ព្រះអម្ចាស់ធ្វើដូចជាខ្មាំងសត្រូវ ព្រះអង្គលេបបំបាត់អ៊ីស្រាអែល ព្រះអង្គលេបបំបាត់វិមាន ព្រះអង្គកម្ទេចបន្ទាយទាំងប៉ុន្មានរបស់ស្រុកនេះ ព្រះអង្គធ្វើឲ្យប្រជាជនយូដាសោកសង្រេង និងយំថ្ងូរឥតមានពេលល្ហែ។ ព្រះអង្គកម្ទេចស្រុកទាំងមូលដែលជាចម្ការ របស់ព្រះអង្គ ព្រះអង្គកម្ទេចព្រះដំណាក់ និងព្រះពន្លារបស់ព្រះអង្គ។ ព្រះអម្ចាស់ធ្វើឲ្យប្រជាជននៅក្រុងស៊ីយ៉ូន លែងនឹកនាដល់ពិធីបុណ្យ និងថ្ងៃសប្ប័ទ*។ ដោយសារព្រះពិរោធរបស់ព្រះអង្គ ព្រះអង្គធ្វើឲ្យស្ដេច និងបូជាចារ្យត្រូវអាម៉ាស់។ ព្រះអម្ចាស់បោះបង់ចោលអាសនៈរបស់ព្រះអង្គ ព្រះអង្គស្អប់ខ្ពើមទីសក្ការៈរបស់ព្រះអង្គ ព្រះអង្គបណ្ដោយខ្មាំងសត្រូវរំលំកំពែងក្រុង ពួកគេនាំគ្នាស្រែកជយឃោស នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដូចនៅថ្ងៃធ្វើពិធីបុណ្យធំមួយ។ ព្រះអម្ចាស់សម្រេចរំលំកំពែងក្រុងស៊ីយ៉ូន ព្រះអង្គវាស់កំពែងនេះ ហើយព្រះអង្គមិនដកព្រះហស្ដមកវិញទេ ដរាបណាទាល់តែបំផ្លាញអស់ជាមុនសិន ព្រះអង្គបានធ្វើឲ្យប៉ម និងកំពែងក្រុង រំលំគរលើគ្នា។ ព្រះអង្គកម្ទេចទ្វារក្រុងឲ្យស្រុត កប់ទៅក្នុងដី ព្រមទាំងបំបាក់រនុកទៀតផង។ ស្ដេច និងមន្ត្រី ត្រូវគេកៀរទៅជាឈ្លើយ ក្នុងចំណោមប្រជាជាតិទាំងឡាយ ក្រឹត្យវិន័យលែងមានទៀតហើយ សូម្បីតែពួកព្យាការីក៏លែងនិមិត្ត ឃើញការអស្ចារ្យពីព្រះអម្ចាស់ទៀតដែរ។ ព្រឹទ្ធាចារ្យរបស់ក្រុងស៊ីយ៉ូន នាំគ្នាអង្គុយផ្ទាល់នឹងដី និយាយស្ដីលែងកើត ពួកគេរោយធូលីដីលើក្បាល ហើយស្លៀកបាវកាន់ទុក្ខ។ ស្រីក្រមុំនៅក្រុងយេរូសាឡឹម នាំគ្នាដើរឱនមុខយ៉ាងអាម៉ាស់។ ខ្ញុំយំទាល់តែហើមភ្នែក ចិត្តខ្ញុំខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំ ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។ កូនក្មេង និងទារកដេកដួលនៅតាមផ្លូវ ក្នុងបុរីនេះ។ ពួកវាយំទារអាហារ និងទឹកពីម្ដាយ ពួកវាដេកដួលនៅតាមផ្លូវក្នុងទីក្រុង ដូចអ្នករបួស ហើយផុតដង្ហើមនៅលើទ្រូងម្ដាយ។ ក្រុងស៊ីយ៉ូនអើយ តើខ្ញុំមានពាក្យអ្វីនឹងថ្លែងទៀត នាងក្រមុំស៊ីយ៉ូនអើយ តើខ្ញុំអាចយកអ្វីមកប្រៀបផ្ទឹម ដើម្បីសម្រាលទុក្ខនាងបាន? ដ្បិតមហន្តរាយរបស់នាងធំដូចមហាសាគរ តើនរណាអាចព្យាបាលនាងបាន? ពួកព្យាការីរបស់នាងបាននាំសុបិននិមិត្ត ឥតបានការ និងឥតខ្លឹមសារមកប្រាប់នាង ពួកគេពុំបានបង្ហាញអំពើអាក្រក់របស់នាង ដើម្បីស្ដារស្រុករបស់នាងឡើងវិញឡើយ ផ្ទុយទៅវិញ ពួកគេនាំតែសុបិននិមិត្ត ឥតបានការមកបញ្ឆោតនាង។ អស់អ្នកដើរកាត់តាមនេះ គេនឹងនាំគ្នាទះដៃ ហួច និងគ្រវីក្បាល ចំអកឲ្យប្រជាជនក្រុងយេរូសាឡឹម ទាំងពោលថា “នេះឬទីក្រុងដែលគេធ្លាប់តែ សរសើរថាស្អាតបំផុត និងសប្បាយបំផុត នៅលើផែនដី?”។
អាន បរិទេវ 2
ស្ដាប់នូវ បរិទេវ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បរិទេវ 2:5-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ