យ៉ូស្វេ 21
21
ក្រុងទាំងឡាយរបស់កុលសម្ព័ន្ធលេវី
1មេក្រុមគ្រួសារនៃកូនចៅលេវីនាំគ្នាមកជួបលោកបូជាចារ្យអេឡាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងមេគ្រួសាររបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល 2 នៅស៊ីឡូ ក្នុងស្រុកកាណានជម្រាបថា៖ «ព្រះអម្ចាស់បានបញ្ជាតាមរយៈលោកម៉ូសេថា ត្រូវប្រគល់ក្រុងសម្រាប់ឲ្យយើងខ្ញុំស្នាក់នៅ ព្រមទាំងវាលស្មៅជិតខាង សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំដែរ»។ 3ដូច្នេះ ជនជាតិអ៊ីស្រាអែលបានយកក្រុងខ្លះ និងវាលស្មៅដែលជាចំណែកមត៌ករបស់ពួកគេ ចែកឲ្យពួកលេវី ស្របតាមបញ្ជារបស់ព្រះអម្ចាស់។
4គេបានចាប់ឆ្នោតសម្រាប់អំបូរនានានៃកូនចៅកេហាត់។ ក្នុងចំណោមពួកលេវីទាំងនោះ កូនចៅរបស់បូជាចារ្យអើរ៉ុនទទួលបានក្រុងចំនួនដប់បី ក្នុងទឹកដីរបស់កុលសម្ព័ន្ធយូដា កុលសម្ព័ន្ធស៊ីម្មាន និងកុលសម្ព័ន្ធបេនយ៉ាមីន។ 5កូនចៅឯទៀតៗរបស់កេហាត់ទទួលបានក្រុងចំនួនដប់ ក្នុងទឹកដីនៃអំបូរនានារបស់កុលសម្ព័ន្ធអេប្រាអ៊ីម កុលសម្ព័ន្ធដាន់ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលនៅខាងលិច។ 6កូនចៅរបស់លោកគើសុនទទួលបានក្រុងចំនួនដប់បី ក្នុងទឹកដីកុលសម្ព័ន្ធអ៊ីសាខារ កុលសម្ព័ន្ធអេស៊ើរ កុលសម្ព័ន្ធណែបថាលី និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលស្ថិតនៅក្នុងស្រុកបាសាន។ 7កូនចៅរបស់លោកម៉្រារីទទួលបានក្រុងចំនួនដប់ពីរ ក្នុងទឹកដីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប់យូឡូន។ 8ជនជាតិអ៊ីស្រាអែលបានចែកក្រុង និងវាលស្មៅនៅជុំវិញឲ្យពួកលេវី ដោយការចាប់ឆ្នោត ស្របតាមបញ្ជារបស់ព្រះអម្ចាស់មកលោកម៉ូសេ។
9កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធស៊ីម្មាន បានចែកក្រុងដែលមានឈ្មោះដូចខាងក្រោមនេះ 10ឲ្យកូនចៅលោកអើរ៉ុននៃអំបូរលោកកេហាត់ ជាកូនរបស់លោកលេវី ដ្បិតការចាប់ឆ្នោតលើកដំបូងត្រូវចំលើពួកគេ។ 11ពួកគេទទួលបានក្រុងគារយ៉ាត-អើបាពោលគឺក្រុងហេប្រូនដែលស្ថិតនៅក្នុងតំបន់ភ្នំស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញ។ លោកអើបា ជាបុព្វបុរសរបស់ជនជាតិអាណាក់។ 12រីឯដីចម្ការ និងភូមិនានាដែលនៅជាប់ក្រុងនោះវិញ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ ទុកជាកម្មសិទ្ធិ។ 13ពួកគេបានចែកក្រុងឲ្យកូនចៅលោកបូជាចារ្យអើរ៉ុន សម្រាប់ជាជម្រកដល់អ្នកសម្លាប់គេដូចតទៅនេះ គឺក្រុងហេប្រូន និងវាលស្មៅនៅជុំវិញ ក្រុងលីបណា និងវាលស្មៅនៅជុំវិញ 14ក្រុងយ៉ាទៀរ និងវាលស្មៅនៅជុំវិញ ក្រុងអែសធេម៉ូរ និងវាលស្មៅនៅជុំវិញ 15ក្រុងហូឡូន និងវាលស្មៅនៅជុំវិញ ក្រុងដេបៀរ និងវាលស្មៅនៅជុំវិញ 16ក្រុងអាយីន និងវាលស្មៅនៅជុំវិញ ក្រុងយូថា និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ប្រាំបួនក្រុង ក្នុងទឹកដីនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធស៊ីម្មាន។ 17ក្នុងទឹកដីនៃកុលសម្ព័ន្ធបេនយ៉ាមីន ពួកលេវីទទួលបានក្រុងគីបៀន និងវាលស្មៅនៅជុំវិញ ក្រុងកេបា និងវាលស្មៅនៅជុំវិញ 18ក្រុងអាណាថោត និងវាលស្មៅនៅជុំវិញ ក្រុងអាល់ម៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់បួនក្រុង។ 19សរុបទាំងអស់ ក្រុមបូជាចារ្យដែលជាកូនចៅលោកអើរ៉ុនទទួលបានដប់បីក្រុង ព្រមទាំងវាលស្មៅនៅជុំវិញផង។ 20ពួកលេវីក្នុងអំបូរឯទៀតៗនៃកូនចៅរបស់លោកកេហាត់ ទទួលបានក្រុងក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមការចាប់ឆ្នោត។ 21ពួកគេទទួលបានក្រុងសម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ គឺមានក្រុងស៊ីគែម និងវាលស្មៅនៅជុំវិញ ដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម ក្រុងកេស៊ើរ និងវាលស្មៅនៅជុំវិញ 22ក្រុងគីបសែម និងវាលស្មៅនៅជុំវិញ ក្រុងបេតហូរ៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់បួនក្រុង។ 23ក្នុងទឹកដីនៃកុលសម្ព័ន្ធដាន់ គេទទួលបានក្រុងអែលថ្កេរ និងវាលស្មៅនៅជុំវិញ ក្រុងគីបថោន និងវាលស្មៅនៅជុំវិញ 24ក្រុងអាយ៉ាឡូន និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងកាថ-រីម៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ 25ក្នុងទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល គេទទួលបានក្រុងពីរ គឺក្រុងតាណាក់ និងវាលស្មៅនៅជុំវិញ ក្រុងអ៊ីតឡាម និងវាលស្មៅនៅជុំវិញ។ 26សរុបមក អំបូរឯទៀតៗនៃកូនចៅរបស់លោកកេហាត់ទទួលបានក្រុងចំនួនដប់ ព្រមទាំងវាលស្មៅនៅជុំវិញ។
27ពួកលេវីជាកូនចៅលោកគើសុនទទួលបានក្រុង ក្នុងទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលនៅខាងកើត សម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ: ក្រុងកូឡាន និងវាលស្មៅនៅជុំវិញ ក្នុងស្រុកបាសាន ព្រមទាំងក្រុងបេសត្រា និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងពីរ។ 28ក្នុងទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារ គេទទួលបានក្រុងគីសយ៉ូន និងវាលស្មៅនៅជុំវិញ ក្រុងដាប្រាត និងវាលស្មៅនៅជុំវិញ 29ក្រុងយ៉ាមូត និងវាលស្មៅនៅជុំវិញក្រុងអេនកានីន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ 30ក្នុងទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរ គេទទួលបានក្រុងមីសាល់ និងវាលស្មៅនៅជុំវិញ ក្រុងអាប់ដូន និងវាលស្មៅនៅជុំវិញ 31ក្រុងហែលកាថ និងវាលស្មៅនៅជុំវិញ ក្រុងរេហូប និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ 32ក្នុងទឹកដីរបស់កុលសម្ព័ន្ធណែបថាលី គេទទួលបានក្រុងសម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ គឺក្រុងកេដែស និងវាលស្មៅនៅជុំវិញ ក្នុងស្រុកកាលីឡេ ក្រុងហាម៉ាត-ដោរ និងវាលស្មៅនៅជុំវិញ ក្រុងការថាន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបី។ 33សរុបទាំងអស់ ពួកលេវីជាកូនចៅរបស់លោកគើសុន តាមក្រុមគ្រួសាររបស់ពួកគេទទួលបានក្រុងដប់បី ព្រមទាំងវាលស្មៅនៅជុំវិញផង។
34ចំពោះអំបូរលេវីឯទៀតៗ គឺកូនចៅលោកម៉្រារី គេទទួលបានក្រុងក្នុងទឹកដីរបស់កុលសម្ព័ន្ធសាប់យូឡូន: ក្រុងយ៉ុកនាម និងវាលស្មៅនៅជុំវិញ ក្រុងការថា និងវាលស្មៅនៅជុំវិញ 35ក្រុងឌីម-ណា និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងណា-ហាឡាល់ និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ 36ក្នុងទឹកដីនៃកុលសម្ព័ន្ធរូបេនដែលនៅត្រើយខាងកើតទន្លេយ័រដាន់ គេបានទទួលក្រុងបេសស៊ើរ និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាហាស និងវាលស្មៅនៅជុំវិញ 37ក្រុងក្ដេម៉ូត និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងមេផ្អាត និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ 38ក្នុងទឹកដីនៃកុលសម្ព័ន្ធកាដ គេទទួលបានក្រុងសម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ គឺក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណែម និងវាលស្មៅនៅជុំវិញ 39ក្រុងហេសបូន និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងយ៉ាស៊ើរ និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ 40សរុបទាំងអស់ កូនចៅលោកម៉្រារីតាមអំបូររបស់ពួកគេ ពោលគឺអំបូរលេវីដែលនៅសល់ ទទួលបានក្រុងចំនួនដប់ពីរ ដោយការចាប់ឆ្នោត។
41រួមទាំងអស់ ក្រុងរបស់ពួកលេវី ក្នុងទឹកដីរបស់ជនជាតិអ៊ីស្រាអែល មានសែសិបប្រាំបី ក្រុងព្រមទាំងវាលស្មៅនៅជុំវិញ។ 42ក្រុងនីមួយៗមានវាលស្មៅនៅជុំវិញ គឺក្រុងទាំងអស់សុទ្ធតែមានវាលស្មៅដូចៗគ្នា។
43 ព្រះអម្ចាស់បានប្រគល់ស្រុកនោះទាំងមូលឲ្យជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលដែលទ្រង់បានសន្យាថានឹងប្រទានឲ្យបុព្វបុរសរបស់គេ។ ពួកគេបានកាន់កាប់ស្រុកជាកម្មសិទ្ធិ ហើយតាំងទីលំនៅនៅទីនោះ។ 44ព្រះអម្ចាស់ប្រទានសេចក្ដីសុខសាន្តនៅជុំវិញស្រុករបស់ពួកគេ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយដូនតារបស់គេ។ គ្មានខ្មាំងសត្រូវណាម្នាក់អាចតទល់នឹងពួកគេបានឡើយ ព្រោះព្រះអម្ចាស់បានប្រគល់ខ្មាំងសត្រូវទាំងអស់មកក្នុងកណ្ដាប់ដៃរបស់ពួកគេ។ 45ហេតុនេះ ព្រះបន្ទូលដ៏ប្រសើរដែលព្រះអម្ចាស់សន្យាជាមួយប្រជាជនអ៊ីស្រាអែលបានសម្រេចជាស្ថាពរ ឥតមានខ្វះត្រង់ណាឡើយ។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 21: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.