំពាក់ប្រាក់គេ
ហើយក៏គ្មាននរណាជំពាក់ប្រាក់ខ្ញុំដែរ
តែពួកគេជេរប្រទេចផ្ដាសាខ្ញុំគ្រប់ៗគ្នា។
11 ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«យើងបានលោះអ្នក
ដើម្បីឲ្យអ្នកបានសេចក្ដីសុខ
នៅគ្រាមានទុក្ខវេទនា និងគ្រាមានអាសន្ន
យើងនឹងធ្វើឲ្យខ្មាំងសត្រូវមកអង្វរអ្នក។
12គ្មាននរណាអាចកាច់បំបាក់
ដែកមកពីស្រុកខាងជើង ឬលង្ហិនឡើយ។
13យូដាអើយ ព្រោះតែអំពើបាបទាំងប៉ុន្មាន
ដែលអ្នកប្រព្រឹត្តពាសពេញលើទឹកដីនេះ
យើងនឹងឲ្យខ្មាំងរឹបអូសយកទ្រព្យសម្បត្តិ
ទាំងប៉ុន្មានរបស់អ្នក។
14យើងនឹងឲ្យខ្មាំងកៀរអ្នកទៅជាឈ្លើយ
នៅក្នុងស្រុកមួយដែលអ្នកពុំស្គាល់
ដ្បិតកំហឹងរបស់យើងកំពុងតែឆេះឆួលឡើង
ទាស់នឹងអ្នករាល់គ្នា»។
15ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់
សូមនឹកដល់ទូលបង្គំផង
សូមយាងមកជួយទូលបង្គំ
និងសងសឹកពួកអ្នកដែលបៀតបៀនទូលបង្គំ!
សូមកុំឲ្យទូលបង្គំត្រូវរងគ្រោះ
ដោយព្រះអង្គមានព្រះហឫទ័យអត់ធ្មត់
ចំពោះខ្មាំងសត្រូវនោះឡើយ។
សូមជ្រាបថា ព្រោះតែព្រះអង្គ
ទូលបង្គំស៊ូទ្រាំឲ្យគេជេរប្រមាថ។
16ពេលទូលបង្គំឮព្រះបន្ទូលរបស់ព្រះអង្គ
ទូលបង្គំត្រងត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់
ព្រះបន្ទូលរបស់ព្រះអង្គធ្វើឲ្យចិត្តទូលបង្គំ
ពោរពេញដោយអំណរ និងសុភមង្គល
ព្រះជាអម្ចាស់នៃពិភពទាំងមូលអើយ
ទូលបង្គំជាអ្នកបម្រើផ្ទាល់របស់ព្រះអង្គ។
17ទូលបង្គំពុំបានអង្គុយសប្បាយរួមជាមួយ
ពួកលេងសើចឡើយ
គឺព្រះអង្គបង្ខំទូលបង្គំឲ្យនៅដាច់ឡែកពីគេ
ដ្បិតទូលបង្គំពោរពេញដោយកំហឹង
រួមជាមួយព្រះអង្គដែរ។
18ហេតុអ្វីបានជាទូលបង្គំចេះតែឈឺចុកចាប់
ជានិច្ចបែបនេះ?
ហេតុអ្វីបានជាមុខរបួសទូលបង្គំ
មិនព្រមជាសះដូច្នេះ?
ព្រះអង្គពិតជាធ្វើឲ្យទូលបង្គំខកចិត្ត
ដូចប្រភពទឹកដែលហូរមិនទៀងទាត់ឬ!
19 ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖
«ប្រសិនបើអ្នកវិលត្រឡប់មករកយើង
នោះយើងនឹងឲ្យអ្នកវិលត្រឡប់
មកបំពេញមុខងារបម្រើយើងវិញ។
ប្រសិនបើអ្នកពោលពាក្យមានខ្លឹមសារ
ជាជាងពោលពាក្យឥតបានការ
យើងនឹងប្រើអ្នកឲ្យនាំពាក្យរបស់យើង។
ពេលនោះ ជនជាតិយូដានឹងវិលមករកអ្នក
គឺមិនមែនអ្នកទេ ដែលនឹងទៅរកពួកគេ។
20យើងនឹងធ្វើឲ្យអ្នកប្រៀបដូចជា
កំពែងលង្ហិនដ៏មាំ នៅចំពោះមុខប្រជាជននេះ
ពួកគេនឹងនាំគ្នាវាយប្រហារអ្នក
តែពុំអាចឈ្នះអ្នកឡើយ
ដ្បិតយើងនៅជាមួយអ្នក
ដើម្បីសង្គ្រោះ និងរំដោះអ្នក»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21យើងនឹងរំដោះអ្នកឲ្យរួចផុតពី
កណ្ដាប់ដៃរបស់មនុស្សអាក្រក់
យើងនឹងដោះលែងអ្នកពីអំណាចរបស់
មនុស្សឃោរឃៅ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 15: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.