យេរេមា 16
16
លោកយេរេមានៅឯកោ
1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 2«អ្នកមិនត្រូវយកភរិយា ហើយបង្កើតកូនប្រុសស្រីនៅក្នុងស្រុកនេះឡើយ 3ដ្បិតយើងប្រកាសដំណឹងអំពីក្មេងប្រុសស្រីដែលនឹងកើតនៅស្រុកនេះ ហើយអំពីឪពុកម្ដាយដែលបង្កើតពួកគេថា: 4គេទាំងអស់គ្នានឹងស្លាប់យ៉ាងសែនវេទនា តែគ្មាននរណាធ្វើបុណ្យ ឬបញ្ចុះសពពួកគេទេ។ សាកសពរបស់ពួកគេនឹងក្លាយទៅជាជី។ ពួកគេនឹងស្លាប់ដោយសារមុខដាវ និងទុរ្ភិក្ស ហើយសាកសពរបស់ពួកគេនឹងក្លាយទៅជាចំណីរបស់សត្វត្មាត និងចចក»។
5 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កុំចូលទៅក្នុងផ្ទះណាដែលមានគេកាន់ទុក្ខ កុំចូលរួមក្នុងពិធីបញ្ចុះសព ហើយកុំជួយរំលែកទុក្ខនរណាឲ្យសោះ ដ្បិតយើងដកសេចក្ដីសុខ សេចក្ដីសប្បុរស និងសេចក្ដីអាណិតមេត្តារបស់យើងចេញពីប្រជារាស្ត្រនេះហើយ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 6អ្នកស្រុកនេះនឹងត្រូវស្លាប់ទាំងអស់គ្នា គឺទាំងអ្នកធំ ទាំងអ្នកតូច ដោយគ្មាននរណាបញ្ចុះសព និងយំសោក ហើយគ្មាននរណាឆូតសាច់ ឬកោរសក់កាន់ទុក្ខទេ។ 7គ្មាននរណាកាច់នំបុ័ងចែកដល់គ្រួសារដែលកាន់ទុក្ខ ហើយក៏គ្មាននរណាលើកពែងជូនគេ ដើម្បីជួយរំលែកទុក្ខអ្នកដែលបាត់បង់ឪពុកម្ដាយដែរ។
8កុំចូលទៅក្នុងផ្ទះដែលកំពុងតែជប់លៀង គឺកុំអង្គុយស៊ីផឹកជាមួយពួកគេឡើយ 9 ដ្បិតយើងដែលជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល នឹងធ្វើឲ្យលែងមានសម្រែកក្អាកក្អាយ ព្រមទាំងចម្រៀងរបាំដ៏សប្បាយ និងបទចម្រៀងអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាទៀតហើយ។ អ្នករាល់គ្នានឹងឃើញហេតុការណ៍នេះផ្ទាល់នឹងភ្នែកនៅទីនេះ។
10ពេលអ្នកនាំពាក្យទាំងនេះទៅប្រកាសប្រាប់ប្រជាជន ពួកគេមុខជាសួរថា “ហេតុអ្វីបានជាព្រះអម្ចាស់ចង់ដាក់ទោសពួកយើងយ៉ាងធ្ងន់ធ្ងរបែបនេះ តើពួកយើងធ្វើអ្វីខុស? តើពួកយើងប្រព្រឹត្តអំពើបាបណាមួយទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ជាព្រះនៃយើង?” 11ត្រូវឆ្លើយទៅពួកគេវិញដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា ដូនតារបស់អ្នករាល់គ្នាបានបោះបង់ចោលយើង ហើយនាំគ្នារត់តាមព្រះឯទៀតៗ។ ពួកគេនាំគ្នាគោរព និងក្រាបថ្វាយបង្គំព្រះទាំងនោះ គឺពួកគេបោះបង់ចោលយើង ហើយមិនប្រតិបត្តិតាមក្រឹត្យវិន័យរបស់យើងទេ។ 12រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ ជាងដូនតារបស់អ្នករាល់គ្នាទៅទៀត គឺម្នាក់ៗនៅតែចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួន ឥតស្ដាប់យើងឡើយ។ 13ហេតុនេះហើយបានជាយើងដេញអ្នករាល់គ្នាចេញពីស្រុកនេះ ទៅស្រុកមួយដែលអ្នករាល់គ្នាមិនស្គាល់ ហើយដូនតារបស់អ្នករាល់គ្នាក៏មិនធ្លាប់ស្គាល់ដែរ។ នៅទីនោះ អ្នករាល់គ្នានឹងគោរពបម្រើព្រះដទៃ ទាំងថ្ងៃទាំងយប់ យើងនឹងមិនអាណិតអាសូរអ្នករាល់គ្នាទៀតឡើយ»។
មាតុភូមិនិវត្តន៍
14 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ គេនឹងលែងស្បថក្នុងនាម “ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប” ទៀតហើយ 15ផ្ទុយទៅវិញ គេនឹងស្បថក្នុងព្រះនាម “ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញមកពីស្រុកខាងជើង និងស្រុកឯទៀតៗដែលព្រះអង្គបានកម្ចាត់កម្ចាយពួកគេឲ្យទៅ” យើងនឹងនាំពួកគេឲ្យវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ គឺទឹកដីដែលយើងបានប្រគល់ឲ្យបុព្វបុរស*របស់ពួកគេ»។
ទោសរបស់ជនទុច្ចរិត
16 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងចាត់អ្នកនេសាទជាច្រើនឲ្យទៅ។ អ្នកនេសាទទាំងនោះនឹងចាប់ប្រជាជននេះ ដូចចាប់ត្រី។ បន្ទាប់មក យើងនឹងចាត់ព្រានជាច្រើនឲ្យទៅ ព្រានទាំងនោះនឹងបរបាញ់ពួកគេ នៅតាមភ្នំតូចធំទាំងប៉ុន្មាន ព្រមទាំងតាមក្រហែងថ្មនានា។ 17យើងមើលឃើញអំពើទាំងប៉ុន្មានដែលប្រជាជននេះប្រព្រឹត្ត ឥតចន្លោះត្រង់ណាឡើយ អំពើអាក្រក់របស់ពួកគេមិនអាចលាក់កំបាំងនឹងភ្នែកយើងទេ។ 18មុនដំបូង យើងសងចំពោះអំពើអាក្រក់ និងអំពើបាបរបស់ពួកគេមួយទ្វេជាពីរ ព្រោះពួកគេបានប្រមាថទឹកដីរបស់យើង ព្រមទាំងធ្វើឲ្យទឹកដីដែលជាចំណែកមត៌ករបស់យើង ពោរពេញដោយរូបព្រះក្លែងក្លាយដ៏ចង្រៃ គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ»។
មនុស្សគ្រប់រូបនឹងទទួលស្គាល់ព្រះដ៏ពិតប្រាកដ
19ឱព្រះអម្ចាស់អើយ ព្រះអង្គជាកម្លាំង
និងជាកំពែងដ៏រឹងមាំរបស់ទូលបង្គំ
នៅពេលមានអាសន្ន ព្រះអង្គជាជម្រក
របស់ទូលបង្គំ។
ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល
នឹងនាំគ្នាមករកព្រះអង្គ ទាំងពោលថា
“ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ
ទុកជាកេរដំណែល
ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ!
20តើមនុស្សលោកដែលមិនមែនជាព្រះ
អាចបង្កើតព្រះដូចម្ដេចបាន?”
21«ដូច្នេះ នៅលើកនេះ យើងនឹងធ្វើឲ្យពួកគេ
ស្គាល់ឫទ្ធិបារមី និងអំណាចរបស់យើង
ហើយគេនឹងទទួលស្គាល់ថា យើងពិតជា
ព្រះអម្ចាស់មែន!»។
ទើបបានជ្រើសរើសហើយ៖
យេរេមា 16: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.