យ៉ូប 12
12
ចម្លើយរបស់លោកយ៉ូប: គ្មាននរណាអាចបង្ក្រាបព្រះជាម្ចាស់បានទេ
1លោកយ៉ូបតបវិញថា៖
2«ពិតមែនហើយ
ចំណេះដឹងទាំងប៉ុន្មានរបស់មនុស្ស
ស្ថិតនៅក្នុងអស់លោកទាំងអស់គ្នា។
ដូច្នេះ ពេលណាអស់លោកស្លាប់
ប្រាជ្ញាក៏សាបសូន្យទៅជាមួយដែរ!
3ចំណែកឯខ្ញុំវិញ ខ្ញុំក៏ចេះគិតគូរដូចអស់លោក
គឺខ្ញុំមិនអន់ជាងអស់លោកទេ។
សេចក្ដីដែលអស់លោកថ្លែងនោះ
តើនរណាមិនដឹង!
4ខ្ញុំជាមនុស្សដែលមិត្តភក្ដិចំអកឲ្យ
ខ្ញុំអង្វររកព្រះជាម្ចាស់ សូមចម្លើយពីព្រះអង្គ
តែទោះបីខ្ញុំជាមនុស្សសុចរិត ស្លូតត្រង់ក្ដី
ក៏ត្រូវគេមើលងាយដែរ។
5អស់អ្នកដែលធ្លាប់រស់នៅដោយសុខសាន្ត
តែងតែមើលងាយមនុស្សវេទនា
ហើយពួកគេគិតថា អ្នកដែលភ្លាត់ជើងដួល
ត្រូវតែវេទនាដូច្នេះ។
6មនុស្សប្លន់គេ តែងតែរស់នៅក្នុងផ្ទះរបស់ខ្លួន
ដោយឥតកង្វល់
អស់អ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់
ហើយចាត់ទុកកម្លាំងខ្លួនឯងជាព្រះ
តែងតែរស់នៅដោយឥតបារម្ភ។
7ក៏ប៉ុន្តែ សូមលោកសាកសួរសត្វធាតុទៅ
នោះវានឹងប្រៀនប្រដៅលោក
សូមសួរសត្វស្លាបទៅ
នោះវានឹងប្រាប់លោកឲ្យដឹង។
8សូមសាកសួរផែនដីទៅ
នោះផែនដីនឹងប្រៀនប្រដៅលោក
សូមសួរត្រីនៅក្នុងសមុទ្រ
នោះវានឹងនិទានប្រាប់លោក។
9ក្នុងចំណោមសត្វទាំងនោះ តើសត្វណាមួយ
មិនដឹងថា អ្វីៗទាំងអស់កើតមកពីព្រះជាម្ចាស់!
10ព្រះអង្គក្ដាប់ព្រលឹងសត្វលោកទាំងអស់
នៅក្នុងព្រះហស្ដរបស់ព្រះអង្គ
ហើយដង្ហើមជីវិតរបស់មនុស្សក៏ស្ថិតនៅក្នុង
ព្រះហស្ដរបស់ព្រះអង្គដែរ។
11ត្រចៀកស្ដាប់យល់ពាក្យសម្ដី
ដូចអណ្ដាតស្គាល់រសជាតិម្ហូបអាហារដែរ។
12មនុស្សចាស់ជរារមែងមានប្រាជ្ញា
ហើយអ្នកដែលមានអាយុវែង
ក៏មានការយល់ដឹងដែរ។
13មានតែព្រះជាម្ចាស់ប៉ុណ្ណោះ
ដែលមានប្រាជ្ញា និងឫទ្ធានុភាព
ព្រមទាំងយោបល់ និងការយល់ដឹង។
14ប្រសិនបើព្រះអង្គកម្ទេចអ្វីមួយ
គ្មាននរណាសង់ឡើងវិញបានទេ
ប្រសិនបើព្រះអង្គឃុំមនុស្សម្នាក់
នោះក៏គ្មាននរណាអាចដោះលែងបានដែរ។
15ប្រសិនបើព្រះអង្គទប់ទឹក នោះនឹងកើតរាំងស្ងួត
ប្រសិនបើព្រះអង្គបើក នោះទឹកនឹងលិចផែនដី។
16ព្រះអង្គប្រកបដោយព្រះចេស្ដា
ហើយសម្រេចកិច្ចការអ្វីៗ តាមព្រះហឫទ័យ
រីឯអ្នកដែលវង្វេង និងអ្នកនាំគេឲ្យវង្វេង
ស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ។
17ព្រះអង្គដកអ្នកធំចេញពីតំណែង
ព្រះអង្គធ្វើឲ្យចៅក្រមទៅជាលេលា។
18ព្រះអង្គទម្លាក់ស្ដេចនានាចេញពីអំណាច
ហើយធ្វើឲ្យពួកគេជាប់ជាឈ្លើយសឹក។
19ព្រះអង្គដកពួកបូជាចារ្យចេញពីតំណែង
ព្រះអង្គទម្លាក់អ្នកដែលមានអំណាចរឹងមាំ។
20ព្រះអង្គដកពាក្យសម្ដីចេញពីអ្នកពូកែវោហារ
ព្រះអង្គយកតម្រិះប្រាជ្ញាចេញពីចាស់ព្រឹទ្ធាចារ្យ។
21ព្រះអង្គធ្វើឲ្យមេដឹកនាំទៅជាថោកទាប
ហើយដកអំណាចចេញពីអ្នកខ្លាំងពូកែ។
22ព្រះអង្គយកភាពងងឹតចេញពីទីជម្រៅ
ហើយលើកស្ថានមនុស្សស្លាប់
មកដាក់ក្រោមពន្លឺ។
23ព្រះអង្គធ្វើឲ្យប្រជាជាតិនានាចម្រើនឡើង
ហើយព្រះអង្គធ្វើឲ្យពួកគេវិនាសទៅវិញ
ព្រះអង្គពង្រីកទឹកដីរបស់ប្រជាជាតិនានា
យ៉ាងទូលាយ
រួចព្រះអង្គកម្ចាត់កម្ចាយពួកគេ។
24ព្រះអង្គដកប្រាជ្ញាចេញពីមេដឹកនាំប្រជាជន
នៅលើផែនដី
ហើយឲ្យពួកគេវង្វេងនៅក្នុងទីស្មសាន
ដែលគ្មានច្រកចេញ។
25ពួកគេដើររាវពពើមនៅក្នុងទីងងឹត គ្មានពន្លឺ
ព្រះអង្គធ្វើឲ្យពួកគេលែងដឹងខុសត្រូវ
ដូចមនុស្សស្រវឹងស្រា។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 12: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.