យ៉ូប 13:1-16

យ៉ូប 13:1-16 គខប

ពិត​មែន​ហើយ ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះ ផ្ទាល់​នឹង​ភ្នែក ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក ហើយ​ខ្ញុំ​ក៏​បាន​យល់។ អ្វីៗ​ដែល​អស់​លោក​ដឹង ខ្ញុំ​ក៏​ដឹង​ដែរ គឺ​ខ្ញុំ​មិន​អន់​ជាង​អស់​លោក​ទេ។ ក៏​ប៉ុន្តែ ខ្ញុំ​នឹង​ទូល​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ខ្ពង់‌ខ្ពស់​បំផុត ខ្ញុំ​ចង់​តវ៉ា​រឿងរ៉ាវ​របស់​ខ្ញុំ​ជា​មួយ ព្រះ‌ជាម្ចាស់​តែ​ប៉ុណ្ណោះ ដ្បិត​អស់​លោក​ចេះ​តែ​យក​ការ​កុហក មក​ឡូក‌ឡំ​ជា​មួយ​ការ​ពិត អស់​លោក​សុទ្ធ​តែ​ជា​គ្រូ​ពេទ្យ​ឥត​បាន​ការ។ ប្រសិន​បើ​អស់​លោក​នៅ​ស្ងៀម នោះ​ដូច​ជា​មាន​ប្រាជ្ញា​ជាង! ឥឡូវ​នេះ សូម​មេត្តា​ត្រង‌ត្រាប់​ស្ដាប់ ពាក្យ​តវ៉ា​របស់​ខ្ញុំ​សិន។ តើ​អស់​លោក​ពោល​ពាក្យ​មិន​ត្រឹម​ត្រូវ ក្នុង​នាម​ព្រះ‌ជាម្ចាស់ ហើយ​និយាយ​ពាក្យ​មិន​ពិត ក្នុង​នាម​ព្រះអង្គ​កើត​ឬ? តើ​អស់​លោក​ចង់​កាន់​ជើង​ព្រះ‌ជាម្ចាស់ ហើយ​ចង់​តវ៉ា​ជំនួស​ព្រះអង្គ​ឬ? ប្រសិន​បើ​ព្រះអង្គ​ពិនិត្យ‌ពិច័យ​មើល​អស់​លោក តើ​ព្រះអង្គ​អាច​ឃើញ​ការ​ល្អ នៅ​ក្នុង​អស់​លោក​ឬ​ទេ? តើ​លោក​នឹក​ស្មាន​ថា​អាច​បញ្ឆោត​ព្រះ‌ជាម្ចាស់ ដូច​បញ្ឆោត​មនុស្ស​ឬ? ប្រសិន​បើ​អស់​លោក​មាន​គំនិត​កាន់​ជើង ដោយ​លួច​លាក់​នោះ ព្រះអង្គ​មុខ​ជា​ស្ដី​បន្ទោស​អស់​លោក​មិន​ខាន។ ភាព​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ព្រះអង្គ នឹង​ធ្វើ​ឲ្យ​អស់​លោក​ញ័រ​រន្ធត់ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​អស់​លោក​ភ័យ​តក់‌ស្លុត។ ពាក្យ​ដែល​អស់​លោក​និយាយ សុទ្ធ​តែ​ជា​ពាក្យ​ស្លោក​ឥត​បាន​ការ ដូច​ផេះ ពាក្យ​ដែល​អស់​លោក​លើក​យក​មក​តវ៉ា ប្រៀប​បាន​នឹង​ភក់។ សូម​អស់​លោក​នៅ​ស្ងៀម ទុក​ឲ្យ​ខ្ញុំ​និយាយ​ផង! បើ​មាន​ផល​វិបាក​អ្វី​កើត​ចំពោះ​ខ្ញុំ ទុក​ឲ្យ​កើត​ទៅ​ចុះ! ខ្ញុំ​មិន​នឹក​ស្ដាយ​ខ្លួន​ទេ គឺ​ខ្ញុំ​សុខ​ចិត្ត​ប្រថុយ​ជីវិត​របស់​ខ្ញុំ។ ព្រះអង្គ​មុខ​ជា​ប្រហារ​ខ្ញុំ ខ្ញុំ​លែង​មាន​សង្ឃឹម​អ្វី​ទៀត​ហើយ ប៉ុន្តែ ខ្ញុំ​នឹង​ការពារ​ខ្លួន​នៅ​ចំពោះ ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ ធ្វើ​ដូច្នេះ ប្រហែល​ជា​ខ្ញុំ​បាន​រួច​ជីវិត ដ្បិត​គ្មាន​មនុស្ស​ទុច្ចរិត​ណា​អាច​ទៅ​ឈរ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​បាន​ឡើយ។