ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ពិធីបុណ្យដ៏សំខាន់ៗជាឱកាសមួយ ដែលអ្នករាល់គ្នាជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ ។ ពិធីបុណ្យដ៏សំខាន់ៗរបស់យើងមានដូចតទៅ: អ្នករាល់គ្នាធ្វើការប្រាំមួយថ្ងៃ ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទ* ជាថ្ងៃសម្រាក ដែលអ្នករាល់គ្នាត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់។ គ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនៅថ្ងៃនោះឡើយ ព្រោះជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់។ បុណ្យដ៏សំខាន់ៗរបស់ព្រះអម្ចាស់ ដែលអ្នករាល់គ្នាត្រូវកំណត់ពេលជួបជុំគ្នាថ្វាយបង្គំព្រះអង្គ មានដូចតទៅ: នៅខែទីមួយ ថ្ងៃទីដប់បួន ក្រោយពេលថ្ងៃលិច ជាបុណ្យចម្លង*ថ្វាយព្រះអម្ចាស់។ នៅថ្ងៃទីដប់ប្រាំ ក្នុងខែដដែលនោះ ជាបុណ្យនំប៉័ងឥតមេថ្វាយព្រះអម្ចាស់។ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីមួយ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ កុំធ្វើការអ្វីនឿយហត់នៅថ្ងៃនោះឡើយ។ អ្នករាល់គ្នាត្រូវយកតង្វាយដុតមកថ្វាយព្រះអម្ចាស់ ចំនួនប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ត្រូវជួបជុំគ្នាថ្វាយបង្គំព្រះអម្ចាស់ គឺមិនត្រូវធ្វើការអ្វីនឿយហត់នៅថ្ងៃនោះឡើយ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ពេលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យអ្នករាល់គ្នា ហើយពេលអ្នករាល់គ្នាច្រូតស្រូវ ត្រូវយកកណ្ដាប់ស្រូវដែលអ្នករាល់គ្នាច្រូតមុនគេបង្អស់ មកជូនបូជាចារ្យ។ នៅថ្ងៃបន្ទាប់ពីថ្ងៃសប្ប័ទ* បូជាចារ្យត្រូវលើកកណ្ដាប់ស្រូវនេះថ្វាយព្រះអម្ចាស់ ដើម្បីឲ្យព្រះអង្គសព្វព្រះហឫទ័យទទួលយកពីអ្នករាល់គ្នា។ នៅថ្ងៃដែលអ្នករាល់គ្នាលើកកណ្ដាប់ស្រូវថ្វាយព្រះអម្ចាស់ ត្រូវថ្វាយកូនចៀមមួយអាយុមួយខួប ល្អឥតខ្ចោះ ជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់ ព្រមទាំងយកម្សៅម៉ដ្ដពីរភាគដប់នៃអេផា*លាយជាមួយប្រេង មកថ្វាយជាមួយកូនចៀមនោះ ជាតង្វាយដុត មានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ចូរយកស្រាទំពាំងបាយជូរមួយភាគបួននៃហ៊ីន* មកថ្វាយសម្រាប់ពិធីច្រួចស្រាដែរ។ អ្នករាល់គ្នាអាចបរិភោគនំប៉័ង លាជ ឬស្រូវថ្មីបាន លុះត្រាណាតែអ្នករាល់គ្នានាំយកតង្វាយមកថ្វាយព្រះរបស់អ្នករាល់គ្នា តាមពេលកំណត់ជាមុនសិន។ នេះជាច្បាប់ដែលត្រូវអនុវត្តតាមរហូតតទៅ នៅគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
អាន លេវីវិន័យ 23
ស្ដាប់នូវ លេវីវិន័យ 23
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 23:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ