យ៉ូប 32
32
អន្តរាគមន៍របស់លោកអេលីហ៊ូវ
ប្រសាសន៍របស់លោកអេលីហ៊ូវ
1កាលមិត្តភក្ដិទាំងបីរូបរបស់លោកយ៉ូប ឃើញលោកប្រកាន់ជំហរថាខ្លួនសុចរិតដូច្នេះ ពួកគេក៏លែងឆ្លើយទៅលោកវិញ។ 2ពេលនោះ លោកអេលីហ៊ូវ ជាកូនរបស់លោកបារ៉ាគាល ក្នុងអំបូរប៊ូសនៃត្រកូលរ៉ាម ក៏ចាប់ផ្ដើមខឹងជាខ្លាំង។ គាត់ខឹងនឹងលោកយ៉ូប ព្រោះលោកប្រកាន់ថាខ្លួនលោកសុចរិតជាងព្រះជាម្ចាស់ ។ 3គាត់ក៏ខឹងនឹងមិត្តភក្ដិទាំងបីរបស់លោកយ៉ូបដែរ ព្រោះលោកទាំងបីពុំអាចរកពាក្យឆ្លើយទៅលោកវិញបាន ធ្វើហាក់ដូចជាព្រះជាម្ចាស់មានកំហុសមែន ។ 4ដោយលោកអេលីហ៊ូវក្មេងជាងគេ គាត់រង់ចាំនិយាយជាមួយលោកយ៉ូបក្រោយគេ។ 5ប៉ុន្តែ ពេលគាត់ឃើញលោកទាំងបីគ្មានពាក្យអ្វីឆ្លើយទៅលោកយ៉ូបទៀតនោះ គាត់ក៏ខឹងជាខ្លាំង។
6លោកអេលីហ៊ូវ ជាកូនរបស់លោកបារ៉ាគាល ក្នុងអំបូរប៊ូស ពោលឡើងថា៖
«ខ្ញុំនៅក្មេង ហើយអស់លោកសុទ្ធតែជាចាស់ទុំ
ហេតុនេះហើយបានជាខ្ញុំភ័យញាប់ញ័រ
មិនហ៊ានជម្រាបអស់លោកពីចំណេះរបស់ខ្ញុំ។
7ខ្ញុំតែងគិតថា មនុស្សមានអាយុវែង
រមែងប្រសប់និយាយ
អ្នករស់បានច្រើនឆ្នាំប្រសប់ផ្ដល់យោបល់។
8ក៏ប៉ុន្តែ តាមពិត មានតែវិញ្ញាណនៅក្នុងមនុស្ស
គឺខ្យល់ដង្ហើមមកពីព្រះដ៏មានឫទ្ធានុភាព
ខ្ពង់ខ្ពស់បំផុតប៉ុណ្ណោះ
ទើបផ្ដល់ឲ្យគេយល់ដឹងបាន។
9រស់បានច្រើនឆ្នាំមិនផ្ដល់ឲ្យមនុស្ស
មានប្រាជ្ញាឡើយ
ហើយមនុស្សចាស់ជរា
ក៏មិនស្គាល់ការវិនិច្ឆ័យដែរ។
10ហេតុនេះ សូមអស់លោកស្ដាប់ខ្ញុំម្ដង
ខ្ញុំសូមបង្ហាញចំណេះដឹងរបស់ខ្ញុំ។
ខ្ញុំបានរង់ចាំអស់លោកមានប្រសាសន៍
រហូតដល់ចប់
11ខ្ញុំបានផ្ទៀងត្រចៀកស្ដាប់ពាក្យ
ដែលអស់លោកថ្លែង
រហូតដល់អស់លោកវែកញែកអស់សេចក្ដី។
12ខ្ញុំបានផ្ចង់ចិត្តស្ដាប់អស់លោក
ក៏ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមអស់លោក
ជជែកឈ្នះលោកយ៉ូប
ឬអាចឆ្លើយតបនឹងពាក្យរបស់គាត់វិញសោះ!
13ហេតុនេះ សូមកុំអះអាងថា
អស់លោករកបានប្រាជ្ញានោះឡើយ។
មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាច
តទល់នឹងគាត់បាន គឺមិនមែនមនុស្សទេ។
14លោកយ៉ូបពុំមានប្រសាសន៍មកកាន់ខ្ញុំផ្ទាល់ទេ
ដូច្នេះ ខ្ញុំនឹងមិនឆ្លើយទៅគាត់វិញ
តាមរបៀបដែលអស់លោកឆ្លើយនោះឡើយ។
15លោកយ៉ូបអើយ
លោកទាំងបីនេះមិនហ៊ានឆ្លើយទៀតទេ
ដ្បិតពួកគាត់រកពាក្យនិយាយពុំបាន។
16ខ្ញុំរង់ចាំដែរ តែមិនឃើញពួកគាត់និយាយទេ
ដោយពួកគាត់នៅស្ងៀម លែងឆ្លើយដូច្នេះ
17ខ្ញុំសូមឆ្លើយតបទៅលោកវិញម្ដង
ខ្ញុំក៏ចង់បង្ហាញចំណេះដឹងរបស់ខ្ញុំដែរ។
18ខ្ញុំមានសេចក្ដីជាច្រើនដែលចង់និយាយ
គឺខ្ញុំមិនអាចទប់ចិត្តឲ្យនៅស្ងៀម
បានទៀតឡើយ។
19ប្រសិនបើខ្ញុំមិននិយាយទេ
ចិត្តរបស់ខ្ញុំមុខតែធ្លុះធ្លាយដូចថង់ស្បែក
ដែលដាក់ស្រាទំពាំងបាយជូរថ្មី។
20ខ្ញុំសូមនិយាយ ដើម្បីឲ្យបានធូរទ្រូង
ខ្ញុំត្រូវតែបើកមាត់ឆ្លើយទៅអស់លោកវិញ។
21ខ្ញុំមិនរើសមុខនរណាឡើយ
ហើយខ្ញុំក៏មិនបញ្ចើចបញ្ចើនរណាម្នាក់ដែរ។
22ខ្ញុំមិនចេះបញ្ចើចបញ្ចើទេ
បើខ្ញុំធ្វើដូច្នេះ ព្រះដែលបង្កើតខ្ញុំមុខជា
ដកជីវិតខ្ញុំយ៉ាងឆាប់មិនខាន។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 32: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.