យ៉ូអែល 1:3-12

យ៉ូអែល 1:3-12 គខប

ចូរ​រៀប​រាប់​ហេតុ‌ការណ៍​នេះ ប្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ហើយ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា រៀប​រាប់​ប្រាប់​កូន​ចៅ​របស់​ខ្លួន រួច​ឲ្យ​អ្នក​ទាំង​នោះ​រៀប​រាប់​ប្រាប់​ជា​បន្ត ទៅ​កូន​ចៅ​នៅ​ជំនាន់​ក្រោយៗ។ អ្វីៗ​ដែល​ដង្កូវ​ទុក​ឲ្យ​នៅ​សល់ នោះ​មាន​កណ្ដូប​ស៊ី​បង្ហិន អ្វីៗ​ដែល​កណ្ដូប​ទុក​ឲ្យ​នៅ​សល់ នោះ​មាន​ចង្រិត​ស៊ី​បង្ហិន ហើយ​អ្វីៗ​ដែល​ចង្រិត​ទុក​ឲ្យ​នៅ​សល់ នោះ​មាន​ក្រា​ស៊ី​បង្ហិន។ មនុស្ស​ប្រមឹក​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​នាំ​គ្នា​យំ​សោក! អស់​អ្នក​ចំណូល​ស្រា​អើយ ចូរ​សោក​សង្រេង​ទៅ! អ្នក​រាល់​គ្នា​គ្មាន​ស្រា​ផឹក​ទៀត​ទេ។ មាន​កណ្ដូប​មួយ​ហ្វូង​លើក​គ្នា​ដូច​កង‌ទ័ព​មួយ មក​ប្រហារ​ស្រុក​របស់​យើង ពួក​វា​ខ្លាំង​ពូកែ និង​មាន​ចំនួន​ច្រើន​ឥត​គណនា មាន​ចង្កូម ដូច​ចង្កូម​របស់​សិង្ហ​ឈ្មោល និង​មាន​ថ្គាម​ដូច​ថ្គាម​របស់​សិង្ហ​ញី។ ពួក​វា​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ​របស់​យើង ពួក​វា​កម្ទេច​ដើម​ឧទុម្ពរ​របស់​យើង ពួក​វា​ស៊ី​សំបក និង​ជម្រុះ​ស្លឹក​អស់ បន្សល់​ទុក​តែ​មែក​ខូច​ខាត​ប៉ុណ្ណោះ។ ចូរ​សោក​សង្រេង ដូច​ស្រី​ក្រមុំ​យំ​កាន់​ទុក្ខ ព្រោះ​គូ​ដណ្ដឹង​របស់​នាង​ស្លាប់។ គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរ មក​ថ្វាយ​ព្រះ‌អម្ចាស់​ក្នុង​ព្រះ‌ដំណាក់​ទៀត​ទេ ពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខងារ​បម្រើ ព្រះ‌អម្ចាស់​នាំ​គ្នា​កាន់​ទុក្ខ។ ចម្ការ​ទាំង‌ឡាយ​ត្រូវ​ហិន‌ហោច​អស់ សូម្បី​តែ​ដី​ក៏​កាន់​ទុក្ខ​ដែរ គ្មាន​ស្រូវ គ្មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មី ហើយ​ក៏​គ្មាន​ប្រេង​ទៀត​ផង។ អ្នក​ភ្ជួរ​រាស់​បាក់​ទឹក​ចិត្ត អ្នក​ដាំ​ចម្ការ​ទំពាំង‌បាយជូរ​សោក​សង្រេង ព្រោះ​គ្មាន​ស្រូវ គ្មាន​ដំណាំ​អ្វី​ដុះ​ទេ ហើយ​នៅ​រដូវ​ចម្រូត ក៏​គ្មាន​អ្វី​ច្រូត​ដែរ។ ដើម​ទំពាំង‌បាយជូរ​ស្វិត​អស់ ដើម​ឧទុម្ពរ​ក្រៀម​ស្ងួត​អស់ រីឯ​ដើម​ទទឹម ដើម​លម៉ើ និង​ដើម​ល្មុត ព្រម​ទាំង​ដើម​ឈើ​ឯ​ទៀតៗ​នៅ​តាម​ចម្ការ ក៏​ងាប់​អស់​ដែរ ធ្វើ​ឲ្យ​មនុស្ស‌ម្នា​បាត់​បង់​អំណរ​សប្បាយ។