យ៉ូហាន 7

7
ព្រះ‌ញាតិ‌វង្ស​ព្រះ‌យេស៊ូ​មិន​ជឿ​លើ​ព្រះអង្គ
1ក្រោយ​មក ព្រះ‌យេស៊ូ​យាង​ចុះ​ឡើង​កាត់​ស្រុក​កាលី‌ឡេ ដ្បិត​ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​យាង​ទៅ​ស្រុក​យូដា​ឡើយ ព្រោះ​ជន‌ជាតិ​យូដា​រក​ធ្វើ​គុត​ព្រះអង្គ។ 2 ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​មួយ​របស់​ជន‌ជាតិ​យូដា ឈ្មោះ​បុណ្យ​បារាំ*។ 3បងប្អូន​ព្រះ‌យេស៊ូ​ទូល​ព្រះអង្គ​ថា៖ «សូម​បង​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ស្រុក​យូដា​ទៅ ដើម្បី​ឲ្យ​សិស្ស​របស់​បង​ឃើញ​កិច្ចការ​ដែល​បង​ធ្វើ។ 4អ្នក​ដែល​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន​មិន​ធ្វើ​ការ​អ្វី​ដោយ​លាក់​កំបាំង​ឡើយ។ បើ​បង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​នេះ ត្រូវ​បង្ហាញ​ឲ្យ​មនុស្ស​លោក​ឃើញ​ផង»។ 5បងប្អូន​របស់​ព្រះ‌យេស៊ូ​ពុំ​ជឿ​លើ​ព្រះអង្គ​ទេ។ 6ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពេល​កំណត់​របស់​បង​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។ រីឯ​ប្អូនៗ​វិញ ចង់​ធ្វើ​អ្វី​ពេល​ណា​ក៏​បាន។ 7មនុស្ស​លោក​មិន​អាច​ស្អប់​ប្អូនៗ​ឡើយ ប៉ុន្តែ គេ​ស្អប់​បង ព្រោះ​បង​បាន​បញ្ជាក់​ប្រាប់​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់។ 8ចូរ​ប្អូនៗ​ឡើង​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ទៅ បង​មិន​ឡើង​ទៅ​ទេ ព្រោះ​ពេល​កំណត់​របស់​បង​មិន​ទាន់​មក​ដល់​នៅ​ឡើយ»។ 9ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះអង្គ​ក៏​គង់​នៅ​ក្នុង​ស្រុក​កាលី‌ឡេ​ត​ទៅ​ទៀត។
ព្រះ‌យេស៊ូ​នៅ​ក្រុង​យេរូ‌សាឡឹម​ក្នុង​ឱកាស​ពិធី​បុណ្យ
10កាល​ប្អូនៗ​របស់​ព្រះ‌យេស៊ូ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិធី​បុណ្យ​ផុត​អស់​ទៅ ព្រះអង្គ​ក៏​យាង​ឡើង​ទៅ​ដែរ ប៉ុន្តែ ព្រះអង្គ​យាង​ទៅ​ស្ងាត់ៗ មិន​ឲ្យ​នរណា​ឃើញ​ឡើយ។ 11ក្នុង​ឱកាស​បុណ្យ​នោះ ជន‌ជាតិ​យូដា​តាម​រក​ព្រះ‌យេស៊ូ គេ​សួរ​គ្នា​ថា៖ «តើ​លោក​នៅ​ឯ​ណា?»។ 12បណ្ដា‌ជន​ខ្សឹប‌ខ្សៀវ​គ្នា​ជា​ច្រើន​ស្ដី​អំពី​ព្រះអង្គ ខ្លះ​ថា«លោក​នោះ​ជា​មនុស្ស​ល្អ» ខ្លះ​ទៀត​ថា «ទេ អ្នក​នោះ​ជា​អ្នក​បញ្ឆោត​បណ្ដា‌ជន»។ 13ប៉ុន្តែ គ្មាន​នរណា​ហ៊ាន​និយាយ​អំពី​ព្រះអង្គ​ដោយ​ចំហ​ឡើយ ព្រោះ​គេ​ខ្លាច​សាសន៍​យូដា។ 14លុះ​ដល់​ពាក់​កណ្ដាល​ពិធី​បុណ្យ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​ព្រះ‌វិហារ* ហើយ​បង្រៀន​បណ្ដា‌ជន។ 15ជន‌ជាតិ​យូដា​ងឿង‌ឆ្ងល់​ជា​ខ្លាំង គេ​ពោល​ថា៖ «អ្នក​នេះ​មិន​បាន​រៀន​សូត្រ​អ្វី​សោះ ចុះ​ម្ដេច​បាន​ជា​គាត់​ចេះ​ដឹង​ជ្រៅ​ជ្រះ​ដូច្នេះ?»។ 16ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​មិន​មែន​ចេញ​ពី​ខ្ញុំ​ទេ គឺ​ចេញ​ពី​ព្រះ‌ជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ 17អ្នក​ដែល​ចង់​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់​មុខ​ជា​ដឹង​ថា សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ​មក​ពី​ព្រះអង្គ ឬ​មក​ពី​ខ្ញុំ​ផ្ទាល់​មិន​ខាន។ 18អ្នក​ណា​និយាយ​ដោយ​សំអាង​លើ​ខ្លួន​ផ្ទាល់ អ្នក​នោះ​រក​កិត្តិយសសម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ។ រីឯ​អ្នក​ដែល​រក​តែ​សិរី‌រុងរឿង របស់​ព្រះអង្គ​ដែល​ចាត់​ខ្លួន​ឲ្យ​មក និយាយ​តែ​សេចក្ដី​ពិត ឥត​កុហក​ឡើយ។ 19លោក​ម៉ូសេ​ប្រគល់​ក្រឹត្យ‌វិន័យ​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រួច​ស្រេច​ហើយ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​នរណា​ម្នាក់​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​នោះ​ទេ។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។
20បណ្ដា‌ជន​តប​ទៅ​ព្រះអង្គ​ថា៖ «លោក​ពិត​ជា​មាន​អារក្ស​ចូល​ហើយ​បាន​ជា​និយាយ​ដូច្នេះ តើ​នរណា​រក​សម្លាប់​លោក?»។ 21ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ធ្វើ​កិច្ចការ​តែ​មួយ ហើយ​អ្នក​ទាំង​អស់​គ្នា​បែរ​ជា​ងឿង‌ឆ្ងល់​ទៅ​វិញ។ 22 លោក​ម៉ូសេ*​បាន​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក* (តាម​ពិត គឺ​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​ឯ‌ណោះ​ជា​អ្នក​បង្គាប់​ឲ្យ​ធ្វើ​ពិធី​នេះ មិន​មែន​លោក​ម៉ូសេ​ទេ) ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក​នៅ​ថ្ងៃ​សប្ប័ទ*។ 23 បើ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក​នៅ​ថ្ងៃ​សប្ប័ទ តែ​ឥត​បំពាន​លើ​វិន័យ​របស់​លោក​ម៉ូសេ​ទេ​នោះ ចុះ​ហេតុ​ដូច​ម្ដេច​ជា​អ្នក​រាល់​គ្នា​ខឹង​ខ្ញុំ ដែល​បាន​ប្រោស​មនុស្ស​មួយ​ទាំង​មូល​ឲ្យ​បាន​ជា នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ? 24កុំ​នាំ​គ្នា​វិនិច្ឆ័យ​ដោយ​គ្រាន់​តែ​ឃើញ​ផ្នែក​ខាង​ក្រៅ​នោះ​ឡើយ ចូរ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​វិញ»។
ព្រះ‌យេស៊ូ​ជា​ព្រះ‌គ្រិស្ត​មែន​ឬ
25មាន​អ្នក​ក្រុង​យេរូ‌សាឡឹម​ខ្លះ​ពោល​ថា៖ «លោក​នេះ​ហើយ​ដែល​គេ​រក​សម្លាប់ 26ឥឡូវ​នេះ លោក​និយាយ​ដោយ​ចេញ​មុខ ចុះ​ម្ដេច​បាន​ជា​គ្មាន​នរណា​ថា​អ្វី​លោក​ដូច្នេះ? អ្នក​ដឹក​នាំ​របស់​យើង​ប្រហែល​ទទួល​ស្គាល់​ថា លោក​ពិត​ជា​ព្រះ‌គ្រិស្ត*​ទេ​ដឹង 27ប៉ុន្តែ ពេល​ព្រះ‌គ្រិស្ត​យាង​មក គ្មាន​នរណា​ដឹង​ថា​ព្រះអង្គ​យាង​មក​ពី​ណា​ទេ។ រីឯ​លោក​នេះ​វិញ យើង​ដឹង​ហើយ​ថា​គាត់​មក​ពី​ណា»។ 28ពេល​នោះ ព្រះ‌យេស៊ូ​បង្រៀន​បណ្ដា‌ជន​ក្នុង​ព្រះ‌វិហារ* ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ​ថា៖ «អ្នក​រាល់​គ្នា​ថា​ស្គាល់​ខ្ញុំ ហើយ​ដឹង​ថា​ខ្ញុំ​មក​ពី​ណា​ទៀត!។ ប៉ុន្តែ ខ្ញុំ​មិន​មែន​មក​ក្នុង​នាម​ខ្ញុំ​ឡើយ ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​សម្តែង​សេចក្ដី​ពិត តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ។ 29រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​ព្រះអង្គ ព្រោះ​ខ្ញុំ​ចេញ​មក​ពី​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក»។
30ពេល​នោះ ពួក​គេ​រក​ចាប់​ព្រះ‌យេស៊ូ ប៉ុន្តែ គ្មាន​នរណា​ហ៊ាន​លូក​ដៃ​ចាប់​ព្រះអង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះអង្គ​ពុំ​ទាន់​បាន​មក​ដល់​នៅ​ឡើយ។ 31ក្នុង​ចំណោម​បណ្ដា‌ជន មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​ព្រះ‌យេស៊ូ គេ​ពោល​ថា៖ «ពេល​ព្រះ‌គ្រិស្ត​យាង​មក តើ​ព្រះអង្គ​នឹង​សម្តែង​ទី​សម្គាល់​ច្រើន​ជាង​លោក​នេះ​ឬ?»។
គេ​ចាត់​កង​រក្សា​ព្រះ‌វិហារ​ឲ្យ​មក​ចាប់​ព្រះ‌យេស៊ូ
32ពួក​ខាង​គណៈ​ផារីស៊ី*​បាន​ដឹង​សេចក្ដី​ទាំង​អស់​ដែល​បណ្ដា‌ជន​ខ្សឹប​ខ្សៀវ​គ្នា​អំពី​ព្រះ‌យេស៊ូ។ ពេល​នោះ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ‌ផារីស៊ី ក៏​ចាត់​កង​រក្សា​ព្រះ‌វិហារ*​ឲ្យ​មក​ចាប់​ព្រះអង្គ។ 33ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​មួយ​រយៈ​ពេល​ដ៏​ខ្លី​ទៀត​ប៉ុណ្ណោះ បន្ទាប់​មក ខ្ញុំ​នឹង​ទៅ​ឯ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​វិញ​ហើយ។ 34អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​កន្លែង ដែល​ខ្ញុំ​នៅ​នោះ​ឡើយ»។ 35ជន‌ជាតិ​យូដា​សួរ​គ្នា​ថា៖ «តើ​គាត់​បម្រុង​ទៅ​ណា​បាន​ជា​យើង​ពុំ​អាច​នឹង​រក​គាត់​ឃើញ​ដូច្នេះ? តើ​គាត់​គិត​ទៅ​នៅ​ជា​មួយ​ជន‌ជាតិ​យូដា ដែល​ខ្ចាត់‌ខ្ចាយ​ក្នុង​ចំណោម​ជន‌ជាតិ​ក្រិក ហើយ​បង្រៀន​ពួក​ក្រិក​ឬ? 36គាត់​មាន​ប្រសាសន៍​ថា “អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ឡើយ” តើ​មាន​ន័យ​ដូច​ម្ដេច?»។
ទន្លេ​ដែល​មាន​ទឹក​ផ្ដល់​ជីវិត
37 នៅ​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ជា​ថ្ងៃ​ឱឡា‌រិក​បំផុត ព្រះ‌យេស៊ូ​ឈរ​នៅ​មុខ​បណ្ដា‌ជន បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ខ្លាំង​ថា៖ «អ្នក​ណា​ស្រេក​ទឹក សុំ​អញ្ជើញ​មក​រក​ខ្ញុំ ហើយ​ពិសា​ចុះ។ 38 អ្នក​ណា​ជឿ​លើ​ខ្ញុំ នឹង​មាន​ទន្លេ​បង្ហូរ​ទឹក​ផ្ដល់​ជីវិត​ចេញ​ពី​អ្នក​នោះ​មក ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មក​ស្រាប់»។ 39ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​សំដៅ​ទៅ​លើ​ព្រះ‌វិញ្ញាណ ដែល​អស់​អ្នក​ជឿ​លើ​ព្រះអង្គ​នឹង​ត្រូវ​ទទួល ដ្បិត​ពេល​នោះ ព្រះ‌ជាម្ចាស់​ពុំ​ទាន់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ទេ ពី‌ព្រោះ​ព្រះ‌យេស៊ូ​ពុំ​ទាន់​សម្តែង​សិរី‌រុងរឿង ​នៅ​ឡើយ។
បណ្ដា‌ជន​ខ្វែង​គំនិត​គ្នា​អំពី​ព្រះ‌យេស៊ូ
40ក្រោយ​ពី​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ហើយ ក្នុង​ចំណោម​បណ្ដា‌ជន មាន​អ្នក​ខ្លះ​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ព្យាការី*​ដែល​យើង​រង់‌ចាំ​នោះ​មែន!» ។ 41អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «លោក​នេះ​ជា​ព្រះ‌គ្រិស្ត*»។ ប៉ុន្តែ មាន​អ្នក​ផ្សេង​ទៀត​ពោល​ជំទាស់​ថា៖ «ព្រះ‌គ្រិស្ត​មិន​មែន​មក​ពី​ស្រុក​កាលី‌ឡេ​ទេ 42 ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា “ព្រះ‌គ្រិស្ត​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះអង្គ​នឹង​យាង​មក​ពី​ភូមិ​បេថ្លេ‌ហិម ជា​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ”»។ 43បណ្ដា‌ជន​ក៏​បាក់​បែក​គ្នា ព្រោះ​តែ​ព្រះអង្គ។ 44ក្នុង​ចំណោម​បណ្ដា‌ជន មាន​អ្នក​ខ្លះ​ចង់​ចាប់​ព្រះអង្គ ប៉ុន្តែ គ្មាន​នរណា​ហ៊ាន​ចាប់​ព្រះអង្គ​ឡើយ។
ពួក​អ្នក​ធំ​មិន​ជឿ​លើ​ព្រះអង្គ
45កង​រក្សា​ព្រះ‌វិហារ*​វិល​ទៅ​ជួប​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​វិញ លោក​ទាំង​នោះ​សួរ​ពួក​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​ចាប់​គាត់​នាំ​យក​មក?»។ 46កង​រក្សា​ព្រះ‌វិហារ​ឆ្លើយ​ថា៖ «ពុំ​ដែល​មាន​នរណា​និយាយ​ដូច​លោក​នោះ​ឡើយ»។ 47ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ទៅ​គេ​វិញ​ថា៖ «អ្នក​រាល់​គ្នា​ចាញ់​បោក​អ្នក​នោះ​ដែរ​ឬ! 48ក្នុង​ចំណោម​អ្នក​ដឹក​នាំ និង​ក្នុង​ចំណោម​ពួក​ខាង​គណៈ​ផារីស៊ី គ្មាន​នរណា​ជឿ​លើ​អ្នក​នោះ​សោះ 49មាន​តែ​បណ្ដា‌ជន​ដែល​មិន​ស្គាល់​ក្រឹត្យ‌វិន័យ​ទេ ដែល​ជឿ។ ពួក​នោះ​សុទ្ធ​តែ​ត្រូវ​បណ្ដា‌សា!»។ 50 ក្នុង​ចំណោម​ពួក​ខាង​គណៈ​ផារីស៊ី មាន​បុរស​ម្នាក់​ឈ្មោះ នីកូ‌ដេម ជា​អ្នក​ដែល​បាន​ទៅ​គាល់​ព្រះ‌យេស៊ូ​កាល​ពី​មុន មាន​ប្រសាសន៍​ថា៖ 51«តាម​ច្បាប់​របស់​យើង យើង​មិន​អាច​ដាក់​ទោស​នរណា​ម្នាក់​ឡើយ ដរាប​ណា​មិន​ទាន់​បាន​ឮ​ពាក្យ​របស់​គេ ហើយ​មិន​បាន​ដឹង​អំពី​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ត​សិន​ទេ​នោះ»។ 52ពួក​គេ​តប​ទៅ​លោក​វិញ​ថា៖ «តើ​លោក​ជា​ពួក​កាលី‌ឡេ​ដែរ​ឬ? សុំ​លោក​ពិចារណា​មើល៍ ពុំ​ដែល​មាន​ព្យាការី​ណា​ម្នាក់​កើត​ពី​ស្រុក​កាលី‌ឡេ​ឡើយ»។
[53បន្ទាប់​មក ម្នាក់ៗ​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។

ទើបបានជ្រើសរើសហើយ៖

យ៉ូហាន 7: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល