យ៉ូប 28:12-28
យ៉ូប 28:12-28 គខប
រីឯប្រាជ្ញាវិញ តើគេអាចរកបាននៅឯណា? តើការយល់ដឹងស្ថិតនៅកន្លែងណា? មនុស្សលោកមិនស្គាល់តម្លៃរបស់ប្រាជ្ញាទេ ហើយប្រាជ្ញាក៏មិនស្ថិតនៅលើផែនដីដែរ។ ទីជម្រៅពោលថា “ប្រាជ្ញាមិននៅក្នុងខ្ញុំទេ” មហាសមុទ្រពោលថា “ប្រាជ្ញាក៏មិននៅជាមួយខ្ញុំដែរ” គេមិនអាចយកមាសសុទ្ធទៅដូរយកប្រាជ្ញា ហើយយកប្រាក់ទៅទិញប្រាជ្ញាបានទេ។ គេមិនអាចយកប្រាជ្ញាទៅថ្លឹងជាមួយ កែវមរកត ពេជ្រ ឬត្បូងកណ្ដៀងបានឡើយ។ គ្មានមាស ឬពេជ្រណាផ្ទឹមស្មើនឹងប្រាជ្ញាទេ ហើយគេក៏មិនអាចយកប្រាជ្ញាទៅដូរជាមួយ ភាជន៍ដែលធ្វើពីមាសសុទ្ធដែរ។ ផ្កាថ្ម និងគជ់ រឹតតែផ្ទឹមនឹងប្រាជ្ញាមិនបាន ហើយមានប្រាជ្ញាប្រសើរជាងមាន កែវមុក្ដាទៅទៀត។ ត្បូងជម្ពូរ័ត្នពីស្រុកអេត្យូពីក៏មិនអាចប្រដូច ទៅនឹងប្រាជ្ញា ហើយប្រាជ្ញាមិនអាចយកទៅថ្លឹង ជាមួយមាសបានទេ។ ដូច្នេះ តើប្រាជ្ញាមានប្រភពនៅឯណា តើការយល់ដឹងស្ថិតនៅកន្លែងណា? មនុស្សលោកមិនអាចមើលឃើញប្រាជ្ញាទេ រីឯសត្វដែលហើរនៅលើមេឃ ក៏មិនអាចមើលឃើញដែរ។ រណ្ដៅនៃសេចក្ដីវិនាស និងមច្ចុរាជពោលថា “យើងបានឮគេនិយាយពីប្រាជ្ញា”។ មានតែព្រះជាម្ចាស់ទេដែលស្គាល់ផ្លូវ ហើយជ្រាបថា ប្រាជ្ញាស្ថិតនៅកន្លែងណា ដ្បិតព្រះអង្គមើលធ្លុះរហូតដល់ទៅ ទីដាច់ស្រយាលនៃផែនដី និងទតឃើញអ្វីៗទាំងអស់នៅក្រោមមេឃ។ ពេលណាព្រះអង្គកំណត់កម្លាំងរបស់ខ្យល់ និងទំហំរបស់សមុទ្រ ពេលណាព្រះអង្គកំណត់ច្បាប់មួយ សម្រាប់ទឹកភ្លៀង ព្រមទាំងកំណត់ផ្លូវសម្រាប់ផ្លេកបន្ទោរ និងផ្គររួចស្រេចហើយ ព្រះអង្គក៏ទតឃើញប្រាជ្ញា ព្រះអង្គលើកតម្លៃប្រាជ្ញានោះ ព្រះអង្គតាំងប្រាជ្ញាឡើង ហើយពិនិត្យពិច័យមើលយ៉ាងល្អិតល្អន់។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូល មកកាន់មនុស្សលោកថា: “ការគោរពកោតខ្លាចព្រះជាម្ចាស់ជាប្រាជ្ញា ការងាកចេញពីអំពើអាក្រក់ជាការយល់ដឹង”»។


