យ៉ូណាស 4
4
ព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់
1ពេលឃើញដូច្នេះ លោកយ៉ូណាសមិនសប្បាយចិត្តទាល់តែសោះ លោកខឹងយ៉ាងខ្លាំង។ 2 លោកទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ឥឡូវនេះ ហេតុការណ៍កើតមាន ដូចទូលបង្គំបានសង្ស័យ តាំងពីទូលបង្គំនៅស្រុករបស់ទូលបង្គំម៉្លេះ។ ហេតុនេះហើយបានជាទូលបង្គំរត់គេចទៅស្រុកតើស៊ីស ព្រោះទូលបង្គំដឹងច្បាស់ថា ព្រះអង្គជាព្រះប្រកបទៅដោយព្រះហឫទ័យប្រណីសន្ដោស ព្រះអង្គតែងតែអាណិតអាសូរ មិនឆាប់ខ្ញាល់ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ហើយតែងតែប្រែព្រះហឫទ័យ មិនព្រមធ្វើទោសគេទេ។ 3 បពិត្រព្រះអម្ចាស់! ឥឡូវនេះ សូមព្រះអង្គដកជីវិតទូលបង្គំទៅ ដ្បិតទូលបង្គំចង់ស្លាប់ជាងរស់នៅតទៅមុខទៀត!»។ 4ព្រះអម្ចាស់មានព្រះបន្ទូលមកលោកយ៉ូណាសវិញថា៖ «តើអ្នកខឹងដូច្នេះសមឬមិនសម?»។
5ខណៈនោះ លោកយ៉ូណាសចេញទៅអង្គុយនៅខាងកើតទីក្រុង។ លោកសង់ខ្ទមមួយតូច ហើយអង្គុយក្រោមម្លប់ រង់ចាំមើលព្រឹត្តិការណ៍ដែលនឹងកើតមានដល់ក្រុងនីនីវេ។ 6ពេលនោះ ព្រះជាអម្ចាស់ធ្វើឲ្យមានរុក្ខជាតិមួយដើម ដុះឡើងពីលើលោកយ៉ូណាស ធ្វើជាម្លប់ដល់លោក ដើម្បីកុំឲ្យលោកមួម៉ៅតទៅទៀត។ លោកយ៉ូណាសសប្បាយចិត្តនឹងម្លប់រុក្ខជាតិនោះណាស់។ 7នៅថ្ងៃបន្ទាប់ មុនពេលថ្ងៃរះ ព្រះជាម្ចាស់បញ្ជាឲ្យដង្កូវមួយមកស៊ីរុក្ខជាតិនោះ រុក្ខជាតិក៏ក្រៀមស្រពោនអស់ទៅ។ 8លុះដល់ថ្ងៃរះ ព្រះជាម្ចាស់បញ្ជាខ្យល់ឲ្យបក់មកយ៉ាងខ្លាំង ពីទិសខាងកើត ហើយថ្ងៃក៏បញ្ចេញកម្ដៅចាំងមកលើក្បាលលោកយ៉ូណាស ធ្វើឲ្យលោកល្វើយកម្លាំង លោកទូលអង្វរសុំស្លាប់ ទាំងពោលថា៖ «ទូលបង្គំចង់ស្លាប់ ជាងរស់នៅតទៅមុខទៀត»។
9ពេលនោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា៖ «អ្នកខឹង ព្រោះតែរុក្ខជាតិនេះ តើសមឬមិនសម?»។ លោកទូលព្រះអង្គវិញថា៖ «បពិត្រព្រះអម្ចាស់ ទូលបង្គំខឹងរហូតដល់ជិតស្លាប់ ដូច្នេះ ត្រឹមត្រូវណាស់!»។ 10ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «សូមគិតមើល៍! អ្នកអាណិតរុក្ខជាតិដែលអ្នកមិនបានហត់នឿយដាំវាទាល់តែសោះ។ វាដុះឡើងតែមួយយប់ រួចវិនាសបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។ 11រីឯយើងវិញ តើមិនឲ្យយើងអាណិតក្រុងនីនីវេមហានគរនេះដូចម្ដេចបាន ដ្បិតមានប្រជាជនជាងដប់ពីរម៉ឺននាក់ ដែលមិនទាន់ដឹងខុសត្រូវ ព្រមទាំងមានហ្វូងសត្វច្រើនឥតគណនារស់នៅក្នុងក្រុងនេះទៀតផង»។
ទើបបានជ្រើសរើសហើយ៖
យ៉ូណាស 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.