យ៉ូស្វេ 2:10-24

យ៉ូស្វេ 2:10-24 គខប

ដ្បិត​យើង​បាន​ឮ​គេ​និយាយ​ថា ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​សមុទ្រ​កក់​រីង​ស្ងួត​នៅ​ចំពោះ​មុខ​ពួក​លោក នៅ​គ្រា​ដែល​ពួក​លោក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ យើង​ក៏​ដឹង​ដែរ​ថា ពួក​លោក​បាន​ប្រព្រឹត្ត​បែប​ណា​ចំពោះ​ព្រះ‌បាទ​ស៊ីហុន និង​ព្រះ‌បាទ​អុក ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​ពួក​លោក​បាន​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់។ ពេល​ឮ​គេ​និយាយ​ដូច្នេះ យើង​ខ្ញុំ​ក៏​អស់​ទឹក​ចិត្ត ហើយ​ម្នាក់ៗ​ដូច​ជា​លស់​ព្រលឹង​នៅ​ចំពោះ​មុខ​ពួក​លោក ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​លោក ជា​ព្រះ​ដែល​គង់​នៅ​លើ​មេឃ​ដ៏​ខ្ពស់​បំផុត ហើយ​ព្រះអង្គ​ក៏​គង់​នៅ​ផែនដី​ខាង​ក្រោម​នេះ​ដែរ។ ឥឡូវ​នេះ សូម​លោក​ទាំង​ពីរ​ស្បថ​ឲ្យ​នាង​ខ្ញុំ ដោយ​យក​ព្រះ‌អម្ចាស់​ជា​សាក្សី​ថា នាង​ខ្ញុំ​បាន​ជួយ​លោក​ទាំង​ពីរ​ដោយ​សប្បុរស​យ៉ាង​ណា សូម​លោក​ជួយ​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ដោយ​សប្បុរស​យ៉ាង​នោះ​ដែរ។ សូម​ទុក​សញ្ញា​មួយ​ជា​ភស្ដុតាង​ឲ្យ​នាង​ខ្ញុំ​បាន​ដឹង​ច្បាស់​ថា ពួក​លោក​នឹង​អនុ‌គ្រោះ​ដល់​ជីវិត​ឪពុក​ម្ដាយ បងប្អូន ប្រុស​ស្រី​របស់​នាង​ខ្ញុំ ព្រម​ទាំង​ក្រុម​ញាតិ​ទាំង​អស់​របស់​គាត់ គឺ​សូម​ជួយ​គេ​ទាំង​អស់​គ្នា​ឲ្យ​បាន​រួច​ជីវិត​ផង»។ បុរស​ទាំង​ពីរ​ឆ្លើយ​ថា៖ «ប្រសិន​បើ​ពួក​នាង​មិន​យក​រឿង​របស់​យើង​ទៅ​លាត‌ត្រដាង​ប្រាប់​គេ​ទេ​នោះ យើង​នឹង​យក​ជីវិត​របស់​យើង​មក​ធានា​ជីវិត​របស់​ពួក​នាង។ កាល​ណា​ព្រះ‌អម្ចាស់​ប្រគល់​ស្រុក​នេះ​ឲ្យ​យើង​ហើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​សប្បុរស និង​ស្មោះ​ត្រង់»។ បន្ទាប់​មក នាង​បាន​ដាក់​ខ្សែ‌ពួរ​ឲ្យ​បុរស​ទាំង​ពីរ​ចុះ​តាម​បង្អួច ព្រោះ​ផ្ទះ​របស់​នាង​សង់​ជាប់​នឹង​កំពែង​ក្រុង គឺ​ស្ថិត​នៅ​លើ​កំពែង​នោះ​តែ​ម្ដង។ នាង​និយាយ​ទៅ​កាន់​បុរស​ទាំង​ពីរ​ថា៖ «សូម​រត់​ទៅ​កាន់​ភ្នំ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​ដេញ​តាម​ទាន់! សូម​ពួន​នៅ​ទី​នោះ​ចំនួន​បី​ថ្ងៃ ចាំ​ពួក​អ្នក​ដែល​ដេញ​តាម​ត្រឡប់​មក​វិញ រួច​សឹម​អញ្ជើញ​បន្ត​ដំណើរ​ទៅ​ទៀត»។ បុរស​ទាំង​ពីរ​ពោល​ទៅ​កាន់​នាង​ថា៖ «យើង​នឹង​ធ្វើ​តាម​ពាក្យ​ដែល​នាង​បាន​សុំ​ឲ្យ​យើង​ស្បថ តែ​នាង​ត្រូវ​ធ្វើ​ដូច​ត​ទៅ ពេល​ណា​យើង​ចូល​មក​ក្នុង​ស្រុក​នេះ នាង​ត្រូវ​ចង​ខ្សែ​ពណ៌​ក្រហម​នៅ​មាត់​បង្អួច ដែល​នាង​បាន​ឲ្យ​យើង​ចុះ​នោះ។ បន្ទាប់​មក ចូរ​ប្រមូល​ឪពុក​ម្ដាយ បងប្អូន និង​ក្រុម​គ្រួសារ​ទាំង​មូល ឲ្យ​មក​ជួប‌ជុំ​ជា​មួយ​នាង។ ប្រសិន​បើ​នរណា​ម្នាក់​ចេញ​ទៅ​ក្រៅ​ផ្ទះ គេ​នឹង​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង យើង​មិន​រ៉ាប់‌រង​ទទួល​ខុស​ត្រូវ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​មាន​ពួក​យើង​ប្រហារ​ជីវិត​នរណា​ម្នាក់​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង ពួក​យើង​នឹង​ទទួល​ខុស​ត្រូវ! ប៉ុន្តែ បើ​នាង​យក​រឿង​របស់​យើង​ទៅ​លាត‌ត្រដាង​ប្រាប់​គេ យើង​នឹង​បាន​រួច​ពី​សម្បថ ដែល​នាង​សុំ​ឲ្យ​យើង​ស្បថ​នោះ»។ នាង​ឆ្លើយ​ថា៖ «ចា៎ស សូម​ឲ្យ​សម្រេច​តាម​ពាក្យ​របស់​លោក​ទាំង​ពីរ​ចុះ!»។ បន្ទាប់​មក នាង​បាន​សុំ​ឲ្យ​គេ​ចេញ ហើយ​គេ​ក៏​ចេញ​ដំណើរ​ទៅ។ នាង​បាន​ចង​ខ្សែ​ពណ៌​ក្រហម​នៅ​មាត់​បង្អួច។ បុរស​ទាំង​ពីរ​ធ្វើ​ដំណើរ​ទៅ​ដល់​ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បី​ថ្ងៃ រហូត​ទាល់​តែ​ពួក​ដែល​ដេញ​តាម​ត្រឡប់​មក​វិញ។ ពួក​អ្នក​ដេញ​តាម​នោះ​បាន​រក​គេ​ហូរ‌ហែ​តាម​ផ្លូវ តែ​មិន​ឃើញ​សោះ។ បន្ទាប់​មក បុរស​ទាំង​ពីរ​បាន​ចុះ​ពី​ភ្នំ ឆ្លង​កាត់​ទន្លេ​យ័រដាន់ វិល​ទៅ​ជួប​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​វិញ ហើយ​ជម្រាប​លោក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​ដល់​ពួក​គេ។ បុរស​ទាំង​ពីរ​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «ព្រះ‌អម្ចាស់​ពិត​ជា​បាន​ប្រគល់​ទឹក​ដី​នេះ​ទាំង​មូល​មក​ឲ្យ​យើង​កាន់​កាប់​មែន សូម្បី​តែ​ប្រជា‌ជន​ក្នុង​ស្រុក​ក៏​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​យើង​ទាំង​អស់​គ្នា​ដែរ»។