«អំពើបាបរបស់ជនជាតិយូដា មានចារឹកទុកដូចអក្សរចារឹក លើថ្ម ដោយដែកដែលមានត្បូងពេជ្រ នៅខាងចុង។ អំពើបាបនេះបានចារឹកទុកក្នុងចិត្តរបស់ពួកគេ និងនៅលើជ្រុងអាសនៈរបស់ពួកគេ។ ដូច្នេះ កូនចៅរបស់គេនឹងនឹកឃើញ អាសនៈរបស់ពួកគេ ព្រមទាំងនឹកឃើញបង្គោលរបស់ព្រះអាសេរ៉ា នៅក្បែរដើមឈើដ៏ខៀវខ្ចី ដែលស្ថិតនៅលើកំពូលភ្នំ។ ជនជាតិយូដាអើយ ដោយអ្នកចូលចិត្ត គោរពព្រះក្លែងក្លាយ នៅលើភ្នំរបស់យើង យើងនឹងឲ្យខ្មាំងសត្រូវរឹបអូសយក ទ្រព្យសម្បត្តិ និងធនធានទាំងប៉ុន្មានរបស់អ្នក ពួកគេនឹងកម្ទេចកន្លែងសក្ការៈរបស់អ្នក ដែលស្ថិតនៅតាមទួលខ្ពស់ៗ ព្រោះអ្នកបានប្រព្រឹត្តអំពីបាប នៅពាសពេញលើទឹកដីនេះ។ អ្នកនឹងប្រគល់ស្រុកដែលយើងបានចែក ឲ្យអ្នក ទៅសាសន៍ដទៃ។ យើងនឹងឲ្យអ្នកក្លាយទៅជាទាសករ របស់ខ្មាំងក្នុងស្រុកមួយដែលអ្នកពុំស្គាល់ ដ្បិតអ្នករាល់គ្នាបានបញ្ឆេះកំហឹងរបស់យើង ហើយភ្លើងនៃកំហឹងនេះនឹងឆេះរហូតតទៅ»។ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា ជនណាផ្ញើជីវិតលើមនុស្ស ហើយទុកចិត្តលើអ្វីៗដែលជាលោកីយ៍ ដោយបែរចិត្តចេញពីព្រះអម្ចាស់ ជននោះមុខជាត្រូវបណ្ដាសាពុំខាន! គេប្រៀបបាននឹងដើមឈើក្រិន នៅតាមព្រៃល្បោះ គេពុំអាចជួបនឹងសុភមង្គលឡើយ។ គេរស់នៅតាមកន្លែងក្ដៅហួតហែង ក្នុងវាលរហោស្ថានជាដីដែលគ្មានអ្វីដុះ និងគ្មានមនុស្សនៅ។ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់ និងយកព្រះអង្គធ្វើជាបង្អែក ពិតជាទទួលព្រះពរមិនខាន! អ្នកនោះប្រៀបបាននឹងដើមឈើ ដុះនៅក្បែរផ្លូវទឹក ដែលមានឫសចាក់ទៅរកទឹកហូរ វាមិនខ្លាចកម្ដៅ ហើយស្លឹករបស់វានៅខៀវខ្ចីជានិច្ច។ នៅពេលរាំងស្ងួត វាមិនព្រួយបារម្ភអ្វីទេ គឺវានៅតែបង្កើតផ្លែផ្កាដដែល។ ចិត្តរបស់មនុស្សតែងតែវៀចវេរ មិនអាចកែតម្រង់បានឡើយ ហើយក៏គ្មាននរណាអាចមើលចិត្តធ្លុះដែរ។ ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស យើងមើលធ្លុះអាថ៌កំបាំងរបស់គេ ដូច្នេះ យើងនឹងតបស្នងឲ្យមនុស្សម្នាក់ៗ តាមកិរិយាមារយាទរបស់ខ្លួន និងតាមអំពើ ដែលខ្លួនបានប្រព្រឹត្ត។ អ្នកដែលរកបានទ្រព្យសម្បត្តិដោយអយុត្តិធម៌ ប្រៀបបាននឹងសត្វទទាក្រាបស៊ុតសត្វដទៃ។ នៅពេលពាក់កណ្ដាលអាយុ ទ្រព្យសម្បត្តិនឹងចាកចេញពីអ្នកនោះទៅ ហើយនៅទីបញ្ចប់ គេក្លាយទៅជាមនុស្សមិនដឹងខុសត្រូវ។ ទីសក្ការៈរបស់យើងជាបល្ល័ង្កមួយដ៏រុងរឿង តាំងពីដើមដំបូងរៀងមក។
អាន យេរេមា 17
ស្ដាប់នូវ យេរេមា 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 17:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ