យ៉ូប 21
21
ចម្លើយរបស់លោកយ៉ូបទៅកាន់លោកសូផារ: មនុស្សអាក្រក់តែងតែមានសុភមង្គលរហូតឬ?
1លោកយ៉ូបឆ្លើយវិញថា៖
2«សូមអស់លោកត្រងត្រាប់
ស្ដាប់ពាក្យដែលខ្ញុំថ្លែង
ដ្បិតខ្ញុំមិនចង់បានការសម្រាលទុក្ខអ្វីផ្សេងទេ។
3សូមទ្រាំស្ដាប់ខ្ញុំនិយាយសិន
ពេលណាខ្ញុំនិយាយចប់ សឹមចំអកឲ្យខ្ញុំ។
4ខ្ញុំមិនត្អូញត្អែរប្រឆាំងនឹងមនុស្សទេ
ខ្ញុំអត់ធ្មត់មិនបានដូច្នេះ មកពីមានមូលហេតុ។
5សូមក្រឡេកមើលមកខ្ញុំ
នោះអស់លោកនឹងស្រឡាំងកាំង
ហាមាត់និយាយលែងកើត។
6ពេលណាខ្ញុំនឹកឃើញហេតុការណ៍ដែល
កើតមានចំពោះខ្ញុំ
នោះខ្ញុំក៏ភ័យតក់ស្លុត និងព្រឺសម្បុរ។
7ហេតុអ្វីបានជាមនុស្សអាក្រក់រស់បានយូរ
ហើយមានកម្លាំងកាន់តែរឹងប៉ឹងឡើងដូច្នេះ?
8កូនចៅរបស់គេក៏រឹងប៉ឹងជាមួយគេ
ហើយពូជពង្សរបស់គេក៏ចម្រុងចម្រើន
នៅចំពោះមុខគេដែរ។
9ក្នុងផ្ទះរបស់គេមានតែសេចក្ដីសុខ
គឺគ្មានការភ័យខ្លាចអ្វីឡើយ
ព្រះជាម្ចាស់មិនដែលលើកដំបងវាយប្រហារ
ពួកគេសោះ។
10ហ្វូងគោរបស់គេបង្កើតកូនចៅច្រើនឡើង
ឥតដែលមានខូចបង់អ្វីឡើយ។
11កូនតូចៗរបស់ពួកគេរត់លេង
មានគ្នាច្រើនដូចហ្វូងសត្វ
ហើយកូនធំៗរបស់គេនាំគ្នារាំយ៉ាងសប្បាយ។
12ពួកគេស្រែកច្រៀងតាមសំឡេងស្គរ និងពិណ
ហើយសប្បាយរីករាយនឹងសំឡេងប៉ី។
13រៀងរាល់ថ្ងៃ ពួកគេរស់នៅ
ប្រកបដោយសុភមង្គល
រួចចុះទៅស្ថានមនុស្សស្លាប់យ៉ាងស្រួល។
14អ្នកទាំងនោះធ្លាប់ទូលព្រះជាម្ចាស់ថា
“សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅ
យើងខ្ញុំមិនចង់ស្គាល់មាគ៌ារបស់ព្រះអង្គទេ។
15តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតជាអ្វី
បានជាយើងត្រូវបម្រើព្រះអង្គ
តើយើងទូលអង្វរព្រះអង្គបានប្រយោជន៍អ្វី?”
16អ្នកទាំងនោះស្មានថាសុភមង្គលស្ថិតនៅ
ក្នុងកណ្ដាប់ដៃរបស់ខ្លួន។
ហេតុអ្វីបានជាខ្ញុំមិនអាចទទួលយកដំបូន្មាន
របស់មនុស្សអាក្រក់?
17ដ្បិតជាច្រើនដង ចង្កៀងរបស់មនុស្សអាក្រក់
តែងតែរលត់
ទុក្ខវេទនាតែងតែធ្លាក់មកលើពួកគេ
ព្រះជាម្ចាស់ដាក់ទោសពួកគេ
ស្របតាមព្រះពិរោធរបស់ព្រះអង្គ។
18ពួកគេប្រៀបដូចជាចំបើងប៉ើងតាមខ្យល់
និងដូចអង្កាមដែលត្រូវខ្យល់ផាត់បាត់ទៅ។
19អស់លោកពោលថា
“ព្រះជាម្ចាស់នឹងដាក់ទោសកូនចៅ
ព្រោះតែអំពើអាក្រក់ដែលឪពុកប្រព្រឹត្ត”
ក៏ប៉ុន្តែ សូមព្រះអង្គដាក់ទោស
មនុស្សអាក្រក់វិញ ដើម្បីឲ្យគេដឹងខ្លួន។
20សូមឲ្យគេឃើញទុក្ខវេទនារបស់ខ្លួន
គឺសូមឲ្យខ្លួនគេផ្ទាល់រងនូវព្រះពិរោធ
របស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
21កាលណាចំនួនខែដែលគេត្រូវរស់
ឈានដល់ទីបញ្ចប់ហើយ
គេមិនអាចអំពល់ពីអនាគតនៃក្រុមគ្រួសារ
របស់ខ្លួនបានទេ។
22គ្មាននរណាអាចបង្រៀនព្រះជាម្ចាស់
ឲ្យចេះដឹងបានឡើយ
ដ្បិតសូម្បីតែអស់អ្នកដែលនៅស្ថានដ៏ខ្ពស់
ក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គដែរ។
23អ្នកខ្លះស្លាប់ ក្រោយពីបានរស់នៅយ៉ាងស្រណុក
ហើយស្គាល់តែសេចក្ដីសុខសាន្ត ឥតទុក្ខកង្វល់
24សាច់ឈាមនៅស្រស់ល្អ កម្លាំងនៅរឹងប៉ឹង។
25អ្នកខ្លះទៀតស្លាប់ ក្រោយពីបានរងទុក្ខព្រួយ
ហើយពុំធ្លាប់ស្គាល់សុភមង្គលទាល់តែសោះ។
26ប៉ុន្តែ សពរបស់អ្នកទាំងពីរត្រូវគេយកទៅកប់
ហើយមានដង្កូវចោះដូចគ្នា។
27ខ្ញុំស្គាល់គំនិតរបស់អស់លោកច្បាស់ណាស់
ហើយក៏ស្គាល់ការរិះគិតរបស់អស់លោក
ចំពោះខ្ញុំដែរ។
28អស់លោកសួរថា “ផ្ទះរបស់អ្នកធំនៅឯណា
លំនៅដែលមនុស្សអាក្រក់ធ្លាប់រស់នៅនោះ
នៅឯណា”
29តើអស់លោកមិនបានសួរអ្នកដើរតាមផ្លូវទេឬ?
តើអស់លោកមិនឮគេប្រាប់ទេឬ ថា
30នៅថ្ងៃមានទុក្ខវេទនា
នៅថ្ងៃដែលព្រះជាម្ចាស់ទ្រង់ព្រះពិរោធ
មនុស្សអាក្រក់តែងតែរួចខ្លួន។
31មិនដែលមាននរណាបន្ទោសអ្នកនោះ
ចំពោះមុខទេ
ហើយក៏គ្មាននរណាធ្វើទោសគេ
តាមអំពើដែលគេបានប្រព្រឹត្តដែរ។
32គេនឹងសែងសពមនុស្សអាក្រក់ទៅបញ្ចុះ
ហើយមានមនុស្សចាំយាមផ្នូរទៀតផង
33មានមនុស្សជាច្រើនដង្ហែសពគេពីមុខពីក្រោយ
ហើយគំនរដីនៅជ្រលងភ្នំ
ដែលលុបពីលើសពរបស់គេ
ក៏ហាក់ដូចជាទន់ស្រួលសម្រាប់គេដែរ។
34ហេតុអ្វីបានជាអស់លោកយកពាក្យសម្ដី
ឥតបានការ មកសម្រាលទុក្ខខ្ញុំដូច្នេះ?
ចម្លើយរបស់អស់លោកសុទ្ធតែពាក្យមិនពិត»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 21: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.