បរិទេវ 4
4
ទុក្ខវេទនារបស់អ្នកក្រុងយេរូសាឡឹម
1ម្ដេចក៏មាសប្រែជាស្រអាប់
ហើយមាសដ៏សុទ្ធប្រែជាបាត់រស្មីដូច្នេះ!
ថ្មព្រះវិហារនៅរប៉ាត់រប៉ាយគ្រប់ទីកន្លែង
តាមដងផ្លូវទាំងអស់!
2ប្រជាជននៃក្រុងស៊ីយ៉ូនមានតម្លៃណាស់
គឺមានតម្លៃដូចមាស។
ម្ដេចក៏អ្នកទាំងនោះត្រូវគេចាត់ទុកដូចជា
ក្អមដីដែលជាស្នាដៃរបស់ជាងស្មូនដូច្នេះ!
3សូម្បីតែឆ្កែព្រៃក៏ចេះបំបៅកូនរបស់វាដែរ
រីឯប្រជាជនរបស់ខ្ញុំវិញ
គេបែរជាមានចិត្តសាហាវចំពោះកូនរបស់ខ្លួន
ដូចសត្វអូទ្រុស នៅវាលរហោស្ថាន។
4កូនតូចៗរបស់គេស្រេកទឹកខះក
ក្មេងៗនាំគ្នាយំទាររកបាយ
តែគ្មាននរណាយកអ្វីមកបញ្ចុកវាទេ។
5អស់អ្នកដែលធ្លាប់តែមានអាហារឆ្ងាញ់ៗ
បរិភោគ បែរជាដាច់ពោះស្លាប់នៅតាមផ្លូវ
អស់អ្នកដែលធ្លាប់តែស្លៀកពាក់យ៉ាងរុងរឿង
តាំងពីក្មេងមក
បែរជានាំគ្នាកាយសំរាមរកអាហារបរិភោគ។
6 ប្រជាជនរបស់ខ្ញុំមានកំហុសធ្ងន់ជាង
អ្នកក្រុងសូដុមដែលត្រូវវិនាសយ៉ាងទាន់ហន់
ដោយគ្មាននរណាប្រហារនោះទៅទៀត។
7ពួកមេដឹកនាំធ្លាប់តែជាមនុស្សបរិសុទ្ធឥតខ្ចោះ
ហើយសជាងសំឡីទៅទៀត
ពួកគេមានរូបកាយល្អស្អាតជាងផ្កាថ្ម
ហើយផ្ទៃមុខភ្លឺដូចកែវមរកត។
8ប៉ុន្តែ ឥឡូវនេះ មុខពួកគេប្រែជាខ្មៅដូចធ្យូង
នៅតាមផ្លូវ គ្មាននរណាមើលពួកគេស្គាល់ទេ
ពួកគេស្គមសល់តែស្បែក និងឆ្អឹង
ហើយស្បែករបស់គេស្ងួតដូចសំបកឈើ។
9អ្នកស្លាប់ដោយមុខដាវមានសំណាង
ជាងអ្នកស្លាប់ដោយអត់អាហារ
ដែលវិនាសបន្តិចម្ដងៗ ព្រោះគ្មានអ្វីបរិភោគ។
10 នៅពេលមហន្តរាយមកដល់
ស្ត្រីដែលធ្លាប់តែមានចិត្តអាណិតមេត្តា
បែរជានាំគ្នាស្ងោរកូនឯងបរិភោគទៅវិញ។
11 ព្រះអម្ចាស់ក្រេវក្រោធដល់កម្រិត
ព្រះអង្គបានជះព្រះពិរោធ
ព្រះអង្គបង្កាត់ភ្លើងដុតក្រុងស៊ីយ៉ូន
ឲ្យឆេះរហូតដល់គ្រឹះ។
12ស្ដេចទាំងឡាយនៅលើផែនដី
ព្រមទាំងមនុស្សម្នាក្នុងលោកទាំងមូល
ពិបាកជឿថា បច្ចាមិត្តអាចចូលមកក្នុង
ក្រុងយេរូសាឡឹមបានយ៉ាងនេះ។
13ហេតុការណ៍នេះកើតឡើង
ព្រោះតែអំពើបាបរបស់ពួកព្យាការី
និងកំហុសរបស់ពួកបូជាចារ្យ
ដែលប្រហារជីវិតមនុស្សសុចរិតនៅក្នុងទីក្រុង!
14អ្នកទាំងនោះដើរតែលតោលនៅតាមផ្លូវ
ដូចមនុស្សខ្វាក់
ខ្លួនប្រាណរបស់គេប្រឡាក់ទៅដោយឈាម
សូម្បីតែសម្លៀកបំពាក់របស់ពួកគេ
ក៏គ្មាននរណាហ៊ានប៉ះពាល់ដែរ។
15អ្នកឯទៀតៗស្រែកដាក់អ្នកទាំងនោះថា:
ជនមិនបរិសុទ្ធអើយ ចូរចៀសចេញទៅ!
ចៀស! ចូរចៀសឲ្យឆ្ងាយទៅ!
កុំប៉ះពាល់ឲ្យសោះ!
ពួកគេរត់ភៀសខ្លួន
ពីប្រជាជាតិមួយទៅប្រជាជាតិមួយ
តែគ្មាននរណាទទួលពួកគេ
ឲ្យស្នាក់អាស្រ័យឡើយ។
16 ព្រះអម្ចាស់ផ្ទាល់បានកម្ចាត់កម្ចាយពួកគេ
ព្រះអង្គលែងរវីរវល់នឹងពួកគេ។
គ្មាននរណាគោរពពួកបូជាចារ្យ
ឬអាណិតមេត្តាមនុស្សចាស់ជរាឡើយ។
17យើងទន្ទឹងរង់ចាំរហូតដល់ផ្សាភ្នែក
តែមិនឃើញមាននរណាមកសង្គ្រោះសោះ
យើងឃ្លាំមើល ហើយឃ្លាំមើលទៀត
តែគ្មានប្រជាជាតិណាមួយសង្គ្រោះយើងទេ។
18សត្រូវនាំគ្នាពួនស្ទាក់ចាំប្រហារយើង
សូម្បីតែនៅតាមផ្លូវក្នុងក្រុងរបស់យើង
ក៏យើងដើរមិនបានផង។
ថ្ងៃដែលយើងត្រូវស្លាប់ ជិតមកដល់
យើងជិតអស់អាយុ
ថ្ងៃដែលយើងត្រូវស្លាប់ មកដល់ហើយ!
19អ្នកដែលប្រហារយើង នាំគ្នាដេញតាមយើង
លឿនជាងសត្វឥន្ទ្រីហោះហើរនៅលើមេឃ
ពួកគេដេញតាមយើងនៅលើភ្នំ
ពួកគេចាំស្ទាក់យើងនៅវាលរហោស្ថាន។
20យើងធ្លាប់ពោលថា
ដោយសារម្លប់ត្រជាក់ត្រជុំនៃព្រះមហាក្សត្រ
យើងនឹងរស់នៅក្នុងចំណោម
ប្រជាជាតិទាំងឡាយ។
ប៉ុន្តែឥឡូវនេះ ព្រះមហាក្សត្រ
ដែលជាម្ចាស់ជីវិតរបស់យើង
គឺស្ដេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេក
ទ្រង់ជាប់ឃុំឃាំងក្នុងរណ្ដៅរបស់ពួកគេ។
21ប្រជាជនស្រុកអេដុម ប្រជាជនស្រុកអ៊ូសអើយ
ចូរសប្បាយចិត្ត ចូររីករាយទៅ!
ដ្បិតអ្នកត្រូវទទួលពែងនៃទុក្ខលំបាកនេះដែរ
អ្នកនឹងស្រវឹង ហើយនៅខ្លួនទទេ។
22ប្រជាជនក្រុងស៊ីយ៉ូនអើយ
អ្នកទទួលទោសដល់កម្រិតហើយ
គ្មាននរណាកៀរអ្នកយកទៅជាឈ្លើយទៀតទេ
រីឯប្រជាជនស្រុកអេដុមវិញ
ព្រះអម្ចាស់នឹងធ្វើទណ្ឌកម្មពួកគេ
ស្របតាមអំពើដែលគេប្រព្រឹត្ត
គឺព្រះអង្គលាតត្រដាងអំពើបាបរបស់ពួកគេ។
ទើបបានជ្រើសរើសហើយ៖
បរិទេវ 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.