យ៉ូប 6

6
លោក​យ៉ូប​រអ៊ូ‌រទាំ​នឹង​មិត្ត‌ភក្ដិ​របស់​លោក
1លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖
2«ប្រសិន​បើ​គេ​ថ្លឹង​ការ​ឈឺ​ចាប់​របស់​ខ្ញុំ
ប្រសិន​បើ​គេ​យក​ទុក្ខ​លំបាក​របស់​ខ្ញុំ​ដាក់​លើ​ជញ្ជីង
3គេ​នឹង​ឃើញ​វា​ធ្ងន់​ជាង​ខ្សាច់
នៅ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ទៀត។
ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​លែង​រួច
4ដ្បិត​ព្រួញ​របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាញ់​ទម្លុះ​ខ្ញុំ
ពិស‌ពុល​របស់​ព្រួញ​ទាំង​នោះ​ជ្រួត‌ជ្រាប
ពេញ​ក្នុង​សព៌ាង្គ‌កាយ​របស់​ខ្ញុំ។
ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ញាប់‌ញ័រ
ដូច​មាន​សត្រូវ​តម្រៀប​គ្នា​ជា​ក្បួន​ទ័ព​វាយ​ប្រហារ​ខ្ញុំ។
5ពេល​មាន​ស្មៅ​ខៀវ​ខ្ចី​ស៊ី
តើ​លា​ព្រៃ​ដែល​ស្រែក​ឬ​ទេ?
ពេល​មាន​ចំបើង​ស៊ី តើ​គោ​ចេះ​តែ​រោទ៍​ដែរ​ឬ?
6តើ​គេ​អាច​បរិភោគ​ម្ហូប​សាប
ដោយ​មិន​បង់​អំបិល​កើត​ឬ?
តើ​ផ្នែក​ស​របស់​ពង​មាន់​មាន​រស‌ជាតិ​ដែរ​ឬ?
7ខ្ញុំ​មិន​ចង់​បរិភោគ​អាហារ​ទាំង​នោះ​ទេ
ព្រោះ​ជា​អាហារ​ដែល​ខ្ញុំ​ស្អប់​ខ្ពើម។
8សូម​ឲ្យ​សំណូម​ពរ​របស់​ខ្ញុំ​បាន​សម្រេច
ហើយ​សូម​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន
តាម​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ។
9គឺ​សូម​ព្រះ‌ជាម្ចាស់​មេត្តា​កិន​កម្ទេច​ខ្ញុំ
សូម​ព្រះអង្គ​លាត​ព្រះ‌ហស្ដ
បង្ហើយ​អាយុ​ជីវិត​របស់​ខ្ញុំ​ទៅ​ចុះ!
10ធ្វើ​ដូច្នេះ ខ្ញុំ​ដូច​ជា​បាន​ល្ហែ
ហើយ​ទោះ​បី​ខ្ញុំ​ឈឺ​ចាប់​ដល់​កម្រិត​ក្ដី
ក៏​ខ្ញុំ​មាន​អំណរ​សប្បាយ​ដែរ
ព្រោះ​ខ្ញុំ​មិន​បាន​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏វិសុទ្ធ​ឡើយ។
11ខ្ញុំ​គ្មាន​កម្លាំង​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​មាន​សង្ឃឹម
ហើយ​ខ្ញុំ​ក៏​គ្មាន​គោល‌ដៅ​អ្វី
ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​រស់​ត​ទៅ​ទៀត​ដែរ។
12តើ​ខ្ញុំ​មាន​កម្លាំង​រឹង​ដូច​ថ្ម
ហើយ​រូប​កាយ​ដូច​លង្ហិន​ឬ?
13ក្នុង​ខ្លួន​ខ្ញុំ ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ទៀត​ហើយ
ហើយ​ខ្ញុំ​បាត់​បង់​អ្វីៗ​ទាំង​អស់​ដែល​ជា​បង្អែក។
14អ្នក​ដែល​រង​ទុក្ខ​គ្រាំ‌គ្រា គួរ​តែ​ទទួល
ចិត្ត​មេត្តា​ករុណា​ពី​មិត្ត‌ភក្ដិ​របស់​ខ្លួន
បើ​មិន​ដូច្នេះ​ទេ គេ​មុខ​ជា​លែង​គោរព
កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ។
15បងប្អូន​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត
ដូច​ទឹក​ជ្រោះ​ដែល​រីង
ដូច​ជ្រលង​ដង​អូរ​ដែល​គ្មាន​ទឹក។
16នៅ​ចុង​រដូវ​ត្រជាក់
ទឹក​អូរ​ទាំង​នោះ​ប្រែ​ជា​ល្អក់‌កករ
ព្រោះ​តែ​ភ្លៀង និង​ទឹក​កក​រលាយ។
17នា​រដូវ​ក្ដៅ អូរ​ទាំង​នោះ​រីង​ស្ងួត​នៅ​នឹង​កន្លែង
ព្រោះ​តែ​កម្ដៅ​ថ្ងៃ។
18ក្បួន​អ្នក​ដំណើរ​វង្វេង​ផ្លូវ
នាំ​គ្នា​ចូល​ទៅ​វាល​រហោ‌ស្ថាន
ហើយ​វិនាស​បាត់​បង់​អស់​ទៅ។
19ក្បួន​អ្នក​ដំណើរ​ពី​ស្រុក​ថេម៉ា
នាំ​គ្នា​សម្លឹង​មើល​អូរ​ទាំង​នោះ
ក្បួន​អ្នក​ដំណើរ​ពី​ស្រុក​សេបា​នាំ​គ្នា
សង្ឃឹម​លើ​អូរ​ទាំង​នោះ
20ប៉ុន្តែ ពួក​គេ​ត្រូវ​អាម៉ាស់
ព្រោះ​តែ​ទុក​ចិត្ត​លើ​អូរ​ទាំង​នោះ
ហើយ​ពួក​គេ​ខក​ចិត្ត​នៅ​ពេល​ទៅ​ដល់។
21នៅ​ពេល​នេះ អស់​លោក​ក៏​ដូច្នោះ​ដែរ
អស់​លោក​ឃើញ​ខ្ញុំ​មាន​អាសន្ន
ហើយ​បែរ​ជា​ភ័យ​ខ្លាច!
22ខ្ញុំ​មិន​ដែល​សុំ​ឲ្យ​អស់​លោក
យក​របស់​អ្វី​មួយ​មក​ឲ្យ​ខ្ញុំ
ឬ​យក​ប្រាក់​របស់​អស់​លោក​មក​ជួយ​ខ្ញុំ​ឡើយ។
23ខ្ញុំ​មិន​ដែល​សុំ​អស់​លោក​ជួយ​ខ្ញុំ
ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត
ឬ​ក៏​សុំ​ឲ្យ​លោះ​ខ្ញុំ​ពី​កណ្ដាប់​ដៃ
របស់​មនុស្ស​ឃោរ‌ឃៅ​ដែរ។
24សូម​ប្រៀន‌ប្រដៅ​ខ្ញុំ​ផង នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀម
សូម​ប្រាប់​ខ្ញុំ​ផង តើ​ខ្ញុំ​ធ្វើ​ខុស​ត្រង់​ណា?
25បើ​អស់​លោក​ត្រឹម​ត្រូវ​មែន ខ្ញុំ​សុខ​ចិត្ត​ទទួល
តែ​ពាក្យ​ដែល​អស់​លោក​ស្ដី​បន្ទោស​នោះ
មិន​សម​ហេតុ​សម​ផល​ទេ។
26ពាក្យ​ដែល​ខ្ញុំ​និយាយ​នេះ
តើ​អស់​លោក​ចង់​បន្ទោស​កន្លែង​ណា
តើ​អស់​លោក​យល់​ថា​ពាក្យ​សម្ដី​របស់
មនុស្ស​អស់​សង្ឃឹម ឥត​បាន​ការ​ឬ?
27អស់​លោក​ហ៊ាន​ដល់​ទៅ​ចាប់​ឆ្នោត​យក​ក្មេង​កំព្រា
ហើយ​សូម្បី​តែ​មិត្ត​សម្លាញ់
ក៏​អស់​លោក​មិន​ញញើត​នឹង​លក់​ដែរ។
28ឥឡូវ​នេះ ចូរ​បែរ​មក​មើល​មុខ​ខ្ញុំ​ឲ្យ​ចំ
តើ​ខ្ញុំ​និយាយ​បំផ្លើស​ត្រង់​ណា?
29ខ្ញុំ​សូម​អង្វរ​ទៅ​ចុះ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក
ហើយ​ក៏​កុំ​អយុត្តិធម៌​បែប​នេះ​ដែរ
កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ខ្ញុំ​គ្មាន​កំហុស​អ្វី​សោះ។
30តើ​អណ្ដាត​ខ្ញុំ​ដែល​គ្រលាស់​ចេញ​មក​នូវ​ពាក្យ​ទុច្ចរិត
ហើយ​មាត់​របស់​ខ្ញុំ​ស្រដី​ចេញ​មក
នូវ​ពាក្យ​អព‌មង្គល​ឬ​ទេ?

ទើបបានជ្រើសរើសហើយ៖

យ៉ូប 6: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល