យ៉ូហាន 17

17
ព្រះ‌យេស៊ូ​ទូល‌អង្វរ​ឲ្យ​ពួក​សិស្ស
1កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ទត​ទៅ​លើ​មេឃ​មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌បិតា ឥឡូវ​នេះ​ដល់​ពេល​កំណត់​ហើយ សូម​សម្តែង​សិរី‌រុងរឿង​របស់​បុត្រ​ឡើង ដើម្បី​ឲ្យ​បុត្រ​សម្តែង​សិរី‌រុងរឿង​របស់​ព្រះ‌បិតា​ដែរ។ 2ព្រះអង្គ​បាន​ប្រទាន​ឲ្យ​បុត្រ​មាន​អំណាច​លើ​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​បុត្រ​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច​ដល់​អស់​អ្នក ដែល​ព្រះអង្គ​ប្រទាន​មក​បុត្រ។ 3រីឯ​ជីវិត​អស់‌កល្ប​ជានិច្ច​នោះ​គឺ​ឲ្យ​គេ​ស្គាល់​ព្រះអង្គ ដែល​ជា​ព្រះ‌ជាម្ចាស់​ដ៏​ពិត​តែ​មួយ​គត់ និង​ឲ្យ​គេ​ស្គាល់​ព្រះ‌យេស៊ូ​គ្រិស្ត* ដែល​ព្រះអង្គ​ចាត់​ឲ្យ​មក។ 4ទូលបង្គំ​បាន​សម្តែង​សិរី‌រុងរឿង​របស់​ព្រះអង្គ​នៅ​លើ​ផែនដី ហើយ​ទូលបង្គំ​ក៏​បាន​បង្ហើយ​កិច្ចការ ដែល​ព្រះអង្គ​បញ្ជា​ឲ្យ​ទូលបង្គំ​ធ្វើ​នោះ​ចប់​សព្វ​គ្រប់​ដែរ។ 5ព្រះ‌បិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ទូលបង្គំ​ឲ្យ​មាន​សិរី‌រុងរឿង​នៅ​ជិត​ព្រះអង្គ គឺ​សិរី‌រុងរឿង​ដែល​ទូលបង្គំ​ធ្លាប់​មាន​នៅ​ជិត​ព្រះអង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។
6ទូលបង្គំ​បាន​សម្តែង​ព្រះ‌នាម​របស់​ព្រះអង្គ​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​ញែក​ចេញ​ពី​លោក​នេះ​ប្រទាន​មក​ទូលបង្គំ​ស្គាល់​ហើយ។ អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ ព្រះអង្គ​ប្រទាន​គេ​មក​ឲ្យ​ទូលបង្គំ ហើយ​គេ​បាន​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ 7ឥឡូវ​នេះ អ្នក​ទាំង​នោះ​ដឹង​ថា អ្វីៗ​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ សុទ្ធ​តែ​មក​ពី​ព្រះអង្គ​ទាំង​អស់ 8ដ្បិត​ទូលបង្គំ​បាន​ប្រគល់​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​ទៅ​ឲ្យ​គេ គេ​បាន​ទទួល​ព្រះ‌បន្ទូល​ទាំង​នោះ ហើយ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា ទូលបង្គំ​បាន​ចេញ​មក​ពី​ព្រះអង្គ​មែន ព្រម​ទាំង​ជឿ​ថា​ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​ទៀត​ផង។
9ទូលបង្គំ​សូម​អង្វរ​ព្រះអង្គ​ឲ្យ​អ្នក​ទាំង​នោះ ទូលបង្គំ​មិន​អង្វរ​ព្រះអង្គ​ឲ្យ​មនុស្ស​លោក​ឡើយ គឺ​អង្វរ​ឲ្យ​តែ​អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​ប៉ុណ្ណោះ ព្រោះ​អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ។ 10អ្វីៗ​ជា​របស់​ព្រះអង្គ​ក៏​ជា​របស់​ទូលបង្គំ ហើយ​អ្វីៗ​ជា​របស់​ទូលបង្គំ​ក៏​ជា​របស់​ព្រះអង្គ​ដែរ។ ទូលបង្គំ​សម្តែង​សិរី‌រុងរឿង​ក្នុង​អ្នក​ទាំង​នោះ។ 11ទូលបង្គំ​មិន​នៅ​ក្នុង​លោក​នេះ​ទៀត​ទេ រីឯ​អ្នក​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​លោក​នៅ​ឡើយ ហើយ​ទូលបង្គំ​ទៅ​ឯ​ព្រះអង្គ​វិញ។ ឱ​ព្រះ‌បិតា​ដ៏វិសុទ្ធ​អើយ! សូម​ថែ‌រក្សា​អ្នក​ទាំង​នោះ​ដោយ​ព្រះ‌នាម​ព្រះអង្គ​ផង គឺ​ព្រះ‌នាម​នេះ​ហើយ​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ។ 12 កាល​ទូលបង្គំ​នៅ​ជា​មួយ​អ្នក​ទាំង​នោះ ទូលបង្គំ​បាន​ថែ‌រក្សា​គេ ដោយ​ព្រះ‌នាម​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ។ ទូលបង្គំ​បាន​ការពារ​គេ ហើយ​គ្មាន​នរណា​ត្រូវ​វិនាស​បាត់​បង់​ឡើយ លើក‌លែង​តែ​ម្នាក់​ដែល​ត្រូវ​វិនាស ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ប៉ុណ្ណោះ។ 13ឥឡូវ​នេះ ទូលបង្គំ​ទៅ​ឯ​ព្រះអង្គ​ហើយ ទូលបង្គំ​និយាយ​ដូច្នេះ ពេល​ទូលបង្គំ​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ ដើម្បី​ឲ្យ​គេ​មាន​អំណរ​របស់​ទូលបង្គំ​ជា​អំណរ​ដ៏​ពេញ​លក្ខណៈ។ 14ទូលបង្គំ​បាន​ប្រទាន​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ឲ្យ​គេ តែ​មនុស្ស​លោក​ស្អប់​គេ ពី‌ព្រោះ​គេ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​ទេ ដូច​ជា​ទូលបង្គំ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​នេះ​ដែរ។ 15ទូលបង្គំ​មិន​អង្វរ​ព្រះអង្គ​ឲ្យ​យក​គេ​ចេញ​ពី​លោក​នេះ​ឡើយ គឺ​សូម​ព្រះអង្គ​មេត្តា​ការពារ​គេ​ពី​អំណាច​មារ*​កំណាច​វិញ។ 16គេ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​ទេ ដូច​ទូលបង្គំ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​នេះ​ដែរ។ 17សូម​ប្រោស​គេ​ឲ្យ​វិសុទ្ធ* ដោយ‌សារ​សេចក្ដី​ពិត គឺ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​នោះ​ហើយ​ជា​សេចក្ដី​ពិត។ 18ទូលបង្គំ​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោក ដូច​ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​ក្នុង​លោក​ដែរ។ 19រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​បូជា​ជីវិត ​ថ្វាយ​ព្រះអង្គ​ជា​ប្រយោជន៍​ដល់​គេ ដើម្បី​ឲ្យ​គេ​វិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត។
20ទូលបង្គំ​មិន​អង្វរ​ព្រះអង្គ​ឲ្យ​តែ​អ្នក​ទាំង​នេះ​ប៉ុណ្ណោះ​ទេ គឺ​អង្វរ​ឲ្យ​អស់​អ្នក​ជឿ​លើ​ទូលបង្គំ តាម​រយៈ​ពាក្យ​ដែល​អ្នក​ទាំង​នេះ​ថ្លែង​ប្រាប់​ផង​ដែរ 21សូម​ឲ្យ​គេ​ទាំង​អស់​គ្នា​រួម​ជា​អង្គ​តែ​មួយ។ ឱ​ព្រះ‌បិតា​អើយ! ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​ទូលបង្គំ ហើយ​ទូលបង្គំ​ស្ថិត​នៅ​ជាប់​នឹង​ព្រះអង្គ​យ៉ាង​ណា សូម​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​យើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​មែន។ 22រីឯ​សិរី‌រុងរឿង​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​បាន​ប្រគល់​ទៅ​ឲ្យ​គេ​ហើយ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ 23គឺ​ឲ្យ​ទូលបង្គំ​នៅ​ក្នុង​គេ ព្រះអង្គ​នៅ​ក្នុង​ទូលបង្គំ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​ពិត​ប្រាកដ​មែន ហើយ​មនុស្ស​លោក​ទទួល​ស្គាល់​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក ព្រម​ទាំង​ទទួល​ស្គាល់​ថា ព្រះអង្គ​ស្រឡាញ់​គេ​ដូច​ព្រះអង្គ​ស្រឡាញ់​ទូលបង្គំ​ដែរ។ 24ឱ​ព្រះ‌បិតា​អើយ! ទូលបង្គំ​ចង់​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ បាន​នៅ​ជា​មួយ​ទូលបង្គំ ឯ​កន្លែង​ដែល​ទូលបង្គំ​នៅ​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​សិរី‌រុងរឿង​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ព្រោះ​ព្រះអង្គ​បាន​ស្រឡាញ់​ទូលបង្គំ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ។ 25ឱ​ព្រះ‌បិតា​ដ៏​សុចរិត​អើយ! មនុស្ស​លោក​ពុំ​បាន​ស្គាល់​ព្រះអង្គ​ទេ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ស្គាល់ ព្រះអង្គ ហើយ​អ្នក​ទាំង​នេះ​ក៏​ទទួល​ស្គាល់​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​មែន។ 26ទូលបង្គំ​បាន​សម្តែង​ព្រះ‌នាម​ព្រះអង្គ​ឲ្យ​គេ​ស្គាល់ ហើយ​ទូលបង្គំ​នឹង​សម្តែង​ឲ្យ​គេ​រឹត​តែ​ស្គាល់​ថែម​ទៀត ដើម្បី​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ចំពោះ​ទូលបង្គំ​ស្ថិត​នៅ​ក្នុង​គេ ហើយ​ទូលបង្គំ​ក៏​ស្ថិត​នៅ​ក្នុង​គេ​ដែរ»។

ទើបបានជ្រើសរើសហើយ៖

យ៉ូហាន 17: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល