យ៉ូស្វេ 13

13
ការ​បែង​ចែក​ទឹក​ដី
ទឹក​ដី​ដែល​ត្រូវ​វាយ​យក​បន្ត​ទៀត
1នៅ​គ្រា​នោះ លោក​យ៉ូស្វេ​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «អ្នក​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ រីឯ​ទឹក​ដី​ដែល​ត្រូវ​វាយ​យក ក៏​នៅ​សល់​ច្រើន​ណាស់​ដែរ។ 2ទឹក​ដី​ដែល​មិន​ទាន់​យក​បាន គឺ​ស្រុក​ភីលីស្ទីន​ទាំង​មូល និង​ស្រុក​កេស៊ូ‌រី​ទាំង​មូល 3ពោល​គឺ​ទឹក​ដី​ដែល​ចាត់​ទុក​ថា​ជា​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន លាត​សន្ធឹង​ចាប់​តាំង​ពី​ទឹក​ធ្លាក់​ស៊ីហោ នៅ​ព្រំ‌ប្រទល់​ស្រុក​អេស៊ីប រហូត​ដល់​តំបន់​អេក្រូន​នៅ​ទិស​ខាង​ជើង។ នៅ​លើ​ទឹក​ដី​នោះ មាន​នគរ​ប្រាំ​របស់​ជន‌ជាតិ​ភីលីស្ទីន ដែល​មាន​រាជ​ធានី​នៅ​ក្រុង​កាសា ក្រុង​អាស‌ដូឌ ក្រុង​អាស‌កាឡូន ក្រុង​កាថ និង​ក្រុង​អេក្រូន។ ជន‌ជាតិ​អាវីម​ក៏​រស់​នៅ​លើ​ទឹក​ដី​ដែរ។ 4នៅ​ខាង​ត្បូង មាន​ស្រុក​កាណាន​ទាំង​មូល និង​ក្រុង​មារ៉ា ដែល​ជា​កម្មសិទ្ធិ​របស់​ជន‌ជាតិ​ស៊ីដូន រហូត​ទៅ​ដល់​ក្រុង​អាផែក និង​ព្រំ‌ប្រទល់​ស្រុក​អាម៉ូរី 5ស្រុក​កេបាល និង​ស្រុក​លីបង់​ទាំង​មូល ដែល​នៅ​ទិស​ខាង​កើត ចាប់​តាំង​ពី​បាល‌កាដ នៅ​ជើង​ភ្នំ​ហ៊ើរ‌ម៉ូន រហូត​ដល់​ច្រក​ហា‌ម៉ាត់។ 6 ក្នុង​នោះ​ក៏​មាន​ទឹក​ដី​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​ស៊ីដូន ដែល​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​ចាប់​តាំង​ពី​ភ្នំ​លីបង់​រហូត​ដល់​ក្រុង​មីស‌រិផូត-‌ម៉ែម​ដែរ។ យើង​នឹង​បណ្ដេញ​ជន‌ជាតិ​ទាំង​នោះ ចេញ​ពី​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ត្រូវ​បែង​ចែក​ទឹក​ដី​នោះ​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល ដូច​យើង​បាន​បង្គាប់​ដល់​អ្នក​ស្រាប់​ហើយ។ 7ឥឡូវ​នេះ ចូរ​បែង​ចែក​ទឹក​ដី​កុល‌សម្ព័ន្ធ​ទាំង​ប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ទុក​ជា​មត៌ក​ទៅ»។
ការ​បែង​ចែក​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់
8 កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត បាន​ទទួល​ទឹក​ដី​ពី​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ ទុក​ជា​មត៌ក​រួច​ស្រេច​ទៅ​ហើយ គឺ​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។ 9ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​ក្បែរ​ទឹក​ធ្លាក់​អើ‌ណូន និង​ចាប់​តាំង​ពី​ទីក្រុង​ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ ព្រម​ទាំង​ខ្ពង់​រាប​មេដេ‌បា​ទាំង​មូល រហូត​ដល់​ក្រុង​ឌីបូន។ 10ទឹក​ដី​នោះ​លាត​សន្ធឹង​រហូត​ដល់​ព្រំ‌ប្រទល់​នៃ​ស្រុក​របស់​ជន‌ជាតិ​អាំម៉ូន ពោល​គឺ​ក្រុង​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​នៃ​ជន‌ជាតិ​អាម៉ូរី ដែល​សោយ​រាជ្យ​នៅ​ក្រុង​ហេស‌បូន 11និង​ស្រុក​កាឡាដ​ទឹក​ដី​ស្រុក​កេ‌ស៊ួ‌រី និង​ម៉ាកា‌ធី ព្រម​ទាំង​តំបន់​ភ្នំ​ហ៊ើរ‌ម៉ូន​ទាំង​មូល និង​តំបន់​បាសាន​ទាំង​មូល រហូត​ដល់​សាល‌កា 12ពោល​គឺ​អាណា‌ចក្រ​ទាំង​មូល​របស់​ព្រះ‌បាទ​អុក នៅ​ស្រុក​បាសាន ហើយ​ជា​ជន‌ជាតិ​រេផែម​មួយ​រូប ក្នុង​ចំណោម​ជន‌ជាតិ​រេផែម​ចុង​ក្រោយ​បង្អស់ ដែល​សោយ​រាជ្យ​នៅ​ក្រុង​អាសថា‌រ៉ូត និង​ក្រុង​អេទ្រី។ លោក​ម៉ូសេ​បាន​វាយ​យក​ទឹក​ដី​ពី​ស្ដេច​ទាំង​នោះ។ 13ក៏​ប៉ុន្តែ ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​បណ្ដេញ​ជន‌ជាតិ​កេស៊ូ‌រី និង​ជន‌ជាតិ​ម៉ាកា‌ធី​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​កេស៊ួ‌រី និង​ជន‌ជាតិ​ម៉ាកា‌ធី រស់​នៅ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល រហូត​មក​ដល់​សព្វ​ថ្ងៃ។ 14 មាន​តែ​កុល‌សម្ព័ន្ធ​លេវី​ប៉ុណ្ណោះ​ដែល​ពុំ​បាន​ទទួល​ទឹក​ដី​ជា​មត៌ក ព្រោះ​ពួក​គេ​ទទួល​តង្វាយ​ដុត ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​គេ ដូច​ព្រះអង្គ​បាន​បង្គាប់​មក​ពួក​គេ។
ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​រូបេន
15លោក​ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ឲ្យ​កុល‌សម្ព័ន្ធ​រូបេន ទៅ​តាម​អំបូរ​រៀងៗ​ខ្លួន។ 16ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​ក្បែរ​ទឹក​ធ្លាក់​អើ‌ណូន និង​ក្រុង​ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ​នោះ ព្រម​ទាំង​ខ្ពង់​រាប​ទាំង​មូល​នៅ​ជិត​មេ‌ដេបា 17ក្រុង​ហេស‌បូន និង​ក្រុង​ទាំង​ប៉ុន្មាន​នៅ​លើ​ខ្ពង់​រាប គឺ​ក្រុង​ឌីបូន ក្រុង​បាមូត-‌បាល ក្រុង​បេតបាល‌មេយ៉ូន 18ក្រុង​យ៉ាហាស ក្រុង​កេដេ‌មូត ក្រុង​មេផាត 19ក្រុង​គារយ៉ា‌ថែម ក្រុង​ស៊ីប‌ម៉ា ក្រុង​សេរេត-‌ហា‌សាកា ដែល​ស្ថិត​នៅ​លើ​ភ្នំ​ជាប់​នឹង​វាល​ទំនាប 20ក្រុង​បេត‌ពេ‌អ៊រ ជម្រាល​ភ្នំ​ពីសកា ក្រុង​បេត‌យេ‌ស៊ីម៉ុត 21ក្រុង​ទាំង​ប៉ុន្មាន​នៅ​តំបន់​ខ្ពង់​រាប អាណា‌ចក្រ​ទាំង​មូល​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី សោយ​រាជ្យ​នៅ​ក្រុង​ហេស‌បូន។ លោក​ម៉ូសេ​បាន​វាយ​ប្រហារ​ព្រះ‌បាទ​ស៊ីហុន ព្រម​ទាំង​ស្ដេច​ឯ​ទៀតៗ ដែល​ជា​ចំណុះ​របស់​ព្រះ‌បាទ​ស៊ីហុន គឺ​មាន​ស្ដេច​របស់​ជន‌ជាតិ​ម៉ាឌាន ជន‌ជាតិ​អេវី ជន‌ជាតិ​រេគែម ជន‌ជាតិ​ស៊ើរ ជន‌ជាតិ​ហ៊ើរ និង​ជន‌ជាតិ​រេបា ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ។ 22ក្នុង​ចំណោម​អស់​អ្នក​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​សម្លាប់ មាន​លោក​បាឡាម​ជា​គ្រូ​ទាយ ដែល​ត្រូវ​ជា​កូន​របស់​លោក​បេអ៊រ។ 23ព្រំ‌ប្រទល់​ខាង​លិច​នៃ​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​រូបេន គឺ​ទន្លេ​យ័រដាន់។ នេះ​ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​រូបេន តាម​អំបូរ និង​ស្រុក​ភូមិ​របស់​គេ។
ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​កាដ
24លោក​ម៉ូសេ​ក៏​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ឲ្យ​កុល‌សម្ព័ន្ធ​កាដ តាម​អំបូរ​របស់​ពួក​គេ​ដែរ។ 25ពួក​គេ​ទទួល​បាន​ទឹក​ដី​ស្រុក​យ៉ា‌ស៊ើរ ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កាឡាដ និង​ពាក់​កណ្ដាល​ស្រុក​អាំម៉ូន រហូត​ដល់​អារ៉ូ‌អើរ ដែល​នៅ​ខាង​មុខ​ក្រុង​រ៉ាបាត។ 26ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ហេស‌បូន រហូត​ដល់​ក្រុង​រ៉ាម៉ាត-‌មីសប៉េ និង​ក្រុង​បេ‌ថូ‌នីម ហើយ​ចាប់​តាំង​ពី​ក្រុង​ម៉ាហា‌ណែម​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​ដេបៀរ។ 27នៅ​ក្នុង​ជ្រលង​ភ្នំ ទឹក​ដី​របស់​គេ​មាន​ក្រុង​បេត‌ហា‌រ៉ាម ក្រុង​បេត‌នីម‌រ៉ា ក្រុង​ស៊ូកុត និង​ក្រុង​សាផូន​ដែល​ជា​ចំណែក​ទឹក​ដី​ចុង​ក្រោយ​នៃ​អាណា‌ចក្រ​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​នៅ​ក្រុង​ហេស‌បូន។ ទឹក​ដី​នេះ​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ដែល​ជា​ព្រំ‌ប្រទល់ ព្រម​ទាំង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ រហូត​ដល់​ចុង​សមុទ្រ​គេ‌នេ‌សារ៉ែត។ 28នេះ​ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​កាដ តាម​អំបូរ និង​ស្រុក​ភូមិ​របស់​គេ។
ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ខាង​កើត
29លោក​ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់‌កណ្ដាល ទៅ​តាម​អំបូរ​របស់​គេ។ 30ទឹក​ដី​នោះ​លាត​សន្ធឹង​ចាប់​តាំង​ពី​ស្រុក​ម៉ាហា‌ណែម ស្រុក​បាសាន ជា​អាណា‌ចក្រ​ទាំង​មូល​របស់​ព្រះ‌បាទ​អុក ស្ដេច​ស្រុក​បាសាន ព្រម​ទាំង​ភូមិ​ហុក‌សិប​នៅ​យ៉ាអៀរ ក្នុង​ស្រុក​បាសាន 31ពាក់​កណ្ដាល​ស្រុក​កាឡាដ ក្រុង​អាសថា‌រ៉ូត និង​ក្រុង​អេទ្រី ជា​រាជ​ធានី​របស់​ព្រះ‌បាទ​អុក នៅ​ស្រុក​បាសាន។ លោក​ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​ទាំង​នោះ ឲ្យ​ពូជ​អំបូរ​ពាក់​កណ្ដាល​របស់​លោក​ម៉ាកៀរ​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។
32នេះ​ហើយ​ជា​ទឹក​ដី​ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​ពួក​គេ ទុក​ជា​មត៌ក នៅ​ខាង​កើត​ក្រុង​យេរីខូ និង​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​នៅ​វាល​រាប​ស្រុក​ម៉ូអាប់។ 33 លោក​ម៉ូសេ​ពុំ​បាន​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​លេវី ទុក​ជា​មត៌ក​ទេ ប៉ុន្តែ លោក​ប្រាប់​ពួក​គេ​ថា មត៌ក​របស់​ពួក​គេ គឺ​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

ទើបបានជ្រើសរើសហើយ៖

យ៉ូស្វេ 13: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល