ម្យ៉ាងទៀត នាងអេលីសាបិត ជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ នាងម៉ារីពោលទៅទេវតាថា៖ «នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាចាកចេញពីនាងទៅ។ នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា។ នាងបានចូលទៅក្នុងផ្ទះលោកសាការី ហើយជម្រាបសួរនាងអេលីសាបិត។ ពេលនាងអេលីសាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបម្រះឡើង ហើយគាត់ក៏បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ រួចបន្លឺសំឡេងឡើងថា៖ «ព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានា ហើយព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។ តើរូបខ្ញុំនេះមានឋានៈអ្វី បានជាមាតាព្រះអម្ចាស់របស់ខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះ? កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបម្រះឡើងដោយអំណរសប្បាយ នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿ ព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាងមុខជាសម្រេចមិនខាន»។ ពេលនោះ នាងម៉ារីថ្លែងឡើងថា៖ «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន ព្រះដ៏មានឫទ្ធានុភាពបានសម្តែង ការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធ*មែន! ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ នៅគ្រប់ជំនាន់តរៀងទៅ ព្រះអង្គបានសម្តែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ ព្រះអង្គបានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយព្រះអង្គលើកតម្កើងមនុស្សទន់ទាបឡើង។ ព្រះអង្គបានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្ដេញពួកអ្នកមាន ឲ្យត្រឡប់ទៅវិញដោយដៃទទេ។ ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្តែងព្រះហឫទ័យមេត្តាករុណា ដល់លោកអប្រាហាំ និងពូជពង្សរបស់លោក ជានិច្ចតរៀងទៅ ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើង ឥតភ្លេចសោះឡើយ»។ នាងម៉ារីបានស្នាក់នៅជាមួយនាងអេលីសាបិតអស់រយៈពេលប្រមាណបីខែ ទើបនាងត្រឡប់ទៅផ្ទះវិញ។ លុះនាងអេលីសាបិតគ្រប់ខែហើយ គាត់សម្រាលបានកូនប្រុសមួយ។ អ្នកជិតខាង និងញាតិសន្ដាននាំគ្នាអបអរសាទរជាមួយគាត់ ព្រោះគេបានឮដំណឹងថា ព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណាចំពោះគាត់យ៉ាងច្រើនអនេក។ ប្រាំបីថ្ងៃក្រោយមក គេធ្វើពិធីកាត់ស្បែក*ឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា“សាការី”ដូចឪពុកដែរ តែម្ដាយប្រាប់ថា៖ «ទេ! ត្រូវដាក់ឈ្មោះថា“យ៉ូហាន”វិញ»។ ពួកគេតបថា៖ «ក្នុងញាតិសន្ដានរបស់អ្នក គ្មាននរណាមានឈ្មោះហ្នឹងទេ»។ គេធ្វើសញ្ញាសួរទៅលោកសាការីថា ចង់ដាក់ឈ្មោះអ្វីឲ្យកូន។ លោកសាការីសុំឲ្យគេយកក្ដារឆ្នួនមួយមក ហើយសរសេរថា «កូននេះឈ្មោះ យ៉ូហាន»។ ពួកគេងឿងឆ្ងល់គ្រប់គ្នា។ រំពេចនោះ ស្រាប់តែលោកនិយាយបានដូចដើមវិញ រួចលោកបន្លឺសំឡេងសរសើរព្រះជាម្ចាស់។ អ្នកជិតខាងកោតស្ញប់ស្ញែង គ្រប់ៗគ្នា ហើយព្រឹត្តិការណ៍នេះឮសុសសាយពេញតំបន់ភ្នំក្នុងស្រុកយូដា។ អស់អ្នកដែលបានឮក៏ចងចាំរឿងនេះទុកក្នុងចិត្ត ហើយដណ្ដឹងសួរខ្លួនឯងថា៖ «តើថ្ងៃក្រោយ កូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះបារមី របស់ព្រះអម្ចាស់តាមជួយថែរក្សាកូននេះ។ ពេលនោះ លោកសាការីជាឪពុករបស់ទារក បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ហើយថ្លែងពាក្យក្នុងព្រះនាមព្រះអង្គថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដ្បិតព្រះអង្គសព្វព្រះហឫទ័យយាងមក រំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គបានប្រទានព្រះសង្គ្រោះ ដ៏មានឫទ្ធិមួយព្រះអង្គពីក្នុងចំណោម ព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបម្រើព្រះអង្គមកឲ្យយើង។ ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យាថ្លែងតាមរយៈ ព្យាការី*របស់ព្រះអង្គនៅជំនាន់ដើម គឺព្រះអង្គសង្គ្រោះយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។ ព្រះអង្គសម្តែងព្រះហឫទ័យ មេត្តាករុណាដល់បុព្វបុរស*របស់យើង ហើយគោរពតាមសម្ពន្ធមេត្រី* ដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់ លោកអប្រាហាំ*ជាបុព្វបុរសរបស់យើងថា ព្រះអង្គនឹងរំដោះយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបម្រើព្រះអង្គបាន ដោយឥតភ័យខ្លាច ព្រមទាំងឲ្យយើងរស់នៅបានបរិសុទ្ធ* និងសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។ ចំណែកឯកូនវិញ កូននឹងទៅជាព្យាការី* របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ កូននឹងធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គដឹង ថាព្រះអង្គសង្គ្រោះគេ ដោយលើកលែងទោសឲ្យគេរួចពីបាប។ ព្រះរបស់យើងមានព្រះហឫទ័យ មេត្តាករុណាដ៏លើសលុប ព្រះអង្គប្រទានថ្ងៃរះ ពីស្ថានលើមក ដើម្បីរំដោះយើង និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្ដីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើង ឆ្ពោះទៅរកសេចក្ដីសុខសាន្ត»។ កុមារយ៉ូហានមានវ័យចម្រើនឡើងជាលំដាប់ ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ។ គាត់រស់នៅតែក្នុងវាលរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនឲ្យប្រជារាស្ត្រអ៊ីស្រាអែលឃើញ។
អាន លូកា 1
ស្ដាប់នូវ លូកា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 1:36-80
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ