គ្មាននរណារុញអ្នកដែលនៅក្បែរខ្លួនទេ គឺម្នាក់ៗសម្រុកទៅមុខយ៉ាងត្រង់ ពួកវាលោតឆ្លងឧបសគ្គទាំងឡាយ ដោយឥតបែកចេញពីជួររបស់ខ្លួនឡើយ។ ពួកវាសម្រុកចូលទៅក្នុងទីក្រុង រត់នៅលើកំពែងក្រុង ឡើងតាមបង្អួចចូលទៅក្នុងផ្ទះនានា ដូចចោរចូលលួច។ ផែនដីញ័រនៅមុខពួកវា ផ្ទៃមេឃក៏កក្រើករំពើក ព្រះអាទិត្យ និងព្រះច័ន្ទបាត់រស្មី ហើយផ្កាយទាំងឡាយនឹងលែងមានពន្លឺ។ ព្រះអម្ចាស់ចេញបញ្ជាទៅកងទ័ពរបស់ព្រះអង្គ ដែលមានចំនួនច្រើនលើសលុប និងខ្លាំងពូកែ។ ពួកវាធ្វើតាមបញ្ជារបស់ព្រះអង្គ ដ្បិតថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃដ៏មហិមា និងគួរឲ្យស្ញែងខ្លាច គ្មាននរណាអាចទ្រាំទ្របានឡើយ។ «ឥឡូវនេះ ចូរនាំគ្នាវិលមករកយើង ដោយស្មោះអស់ពីចិត្ត ចូរតមអាហារ យំសោក ហើយកាន់ទុក្ខ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ចូរកែប្រែចិត្តគំនិត កុំហែកតែសម្លៀកបំពាក់ប៉ុណ្ណោះ! ចូរវិលមករកព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាវិញ ដ្បិតព្រះអង្គតែងតែប្រណីសន្ដោស ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ពោរពេញដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គមិនសព្វព្រះហឫទ័យដាក់ទោសទេ។ ដូច្នេះ ប្រហែលជាព្រះអង្គលែង ដាក់ទោសអ្នករាល់គ្នា ហើយប្រទានពរដល់អ្នករាល់គ្នាវិញ គឺអ្នករាល់គ្នានឹងមានម្សៅ ស្រាទំពាំងបាយជូរ និងប្រេង ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន! ចូរធ្វើពិធីតមអាហារ ដើម្បីញែកខ្លួនជាសក្ការៈ ហើយប្រកាសពិធីបុណ្យយ៉ាងឱឡារិក! ចូរហៅប្រជាជនមកជួបជុំគ្នា ជាអង្គប្រជុំដ៏វិសុទ្ធ ចូរប្រមូលពួកចាស់ទុំឲ្យមកជួបជុំគ្នា ចូរប្រមូលផ្ដុំកូនក្មេង សូម្បីតែក្មេងដែលនៅបៅក៏ឲ្យវាមកដែរ! ចូរឲ្យគូស្វាមីភរិយាថ្មោងថ្មីចេញពីបន្ទប់! ចូរឲ្យក្រុមបូជាចារ្យជាអ្នកបម្រើព្រះអម្ចាស់ នាំគ្នាយំសោកនៅចន្លោះក្លោងទ្វារ និងអាសនៈ ទាំងពោលថា: ព្រះអម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំ ដែលជាប្រជារាស្ត្ររបស់ព្រះអង្គផង! សូមកុំបណ្ដោយឲ្យប្រជាជាតិដទៃ ប្រមាថមាក់ងាយ និងចំអកដាក់ប្រជារាស្ត្រ របស់ព្រះអង្គផ្ទាល់នោះឡើយ។ សូមកុំបណ្ដោយឲ្យជាតិសាសន៍ទាំងឡាយ ពោលថា “តើព្រះរបស់ពួកគេនៅឯណា”?
អាន យ៉ូអែល 2
ស្ដាប់នូវ យ៉ូអែល 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូអែល 2:8-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ