យេរេមា 25:1-12

យេរេមា 25:1-12 គខប

នេះ​ជា​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ស្ដី​អំពី​ជន‌ជាតិ​យូដា​ទាំង​មូល នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន។ លោក​យេរេមា​ប្រកាស​ព្រះ‌បន្ទូល​នេះ​ដល់​អ្នក​ស្រុក​យូដា​ទាំង​អស់ និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ដូច​ត​ទៅ: ចាប់​ពី​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស បុត្រ​របស់​ព្រះ‌បាទ​អាំម៉ូន ជា​ស្ដេច​ស្រុក​យូដា មក​ទល់​ថ្ងៃ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​បាន​ម្ភៃ​បី​ឆ្នាំ​ហើយ ហើយ​ខ្ញុំ​ក៏​បាន​នាំ​ព្រះ‌បន្ទូល​នេះ​មក​ប្រាប់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​ទេ។ ព្រះ‌អម្ចាស់​បាន​ចាត់​ព្យាការី​ទាំង​ប៉ុន្មាន​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ឲ្យ​មក​រក​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់​ត្រង‌ត្រាប់​ស្ដាប់​ឡើយ។ លោក​ទាំង​នោះ​ប្រកាស​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ងាក​ចេញ​ពី​ផ្លូវ​ទុច្ចរិត ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត នោះ​អ្នក​រាល់​គ្នា នឹង​បាន​រស់​នៅ​ក្នុង​ទឹក​ដី ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ជា​រៀង​រហូត។ កុំ​រត់​តាម​ព្រះ​ឯ​ទៀតៗ​ដើម្បី​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ​ឡើយ។ បើ​អ្នក​រាល់​គ្នា​លែង​បញ្ឆេះ​កំហឹង​របស់​យើង ដោយ​សូន​រូប​ព្រះ​ទេ​នោះ យើង​ក៏​មិន​ធ្វើ​ទោស​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​យើង​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - គឺ​អ្នក​រាល់​គ្នា​បញ្ឆេះ​កំហឹង​របស់​យើង​ដោយ​សូន​រូប​ព្រះ ជា​ហេតុ​បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ដោយ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​យើង​ទេ​នោះ យើង​នឹង​ចាត់​គេ​ទៅ​ហៅ​ប្រជា‌ជាតិ​ទាំង​អស់ ដែល​នៅ​ស្រុក​ខាង​ជើង ព្រម​ទាំង​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​នឹង​បង្គាប់​អ្នក​ទាំង​នោះ​ឲ្យ​វាយ​លុក​ស្រុក​នេះ និង​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ។ ពួក​គេ​នឹង​បំផ្លាញ​ស្រុក​ទាំង​នោះ​ថ្វាយ​ផ្ដាច់​ដល់​យើង ហើយ​ធ្វើ​ឲ្យ​ស្រុក​ទាំង​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន រហូត​ត​ទៅ។ ពេល​មនុស្ស‌ម្នា​ឃើញ​មហន្ត‌រាយ​ដែល​កើត​មាន គេ​ស្រឡាំង‌កាំង​គ្រប់ៗ​គ្នា។ យើង​នឹង​ធ្វើ​ឲ្យ​សម្រែក​ក្អាក‌ក្អាយ ព្រម​ទាំង​ចម្រៀង​របាំ​ដ៏​សប្បាយ និង​បទ​ចម្រៀង​អាពាហ៍‌ពិពាហ៍​របស់​គូ​ស្វាមី​ភរិយា​លែង​ឮ​ក្នុង​ចំណោម​ពួក​គេ ហើយ​សំឡេង​ត្បាល់​កិន និង​ពន្លឺ​ចង្កៀង​ក៏​លែង​មាន​ទៀត​ដែរ។ ស្រុក​នេះ​ទាំង​មូល​នឹង​ត្រូវ​អន្តរាយ វិនាស​ហិន‌ហោច ហើយ​ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ទៅ​ជា​ចំណុះ​ស្ដេច​ស្រុក​បាប៊ី‌ឡូន អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ។ លុះ​រយៈ​ពេល​ចិត‌សិប​ឆ្នាំ​កន្លង​ផុត​ទៅ យើង​នឹង​ដាក់​ទោស​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​ប្រជា‌ជាតិ​នេះ ព្រោះ​តែ​អំពើ​ឧក្រិដ្ឋ​របស់​ពួក​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​ខាល់ដេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន រហូត​ត​ទៅ។