យ៉ូអែល 2:18-32

យ៉ូអែល 2:18-32 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​ស្រុក របស់​ព្រះអង្គ​ខ្លាំង​ណាស់ ព្រះអង្គ​អាណិត‌អាសូរ​ប្រជា‌ជន​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​ឆ្លើយ​តប​នឹង​ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ពួក​គេ​ថា: «មើល៍!​យើង​នឹង​ផ្ដល់​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង​ឲ្យ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​បាន​សម្បូណ៌​ហូរ‌ហៀរ យើង​នឹង​មិន​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ឲ្យ ប្រជា‌ជាតិ​ដទៃ​ប្រមាថ​មាក់‌ងាយ​ឡើយ។ យើង​បណ្ដេញ​ខ្មាំង​សត្រូវ​ដែល​មក​ពី​ស្រុក ខាង​ជើង​ឲ្យ​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា យើង​នឹង​កម្ចាត់​ពួក​គេ​ឲ្យ​ទៅ​នៅ វាល​រហោ‌ស្ថាន​ដ៏​ស្ងួត​ហួត‌ហែង។ យើង​នឹង​បោះ​ជួរ​ទ័ព​របស់​គេ​ដែល​នៅ​ខាង​មុខ ទៅ​ក្នុង​សមុទ្រ​ខាង​កើត ហើយ​ជួរ​ទ័ព​ដែល​នៅ​ខាង​ក្រោយ ទៅ​ក្នុង​សមុទ្រ​ខាង​លិច។ សាក‌សព​របស់​ពួក​គេ​នឹង​ចោល​ក្លិន​អសោច ក្លិន​គំរង់​របស់​ពួក​គេ​ក៏​សាយ​ឡើង​ដែរ ដ្បិត​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ព្រៃ‌ផ្សៃ​បំផុត»។ ទឹក​ដី​អើយ ចូរ​កុំ​ភ័យ​បារម្ភ​អ្វី ចូរ​ត្រេក​អរ​សប្បាយ​រីក‌រាយ​ឡើង ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​បំផុត! សត្វ​ព្រៃ​ទាំង‌ឡាយ​អើយ ចូរ​កុំ​ភ័យ​បារម្ភ​អ្វី ដ្បិត​វាល​ស្មៅ​នឹង​មាន​ស្មៅ​ដុះ​ខៀវ​ខ្ចី​ឡើង​វិញ ដើម​ឈើ​នឹង​មាន​ផ្លែ ហើយ​ដើម​ឧទុម្ពរ និង​ចម្ការ​ទំពាំង‌បាយជូរ ក៏​បង្កើត​ភោគ‌ផល​ឡើង​វិញ​ដែរ។ អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​អរ​សប្បាយ​រីក‌រាយ​ឡើង ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ទឹក​ភ្លៀង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា​ហើយ! ព្រះអង្គ​បង្អុរ​ភ្លៀង​មក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​ដើម​រដូវ​រហូត​ដល់​ចុង​រដូវ ដូច​កាល​ពី​មុន​ដែរ។ លាន​បោក​ស្រូវ​នឹង​មាន​ពោរ‌ពេញ ដោយ​ស្រូវ​ឡើង​វិញ ហើយ​ពាង​ក៏​មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង ពេញ​ហូរ‌ហៀរ​ឡើង​វិញ​ដែរ។ រីឯ​ភោគ‌ផល​របស់​អ្នក​រាល់​គ្នា ខាត​បង់​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដែល យើង​ចាត់​ហ្វូង​កណ្ដូប ចង្រិត ដង្កូវ និង​ក្រា ដូច​កង‌ទ័ព​មួយ​យ៉ាង​ធំ ឲ្យ​មក​ស៊ី​បង្ហិន យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ។ អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគ យ៉ាង​ឆ្អែត​បរិបូណ៌ រួច​អ្នក​រាល់​គ្នា​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រោះ​ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ សម្រាប់​អ្នក​រាល់​គ្នា។ ពេល​នោះ ប្រជា‌រាស្ត្រ​របស់​យើង នឹង​លែង​អាម៉ាស់​មុខ​ទៀត​ហើយ។ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​គង់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ទេ ពេល​នោះ ប្រជា‌ជន​របស់​យើង នឹង​លែង​អាម៉ាស់​ទៀត​ហើយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ក្រោយ​មក​ទៀត យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង មក​លើ​មនុស្ស​លោក​ទាំង​អស់។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា នឹង​ថ្លែង​ព្រះ‌បន្ទូល ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សុបិន‌និមិត្ត ហើយ​ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ។ ក្រោយ​មក សូម្បី​តែ​អ្នក​បម្រើ​ប្រុស​ស្រី ក៏​យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង ទៅ​លើ​ពួក​គេ​ដែរ។ យើង​នឹង​សម្តែង​ឫទ្ធិ‌បាដិហារិយ៍ នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គឺ​មាន​ឈាម មាន​ភ្លើង និង​កម្សួល​ផ្សែង។ ពេល​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​មក​ដល់ គឺ​ជា​ថ្ងៃ​ដ៏​ឧត្ដុង្គ‌ឧត្ដម គួរ​ឲ្យ​ស្ញែង​ខ្លាច ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត បាត់​រស្មី ព្រះ‌ច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម។ ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះ‌នាម ព្រះ‌អម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ។ នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡឹម អ្នក​ខ្លះ​នឹង​គេច​ផុត​ពី​មហន្ត‌រាយ ដូច​ព្រះ‌អម្ចាស់​បាន​សន្យា​ទុក។ អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ត្រាស់​ហៅ នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​រួច​ជីវិត​ទាំង​នោះ។