យេរេមា 3
3
អ៊ីស្រាអែលប្រៀបបាននឹងស្រីពេស្យាដែលមិនដូរគំនិត
1ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ពេលបុរសម្នាក់លែងលះភរិយា
ហើយភរិយាចាកចេញទៅមានប្ដីមួយទៀត
បុរសនោះអាចវិលទៅរកនាងវិញបានឬ?
ទេ បើធ្វើដូច្នេះ
ស្រុកទេសមុខជាត្រូវសៅហ្មងមិនខាន។
អ៊ីស្រាអែលអើយ ចំណែកឯអ្នកវិញ
អ្នកបានទៅផិតក្បត់ជាមួយព្រះជាច្រើន
តើអ្នកចង់ឲ្យយើងទទួលអ្នកវិញឬ?
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
2ចូរក្រឡេកមើលទៅកំពូលភ្នំមើល៍
តើមានកន្លែងណាមួយដែលអ្នកពុំបាន
ផិតក្បត់យើង?
អ្នកអង្គុយតាមផ្លូវ ទន្ទឹងរង់ចាំគូកំណាន់ចិត្ត
របស់អ្នក ដូចអារ៉ាប់អង្គុយនៅវាលរហោស្ថាន
អ្នកបានធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង
ព្រោះតែអំពើផិតក្បត់ និងអំពើប្រាសចាក
សីលធម៌ដែលអ្នកប្រព្រឹត្ត។
3ហេតុនេះហើយបានជាយើងមិនព្រមឲ្យ
មានរលឹម និងមានភ្លៀងធ្លាក់ទាល់តែសោះ
ប៉ុន្តែ អ្នកនៅតែចចេសផិតក្បត់តទៅទៀត
អ្នកមិនព្រមទទួលសារភាពកំហុសទេ។
4ឥឡូវនេះ អ្នកបែរជាហ៊ានអង្វរយើងថា
“ឱព្រះបិតាអើយ ព្រះអង្គបានស្រឡាញ់ខ្ញុំម្ចាស់
តាំងពីខ្ញុំម្ចាស់នៅក្មេងម៉្លេះ!
5តើព្រះអង្គនៅតែព្រះពិរោធនឹងខ្ញុំម្ចាស់
ដល់កាលណា? ព្រះអង្គចងគំនុំរហូតឬ?”។
អ្នកពោលដូច្នេះ
តែអ្នកពូកែប្រព្រឹត្តអាក្រក់ណាស់»។
ចូរកែប្រែចិត្តគំនិតឡើង!
6 នៅរជ្ជកាលព្រះបាទយ៉ូសៀស ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ្នកឃើញទេ តើអ៊ីស្រាអែលចិត្តសាវានោះបានធ្វើអ្វីខ្លះ? គឺនាងឡើងទៅគ្រប់ទីកន្លែងនៅលើភ្នំខ្ពស់ៗ និងចូលទៅក្រោមម្លប់ដើមឈើដ៏ធំៗ ដើម្បីប្រព្រឹត្តអំពើផិតក្បត់។ 7យើងគិតថា ពេលណានាងប្រព្រឹត្តអំពើទាំងនោះរួចហើយ នាងមុខជាវិលមករកយើងវិញមិនខាន។ ប៉ុន្តែ អ៊ីស្រាអែលពុំបានវិលត្រឡប់មកវិញទេ យូដាជាប្អូនដែលផិតក្បត់ ក៏បានឃើញដែរ។ 8យើងបានលែងលះអ៊ីស្រាអែលដែលមានចិត្តសាវា ព្រោះតែអំពើប្រាសចាកសីលធម៌របស់នាង។ យើងក៏បានចេញលិខិតលែងលះឲ្យដែរ។ ប៉ុន្តែ យើងឃើញថា យូដាជាប្អូនដែលផិតក្បត់ មិនញញើតកោតខ្លាចឡើយ នាងក៏ទៅប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែរ។ 9ដោយសារអ៊ីស្រាអែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ គឺផិតក្បត់ជាមួយព្រះដែលធ្វើពីថ្ម និងពីឈើ ស្រុករបស់គេបានក្លាយទៅជាសៅហ្មង។ 10ទោះបីយ៉ាងនេះក្ដី យូដា ជាប្អូនដែលផិតក្បត់ មិនបានវិលមករកយើងដោយចិត្តស្មោះឡើយ គឺគេគ្រាន់តែនិយាយប៉ុណ្ណោះ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
11 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ៊ីស្រាអែលសាវាគ្រាន់បើជាង យូដាដែលផិតក្បត់។ 12ដូច្នេះ ចូរនាំពាក្យនេះទៅប្រកាសនៅទិសខាងជើងថា៖
អ៊ីស្រាអែលសាវាអើយ ចូរវិលមកវិញ
យើងនឹងមិនប្រកាន់ទោសនាងទៀតទេ
ដ្បិតយើងមានមេត្តាករុណា
យើងមិនចងកំហឹងរហូតតទៅឡើយ។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13ចូរទទួលស្គាល់កំហុសរបស់ខ្លួន
តែប៉ុណ្ណោះបានហើយ
គឺនាងបានបះបោរប្រឆាំងនឹងព្រះអម្ចាស់
ជាព្រះរបស់នាង
នាងបានរត់ទៅរកព្រះដទៃគ្រប់ទីកន្លែង
គឺនៅក្រោមដើមឈើណាដែលមានស្លឹកខៀវខ្ចី
ហើយនាងពុំបានស្ដាប់សំឡេងយើងទេ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
14 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «កូនចៅដែលក្បត់ចិត្តយើងអើយ! ចូរនាំគ្នាវិលត្រឡប់មកវិញ ដ្បិតយើងនៅតែជាម្ចាស់របស់អ្នករាល់គ្នា។ យើងនឹងយកម្នាក់ពីក្រុងមួយ ហើយយកពីរនាក់ទៀតពីកុលសម្ព័ន្ធមួយ ដើម្បីនាំអ្នករាល់គ្នាមកក្រុងស៊ីយ៉ូនវិញ។ 15យើងនឹងតែងតាំងមេដឹកនាំដែលគាប់ចិត្តយើង ឲ្យមកថែទាំអ្នករាល់គ្នាដោយយកចិត្តទុកដាក់ និងប្រកបដោយប្រាជ្ញា។
16នៅគ្រានោះ កាលណាអ្នករាល់គ្នាកើនចំនួនឡើងបានច្រើននៅក្នុងស្រុកហើយ នឹងលែងមានគេនិយាយអំពីហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ទៀត ហើយក៏គ្មាននរណានឹកនា រវីរវល់ចាប់អារម្មណ៍អំពីហិបដែលបាត់ទៅនោះដែរ។ គេមិនធ្វើហិបនោះឡើងវិញទេ។ 17នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡឹមថា “បល្ល័ង្ករបស់ព្រះអម្ចាស់” ប្រជាជាតិទាំងអស់នឹងមកមូលគ្នានៅក្រុងយេរូសាឡឹមនេះ ដើម្បីជួបព្រះអម្ចាស់។ ពួកគេឈប់ចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួនទៀតហើយ។ 18នៅគ្រានោះ ជនជាតិយូដានឹងរួបរួមជាមួយជនជាតិអ៊ីស្រាអែល ហើយពួកគេនឹងធ្វើដំណើរជាមួយគ្នា ពីស្រុកខាងជើងមកដល់ទឹកដី ដែលយើងបានប្រគល់ឲ្យបុព្វបុរសរបស់គេទុកជាមត៌ក។
19យើងគិតថា យើងសប្បាយចិត្ត
នឹងចាត់ទុកអ្នកជាកូនប្រុសប្រសើរជាងគេ
ព្រមទាំងប្រគល់ស្រុកដ៏ល្អប្រណីតជាងគេ
ក្នុងចំណោមប្រជាជាតិទាំងឡាយឲ្យអ្នក។
យើងគិតថា អ្នកនឹងហៅយើងថា “ព្រះបិតា”
ហើយអ្នកនឹងមិនងាកចេញពីយើងទៀតទេ។
20ប៉ុន្តែ ជនជាតិអ៊ីស្រាអែលអើយ
អ្នករាល់គ្នាបានក្បត់ចិត្តយើង
ដូចស្ត្រីក្បត់ចិត្តប្ដីដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21មានសំឡេងលាន់ឮឡើង នៅតាមកំពូលភ្នំ
គឺជាសម្រែកយំសោក និងសម្រែកអង្វរករ
របស់ជនជាតិអ៊ីស្រាអែល
ដ្បិតពួកគេបានវង្វេងចេញពីមាគ៌ា
គេបានបំភ្លេចព្រះអម្ចាស់ ជាព្រះរបស់គេ។
22កូនចៅដែលក្បត់ចិត្តយើងអើយ!
ចូរនាំគ្នាវិលត្រឡប់មកវិញ
យើងប្រោសឲ្យអ្នករាល់គ្នា
លែងមានចិត្តសាវាទៀត។
“យើងខ្ញុំមករកព្រះអង្គហើយ
ដ្បិតព្រះអង្គជាព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ។
23យើងខ្ញុំបានវង្វេងទៅគោរពព្រះក្លែងក្លាយ
នៅលើកំពូលភ្នំ
យើងខ្ញុំទៅតាមសំឡេងហ៊ោកញ្ជ្រៀវលើភ្នំខ្ពស់ៗ។
មានតែព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំប៉ុណ្ណោះ
ដែលអាចសង្គ្រោះអ៊ីស្រាអែលបាន។
24តាំងពីយើងខ្ញុំនៅក្មេង
ព្រះគម្រក់បានធ្វើឲ្យអ្វីៗ
ដែលដូនតារបស់យើងខ្ញុំបានសន្សំ
វិនាសហិនហោចអស់
គឺទាំងហ្វូងចៀម និងហ្វូងគោ
ទាំងកូនប្រុស និងកូនស្រី។
25សេចក្ដីអាម៉ាស់ធ្វើឲ្យយើងខ្ញុំងើបមុខមិនរួច
ការបាក់មុខគ្របសង្កត់លើយើងខ្ញុំ។
តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ
យើងខ្ញុំ និងដូនតារបស់យើងខ្ញុំ
បានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់
ជាព្រះនៃយើងខ្ញុំ
យើងខ្ញុំពុំបានស្ដាប់ព្រះសូរសៀង
របស់ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំឡើយ”»។
ទើបបានជ្រើសរើសហើយ៖
យេរេមា 3: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.