យេរេមា 36
36
ស្ដេចយេហូយ៉ាគីមដុតក្រាំងរបស់ព្យាការីយេរេមា
1 នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយេហូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូសៀស ស្ដេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖
2«ចូរសរសេរសេចក្ដីទាំងប៉ុន្មាន ដែលយើងបានប្រាប់អ្នកស្ដីអំពីប្រជាជាតិអ៊ីស្រាអែល ប្រជាជាតិយូដា និងប្រជាជាតិទាំងអស់ ចាប់ពីថ្ងៃដែលយើងបាននិយាយជាមួយអ្នក នៅរជ្ជកាលស្ដេចយ៉ូសៀស រហូតមកដល់សព្វថ្ងៃ ទុកនៅក្នុងក្រាំងមួយ។ 3ជនជាតិយូដាប្រហែលជាដឹងខ្លួនថា យើងនឹងដាក់ទោសពួកគេ ហើយពួកគេប្រហែលជានាំគ្នាងាកចេញពីផ្លូវអាក្រក់ ដើម្បីយើងលើកលែងទោសពួកគេឲ្យបានរួចពីបាប»។
4លោកយេរេមាហៅលោកបារូក ជាកូនរបស់លោកនេរីយ៉ាមក ហើយលោកយេរេមាក៏ថ្លែងឲ្យលោកបារូកសរសេរតាម នូវសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលមកលោក។ 5បន្ទាប់មក លោកយេរេមាបញ្ជាទៅលោកបារូកថា៖ «ខ្ញុំមិនអាចទៅព្រះដំណាក់របស់ព្រះអម្ចាស់នៅពេលនេះបានឡើយ។ 6នៅថ្ងៃធ្វើពិធីតមអាហារ ចូរអ្នកទៅព្រះវិហារ ហើយអានព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលខ្ញុំបង្គាប់ឲ្យអ្នកសរសេរក្នុងក្រាំងនេះ ឲ្យប្រជាជនស្ដាប់។ ចូរអានឲ្យប្រជាជនទាំងអស់ដែលមកពីក្រុងនានាក្នុងស្រុកយូដាស្ដាប់ដែរ។ 7ពួកគេប្រហែលជានាំគ្នាទូលអង្វរព្រះអម្ចាស់ ហើយងាកចេញពីផ្លូវអាក្រក់ ដ្បិតព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំងទាស់នឹងប្រជាជននេះ»។
8លោកបារូក ជាកូនរបស់លោកនេរីយ៉ា ធ្វើតាមពាក្យទាំងប៉ុន្មាន ដែលព្យាការីយេរេមាបង្គាប់ គឺគាត់ទៅព្រះវិហារ ហើយអានព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមានសរសេរទុកនៅក្នុងក្រាំង។
9ក្នុងឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទយេហូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូសៀស ជាស្ដេចស្រុកយូដា នៅខែទីប្រាំបួន គេបានប្រកាសឲ្យប្រជាជននៅក្រុងយេរូសាឡឹម និងប្រជាជនដែលមកពីក្រុងនានាក្នុងស្រុកយូដា តមអាហារ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ 10លោកបារូកអានសេចក្ដីដែលលោកយេរេមាបង្គាប់ឲ្យគាត់សរសេរទុកនៅក្នុងក្រាំង ឲ្យប្រជាជនទាំងអស់ស្ដាប់នៅក្នុងព្រះវិហារ។ គាត់នៅក្នុងបន្ទប់របស់លោកកេម៉ារា ជាកូនរបស់លោកសាផាន និងជាស្មៀនហ្លួង បន្ទប់នោះស្ថិតនៅទីធ្លាខាងលើ ជិតទ្វារថ្មីនៃព្រះដំណាក់របស់ព្រះអម្ចាស់។ 11កាលលោកមីកា ជាកូនរបស់លោកកេម៉ារា និងជាចៅរបស់លោកសាផាន ឮព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ដែលមានសរសេរក្នុងក្រាំងនោះ 12គាត់ក៏ចុះទៅវាំង ហើយចូលក្នុងការិយាល័យរបស់ស្មៀនហ្លួង។ ពេលនោះ ពួកមន្ត្រីទាំងអស់កំពុងជួបជុំគ្នា គឺមានលោកអេលីសាម៉ាជាស្មៀនហ្លួង លោកដេឡាយ៉ា ជាកូនរបស់លោកសេម៉ាយ៉ា លោកអែលណាថាន ជាកូនរបស់លោកអកបោរ លោកកេម៉ារា ជាកូនរបស់លោកសាផាន និងលោកសេដេគា ជាកូនរបស់លោកហាណានា ព្រមទាំងមន្ត្រីឯទៀតៗ។ 13លោកមីការៀបរាប់នូវសេចក្ដីទាំងប៉ុន្មាន ដែលគាត់បានឮលោកបារូកអានឲ្យប្រជាជនស្ដាប់។
14ពេលនោះ គណៈរដ្ឋមន្ត្រីចាត់លោកយេហ៊ូឌី ជាកូនរបស់លោកនេថានា ជាចៅរបស់លោកសេលេមា និងជាចៅទួតរបស់លោកគូស៊ី ឲ្យទៅជួបលោកបារូក ប្រាប់ថា៖ «ចូរយកក្រាំងដែលអ្នកអានឲ្យប្រជាជនស្ដាប់នោះមក!»។ លោកបារូក ជាកូនរបស់លោកនេរីយ៉ា ក៏យកក្រាំងទៅជួបពួកមន្ត្រី។ 15ពួកគេបង្គាប់គាត់ថា៖ «សុំអង្គុយចុះ អានឲ្យយើងស្ដាប់!»។ លោកបារូកក៏អានឲ្យពួកលោកស្ដាប់។ 16ពេលឮព្រះបន្ទូលទាំងនោះ ពួកគេសម្លឹងមើលមុខគ្នាទៅវិញទៅមក ទាំងតក់ស្លុត រួចហើយពួកគេពោលទៅលោកបារូកថា៖ «យើងត្រូវតែនាំសេចក្ដីទាំងនេះទៅទូលព្រះរាជាឲ្យបានជ្រាប»។ 17ពួកគេសួរលោកបារូកទៀតថា៖ «ប្រាប់យើងមើល តើអ្នកសរសេរពាក្យទាំងនេះរបៀបណា?»។ 18លោកបារូកតបថា៖ «លោកយេរេមាបានថ្លែងពាក្យទាំងនេះប្រាប់ខ្ញុំប្របាទ ហើយខ្ញុំប្របាទក៏យកទឹកខ្មៅមកសរសេរទុកក្នុងក្រាំងនេះ»។ 19ពួកមន្ត្រីពោលទៅលោកបារូកថា៖ «ចូរអ្នកទៅរកកន្លែងពួនទៅ ហើយលោកយេរេមាក៏ត្រូវពួនដែរ កុំឲ្យនរណាដឹងថា អ្នកទាំងពីរនៅកន្លែងណាឡើយ»។
20បន្ទាប់មក ពួកមន្ត្រីទុកក្រាំងនោះនៅក្នុងការិយាល័យរបស់លោកអេលីសាម៉ា ជាស្មៀនហ្លួង រួចនាំគ្នាទៅគាល់ព្រះរាជា ហើយទូលថ្វាយអំពីព្រះបន្ទូលទាំងនោះ។ 21ព្រះរាជាចាត់លោកយេហ៊ូឌីឲ្យទៅយកក្រាំងនោះមក។ លោកយេហ៊ូឌីក៏ទៅយកក្រាំងពីការិយាល័យរបស់លោកអេលីសាម៉ា ជាស្មៀនហ្លួង ហើយអានឲ្យព្រះរាជា និងមន្ត្រីទាំងអស់ដែលឈរអមព្រះរាជាស្ដាប់។ 22ពេលនោះ ព្រះរាជាគង់នៅក្នុងដំណាក់សម្រាប់រដូវរងា (ព្រោះជាខែទីប្រាំបួន) ហើយអាំងភ្លើងនឹងជើងក្រានមួយដែលនៅក្បែរនោះ។ 23ពេលលោកយេហ៊ូឌីអានបានបី ឬបួនទំព័រ ស្ដេចយកកន្ត្រៃរបស់ស្មៀនហ្លួងមកកាត់ទំព័រនោះ បោះទៅក្នុងជើងក្រាន។ ស្ដេចធ្វើដូច្នេះបន្តិចម្ដងៗរហូតដល់អស់ក្រាំង។ 24ព្រះរាជា និងនាម៉ឺនសព្វមុខមន្ត្រី បានឮព្រះបន្ទូលទាំងនោះ តែគ្មាននរណាភ័យញ័ររន្ធត់ ឬហែកសម្លៀកបំពាក់របស់ខ្លួនទេ។ 25លោកអែលណាថាន លោកដេឡាយ៉ា និងលោកកេម៉ារា ទទូចអង្វរព្រះរាជា សូមកុំឲ្យដុតក្រាំងនោះដែរ តែស្ដេចពុំស្ដាប់ពាក្យលោកទាំងបីឡើយ។ 26ព្រះរាជាបង្គាប់ទៅសម្ដេចយេរ៉ាមែល ជាបុត្រ និងលោកសេរ៉ាយ៉ា ជាកូនរបស់លោកអាសរាល ព្រមទាំងលោកសេលេមា ជាកូនរបស់លោកអាប់ឌាល ឲ្យទៅចាប់ព្យាការីយេរេមា និងលោកបារូកជាស្មៀន តែព្រះអម្ចាស់បានលាក់លោកទាំងពីរ។
27ក្រោយពេលព្រះរាជាដុតក្រាំង ដែលលោកយេរេមាបានបង្គាប់ឲ្យលោកបារូកសរសេរនោះមក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖ 28«ចូរយកក្រាំងមួយទៀតមក រួចសរសេរសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងក្រាំងមុន គឺក្រាំងដែលយេហូយ៉ាគីមជាស្ដេចស្រុកយូដា បានដុតចោលនោះ។ 29បន្ទាប់មក ចូរប្រកាសប្រឆាំងនឹងយេហូយ៉ាគីម ជាស្ដេចស្រុកយូដាដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា “អ្នកបានដុតក្រាំងនោះ ទាំងបន្ទោសយេរេមាដែលបានសរសេរថា ស្ដេចស្រុកបាប៊ីឡូនពិតជាមកកម្ទេចស្រុកនេះ ហើយបំផ្លាញជីវិតមនុស្ស និងសត្វ។ 30ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងយេហូយ៉ាគីម ជាស្ដេចស្រុកយូដាថា: គ្មានពូជពង្សណាម្នាក់របស់យេហូយ៉ាគីម ស្នងរាជ្យស្ដេចដាវីឌទេ។ សាកសពរបស់យេហូយ៉ាគីមនឹងត្រូវគេទុកចោលហាលថ្ងៃហាលភ្លៀង។ 31យើងនឹងដាក់ទោសយេហូយ៉ាគីម និងពូជពង្ស ព្រមទាំងពួកនាម៉ឺន ព្រោះតែអំពើទុច្ចរិតរបស់ពួកគេ។ យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់អ្នកទាំងនោះ ព្រមទាំងអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដា ដូចយើងបានប្រកាសទុក តែពួកគេពុំបានស្ដាប់យើងទេ”»។
32លោកយេរេមាយកក្រាំងមួយទៀតប្រគល់ឲ្យលោកបារូក ជាកូនរបស់លោកនេរីយ៉ា និងជាស្មៀន។ លោកយេរេមាថ្លែងសេចក្ដីទាំងប៉ុន្មានក្នុងក្រាំងដែលព្រះបាទយេហូយ៉ាគីម ជាស្ដេចស្រុកយូដា បានដុតចោល ឲ្យលោកបារូកសរសេរតាម។ លោកបន្ថែមសេចក្ដីជាច្រើនទៀត ដែលមានន័យស្រដៀងគ្នា ទៅក្នុងក្រាំងថ្មីនេះដែរ។
ទើបបានជ្រើសរើសហើយ៖
យេរេមា 36: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: