យេរេមា 49:7-39

យេរេមា 49:7-39 គខប

នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ស្រុក​អេដុម។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​នៅ​ក្រុង​ថេម៉ាន​លែង​មាន​ប្រាជ្ញា​ហើយ​ឬ? តើ​ប្រជា‌ជន​នៅ​ក្រុង​នេះ​បាត់​បង់ គំនិត​យោបល់​អស់​ហើយ​ឬ? តើ​ពួក​គេ​អាប់​ប្រាជ្ញា​ឬ? អ្នក​ក្រុង​ដេដាន់​អើយ ចូរ​នាំ​គ្នា​រត់ ចូរ​ចាក​ចេញ​ពី​ទី​នេះ ចូរ​នាំ​គ្នា​ពួន​ក្នុង​រូង​ភ្នំ​ទៅ! ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​មហន្ត‌រាយ​កើត​មាន ដល់​ពូជ‌ពង្ស​របស់​អេសាវ គឺ​ដល់​ពេល​យើង​វិនិច្ឆ័យ​ទោស​គេ​ហើយ។ ប្រសិន​បើ​ពួក​បេះ​ផ្លែ​ទំពាំង‌បាយជូរ មក​ដល់​ស្រុក​អ្នក គេ​មិន​ទុក​ឲ្យ​មាន​ផ្លែ​នៅ​សល់​ឡើយ។ ប្រសិន​បើ​ពួក​ចោរ​ចូល​ប្លន់​អ្នក​នៅ​ពេល​យប់ គេ​នឹង​យក​អ្វីៗ​ដែល​គេ​អាច​យក​បាន។ យើង​នឹង​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​អេសាវ យើង​នឹង​បើក​កកាយ​កន្លែង​ដែល​គេ​ពួន គឺ​គេ​ពុំ​អាច​ពួន​ត​ទៅ​ទៀត​បាន​ឡើយ។ ពូជ‌ពង្ស បងប្អូន ព្រម​ទាំង​អ្នក​ជិត​ខាង​របស់​គេ នឹង​ត្រូវ​អន្តរាយ។ គ្មាន​នៅ​សល់​នរណា​ម្នាក់​ពោល​ថា: “កុំ​ព្រួយ​បារម្ភ​នឹង​កូន​អ្នក​ដែល​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​ចិញ្ចឹម​ពួក​វា ប្រពន្ធ​របស់​អ្នក​ដែល​នៅ​មេម៉ាយ ក៏​អាច​ទុក​ចិត្ត​លើ​ខ្ញុំ​ដែរ”»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​អ្នក​ដែល​មិន​ត្រូវ​ផឹក​ពី​ពែង​នៃ​ទុក្ខ​លំបាក​នេះ ក៏​យើង​ដាក់​ទោស​ឲ្យ​ផឹក​ដែរ។ ចុះ​អ្នក​វិញ តើ​អ្នក​ស្មាន​ថា​អាច​រួច​ខ្លួន​ឬ? ទេ អ្នក​ពុំ​អាច​រួច​ខ្លួន​បាន​ឡើយ អ្នក​ត្រូវ​តែ​ផឹក! យើង​សុំ​ស្បថ​ក្នុង​នាម​យើង​ផ្ទាល់​ថា ក្រុង​បូសរ៉ា​នឹង​ត្រូវ​វិនាស​អន្តរាយ​ក្លាយ​ទៅ​ជា​ទី​ស្មសាន និង​ជា​គំនរ​បាក់​បែក។ ប្រជា‌ជន​ឯ​ទៀតៗ​នឹង​យក​ឈ្មោះ​ក្រុង​នេះ​ទៅ​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា។ ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជុំ‌វិញ​ក្រុង​បូសរ៉ា នឹង​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក​រហូត​ត​ទៅ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់ប្រទាន​ដំណឹង​មក​ខ្ញុំ ព្រះអង្គ​ចាត់​អ្នក​នាំ​ពាក្យ​ម្នាក់​ឲ្យ​ទៅ ប្រកាស​ហៅ​ប្រជា‌ជាតិ​នានា​ថា ចូរ​ប្រមូល​គ្នា​មក​ប្រហារ​ស្រុក​អេដុម ចូរ​ក្រោក​ឡើង វាយ​លុក​ស្រុក​នេះ​ទៅ! «អេដុម​អើយ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ ជា​ប្រជា‌ជាតិ​មួយ​តូច​ជាង​គេ ជា​ប្រជា‌ជាតិ​ដែល​មនុស្ស​លោក​មើល‌ងាយ។ ចិត្ត​អួត‌អាង​របស់​អ្នក​បញ្ឆោត​ខ្លួន​ឯង តែ​គ្មាន​នរណា​ខ្លាច​អ្នក ដូច​អ្នក​នឹក​ស្មាន​នោះ​ទេ អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម និង​នៅ​តាម​កំពូល​ភ្នំ ប៉ុន្តែ ទោះ​បី​អ្នក​លើក​ទ្រនំ​របស់​អ្នក ឲ្យ​ខ្ពស់​ដូច​ទ្រនំ​សត្វ​ឥន្ទ្រី​ក្ដី ក៏​យើង​នឹង​ច្រាន​អ្នក​ឲ្យ​ធ្លាក់​ចុះ​ដល់​ដី​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ «ស្រុក​អេដុម​នឹង​វិនាស​ហិន‌ហោច អស់​អ្នក​ដែល​ដើរ​ក្បែរ​នោះ​នឹង​ព្រឺ​សម្បុរ ហើយ​ស្រឡាំង‌កាំង ដោយ​ឃើញ​សំណល់​បាក់​បែក​ទាំង​ប៉ុន្មាន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ស្រុក​អេដុម​ប្រៀប​បាន​នឹង​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ព្រម​ទាំង​ក្រុង​ឯ​ទៀតៗ​នៅ​ជុំ‌វិញ ដែល​ត្រូវ​វិនាស​អន្តរាយ គឺ​នឹង​គ្មាន​ប្រជា‌ជន​រស់​នៅ ហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​ជ្រក​អាស្រ័យ​នៅ​ដែរ។ សត្វ​សិង្ហ​លោត​ចេញ​ពី​មាត់​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​គុម្ពោត​ព្រៃ​រហ័ស​យ៉ាង​ណា យើង​ក៏​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​រត់​ចេញ​ពី ស្រុក​អេដុម​រហ័ស​យ៉ាង​នោះ​ដែរ។ យើង​នឹង​តែង‌តាំង​អ្នក​គ្រប់‌គ្រង​ដែល​យើង​បាន ជ្រើស​រើស​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​នេះ។ តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​យើង? តើ​នរណា​ហ៊ាន​ប្ដឹង​យើង? តើ​អ្នក​ដឹក​នាំ​ណា​អាច​ប្រឆាំង​នឹង​យើង?»។ ហេតុ​នេះ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​ការ​ដែល ព្រះ‌អម្ចាស់​សម្រេច​ធ្វើ​ចំពោះ​ស្រុក​អេដុម និង​គម្រោង‌ការ​ដែល​ព្រះអង្គ​គ្រោង​ទុក ដើម្បី​ដាក់​ទោស​អ្នក​ក្រុង​ថេម៉ាន! សត្រូវ​ពិត​ជា​នាំ​អ្នក​ស្រុក​នេះ​ចេញ​ទៅ ដូច​កូន​ចៀម​ដែល​គេ​កៀរ​យក​ទៅ ព្រម​ទាំង​បំផ្លាញ​ស្រុក​ភូមិ​របស់​ពួក​គេ ឲ្យ​ហិន‌ហោច​ទៀត​ផង។ ពេល​ស្រុក​អេដុម​រលំ ផែនដី​ក៏​កក្រើក សម្រែក​របស់​គេ​លាន់​ឮ​រហូត​ដល់​សមុទ្រ​កក់។ សត្រូវ​មក​វាយ​ប្រហារ ដូច​ខ្លែង​សំកាំង​ស្លាប​លើ​ក្រុង​បូសរ៉ា នៅ​ថ្ងៃ​នោះ ចិត្ត​របស់​ទាហាន​ដ៏​អង់‌អាច នៃ​ជន‌ជាតិ​អេដុម នឹង​ឈឺ​ចុក​ចាប់ ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន»។ នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ក្រុង​ដាម៉ាស។ «អ្នក​ក្រុង​ហា‌ម៉ាត់ និង​អ្នក​ក្រុង​អើផាត ត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​ទទួល​ដំណឹង​មិន​ល្អ ពួក​គេ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង ពួក​គេ​អន្ទះ‌អន្ទែង​ដូច​ទឹក​សមុទ្រ​ពុះ​កញ្ជ្រោល គ្មាន​នរណា​អាច​ធ្វើ​ឲ្យ​ស្ងប់​បាន​ឡើយ។ អ្នក​ក្រុង​ដាម៉ាស​ធ្លាក់​ទឹក​ចិត្ត ហើយ​បែរ​ក្រោយ ដើម្បី​រត់​គេច​ខ្លួន ពួក​គេ​ភ័យ​តក់‌ស្លុត​ឈឺ​ចុក​ចាប់ អន្ទះ‌អន្ទែង​ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន។ តើ​ក្រុង​ដ៏​ល្បី‌ល្បាញ ក្រុង​ដ៏​សប្បាយ​នេះ ត្រូវ​គេ​បោះ​បង់​ចោល​មែន​ឬ? នៅ​ថ្ងៃ​នោះ ពួក​យុវជន​ដួល​ស្លាប់​នៅ​តាម​ផ្លូវ ទាហាន​ទាំង​អស់​ក៏​បាត់​បង់​ជីវិត​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។ យើង​នឹង​ដុត​កំពែង​ក្រុង​ដាម៉ាស ហើយ​ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​វិមាន​របស់ ស្ដេច​បេនហា‌ដាដ»។ នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ស្រុក​កេដារ និង​នគរ​ទាំង​ប៉ុន្មាន​នៅ​ហា‌សោរ ដែល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន វាយ​យក​បាន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​វាយ​លុក​ស្រុក​កេដារ ចូរ​កម្ទេច​ពួក​អ្នក​ស្រុក​ខាង​កើត​នោះ ឲ្យ​អន្តរាយ​ទៅ! ចូរ​ដណ្ដើម​យក​ជំរំ និង​ហ្វូង​សត្វ​របស់​ពួក​គេ ព្រម​ទាំង​យក​ក្រណាត់​ដ៏​ក្រាស់ៗ អីវ៉ាន់ និង​ហ្វូង​អូដ្ឋ​របស់​ពួក​គេ​ដែរ។ ចូរ​ស្រែក​ដាក់​ពួក​គេ​ថា ការ​ព្រឺ​ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង! អ្នក​ស្រុក​ហា‌សោរ​អើយ ចូរ​នាំ​គ្នា​រត់​គេច​ខ្លួន​យ៉ាង​លឿន ហើយ​ពួន​ក្នុង​រូង​ភ្នំ​ទៅ! ដ្បិត​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​សម្រេច​រៀបចំ​គម្រោង‌ការ​វាយ​ប្រហារ អ្នក​រាល់​គ្នា​ហើយ។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ចូរ​ក្រោក​ឡើង​ទៅ​វាយ​លុក​ប្រជា‌ជាតិ ដែល​រស់​នៅ​យ៉ាង​សុខ‌សាន្ត គ្មាន​កង្វល់​អ្វី - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - ដ្បិត​ទី​លំ‌នៅ​របស់​គេ គ្មាន​ទ្វារ គ្មាន​រនុក​ទេ គេ​រស់​នៅ​ដាច់​តែ​ឯង។ ខ្មាំង​សត្រូវ​នឹង​ដណ្ដើម​យក​ហ្វូង​អូដ្ឋ​របស់​ពួក​គេ ព្រម​ទាំង​រឹប​អូស​យក​ហ្វូង​សត្វ​ដ៏​ច្រើន របស់​ពួក​គេ ទុក​ជា​ជយ‌ភណ្ឌ​ទៀត​ផង។ យើង​នឹង​កម្ចាត់​ប្រជា‌ជន​ដែល​កោរ​ជើង​សក់ ឲ្យ​ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស​តំបន់ យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ពី​គ្រប់​ទិស‌ទី កើត​មាន​ដល់​ពួក​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ស្រុក​ហា‌សោរ​នឹង​ក្លាយ​ទៅ​ជា​ជម្រក​របស់​ឆ្កែ​ព្រៃ ជា​ទី​ស្មសាន​រហូត​ត​ទៅ គឺ​នឹង​គ្មាន​ប្រជា‌ជន​រស់​នៅ ហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​ជ្រក​អាស្រ័យ នៅ​ទៀត​ដែរ»។ នៅ​ដើម​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមា ស្ដី​អំពី​ស្រុក​អេឡាំ​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​កាច់​បំបាក់​ធ្នូ ជា​អាវុធ​ដ៏​ល្បី‌ល្បាញ របស់​ជន‌ជាតិ​អេឡាំ។ យើង​នឹង​ធ្វើ​ឲ្យ​ខ្យល់​ទាំង​បួន​ទិស បក់​មក​លើ​ស្រុក​អេឡាំ យើង​ឲ្យ​ខ្យល់​ទាំង​នោះ​កម្ចាត់​ពួក​គេ ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស‌ទី ជន‌ជាតិ​អេឡាំ​ទៅ​នៅ​ក្នុង​ចំណោម ប្រជា‌ជាតិ​ទាំង​អស់ ឥត​ចន្លោះ​ណា​មួយ​ឡើយ។ យើង​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេឡាំ​ញ័រ​រន្ធត់ នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ និង​នៅ​ចំពោះ​មុខ អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ យើង​នឹង​នាំ​ទុក្ខ​វេទនា​មក​លើ​ពួក​គេ ដោយ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - យើង​នឹង​ឲ្យ​ដាវ​ទៅ​តាម​ប្រហារ​ពួក​គេ រហូត​ទាល់​តែ​ប្រល័យ​ជីវិត​ពួក​គេ អស់​គ្មាន​សល់។ យើង​នឹង​មក​គ្រង​រាជ្យ​លើ​ស្រុក​អេឡាំ យើង​នឹង​ប្រហារ​ជីវិត​ស្ដេច និង​នាម៉ឺន​របស់​ពួក​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់- ប៉ុន្តែ នៅ​គ្រា​ក្រោយ យើង​នឹង​ស្ដារ​ស្រុក​អេឡាំ​ឡើង​វិញ»។