លូកា 13
13
ត្រូវកែប្រែចិត្តគំនិត
1ពេលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូអំពីអ្នកស្រុកកាលីឡេ ដែលលោកពីឡាតបានសម្លាប់នៅពេលគេកំពុងតែថ្វាយយញ្ញបូជា។ 2ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «តើអ្នករាល់គ្នាស្មានថាអ្នកស្រុកកាលីឡេទាំងនោះជាមនុស្សមានបាប ច្រើនជាងអ្នកស្រុកកាលីឡេឯទៀតៗឬ បានជាគេស្លាប់របៀបនេះ? 3ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្តរាយដូចគេមិនខាន។ 4ចុះមនុស្សដប់ប្រាំបីនាក់ដែលបានស្លាប់ ដោយប៉មស៊ីឡោមរលំសង្កត់លើ តើអ្នករាល់គ្នាស្មានថា អ្នកទាំងនោះមានទោសធ្ងន់ជាងអ្នកក្រុងយេរូសាឡឹមឯទៀតៗឬ? 5ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្តរាយដូច្នោះដែរ»។
ប្រស្នាស្ដីអំពីឧទុម្ពរគ្មានផ្លែ
6បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះទៅគេថា៖ «មានឧទុម្ពរ*មួយដើមដុះក្នុងចម្ការបុរសម្នាក់។ ម្ចាស់ចម្ការមករកបេះផ្លែពីដើមឧទុម្ពរនោះ តែគ្មានផ្លែសោះ 7គាត់ក៏ប្រាប់អ្នកថែចម្ការថា៖ “មើល៍ ខ្ញុំមករកបេះផ្លែឧទុម្ពរនេះបីឆ្នាំហើយ តែមិនឃើញមានផ្លែសោះ។ ចូរកាប់វាចោលទៅ ទុកនាំតែខាតដីទេ!”។ 8អ្នកថែចម្ការឆ្លើយតបថា៖ “សូមលោកទុកវាមួយឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជី។ 9ឆ្នាំក្រោយប្រហែលជានឹងមានផ្លែ បើមិនផ្លែទេ សឹមកាប់វាចោលទៅចុះ!”»។
ព្រះយេស៊ូប្រោសស្ត្រីពិការម្នាក់ឲ្យជា
10ថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូកំពុងតែប្រៀនប្រដៅគេក្នុងសាលាប្រជុំ*។ 11នៅទីនោះ មានស្ត្រីម្នាក់ដែលត្រូវវិញ្ញាណអាក្រក់ធ្វើឲ្យពិការ អស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នង ងើបត្រង់ពុំកើត។ 12ពេលព្រះយេស៊ូទតឃើញស្ត្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖ «នាងអើយ! នាងបានជាសះស្បើយហើយ»។ 13ព្រះអង្គដាក់ព្រះហស្ដលើនាង នាងក៏ឈរត្រង់វិញបានមួយរំពេច ព្រមទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ 14 ប៉ុន្តែ អ្នកទទួលខុសត្រូវលើសាលាប្រជុំទាស់ចិត្តណាស់ ដោយឃើញព្រះយេស៊ូប្រោសអ្នកជំងឺឲ្យបានជានៅថ្ងៃសប្ប័ទដូច្នេះ។ គាត់ក៏និយាយទៅកាន់បណ្ដាជនថា៖ «យើងមានសិទ្ធិធ្វើការបានចំនួនប្រាំមួយថ្ងៃ។ ដូច្នេះ ចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃសប្ប័ទឡើយ!»។ 15ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់អ្នកទទួលខុសត្រូវលើសាលាប្រជុំនោះថា៖ «មនុស្សមានពុតអើយ! តើអ្នករាល់គ្នាមិនស្រាយគោ ឬលា បញ្ចេញពីក្រោល ដឹកទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬអី? 16ឯស្ត្រីនេះជាពូជពង្សរបស់លោកអប្រាហាំ មារសាតាំងបានចងនាងអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ តើមិនគួរឲ្យខ្ញុំស្រាយចំណងនាងនៅថ្ងៃសប្ប័ទទេឬអី?»។ 17កាលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ អ្នកប្រឆាំងនឹងព្រះអង្គអៀនខ្មាសយ៉ាងខ្លាំង រីឯបណ្ដាជនទាំងមូលវិញ គេរីករាយនឹងការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ។
ប្រស្នាស្ដីអំពីគ្រាប់ពូជល្អិត និងមេម្សៅ
(ម៉ាថាយ ១៣.៣១-៣៣ ម៉ាកុស ៤.៣០-៣២)
18ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើព្រះរាជ្យព្រះជាម្ចាស់ប្រៀបបានទៅនឹងអ្វីខ្លះ? តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី? 19ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចម្ការរបស់ខ្លួន។ គ្រាប់នោះក៏ដុះឡើង បានទៅជាដើមឈើមួយ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។ 20ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី? 21ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាមេម្សៅ ដែលស្ត្រីម្នាក់យកទៅលាយជាមួយនឹងម្សៅពីរតៅ ធ្វើឲ្យម្សៅនោះដោរឡើង»។
ទ្វារចង្អៀត
(ម៉ាថាយ ៧.១៣-១៤, ២១-២៣)
22ព្រះយេស៊ូធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡឹមកាត់តាមក្រុង តាមភូមិនានា ព្រមទាំងប្រៀនប្រដៅអ្នកស្រុកផង។ 23មានបុរសម្នាក់ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! អ្នកដែលព្រះជាម្ចាស់សង្គ្រោះមានចំនួនតិចទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ 24«ចូរខំប្រឹងចូលតាមទ្វារចង្អៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនខំចូលដែរ ប៉ុន្តែ គេមិនអាចចូលឡើយ។ 25កាលណាម្ចាស់ផ្ទះក្រោកទៅបិទទ្វារជិតហើយ អ្នករាល់គ្នានឹងឈរនៅខាងក្រៅ គោះទ្វារផ្ទះទាំងអង្វរថា “ឱព្រះអម្ចាស់អើយ សូមបើកទ្វារឲ្យយើងខ្ញុំផង”។ ម្ចាស់ផ្ទះនឹងតបមកអ្នករាល់គ្នាថា “យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។ 26អ្នករាល់គ្នាមុខជាជម្រាបលោកថា “យើងខ្ញុំធ្លាប់បរិភោគជាមួយព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់ប្រៀនប្រដៅយើងខ្ញុំនៅតាមភូមិដែរ”។ 27 លោកនឹងប្រាប់អ្នករាល់គ្នាវិញថា “ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ! ចូរថយចេញឲ្យឆ្ងាយពីយើងទៅ យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។ 28 កាលអ្នករាល់គ្នាឃើញលោកអប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប និងព្យាការី*ទាំងឡាយ ស្ថិតនៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់ តែព្រះអង្គចោលអ្នករាល់គ្នាឲ្យនៅខាងក្រៅ អ្នករាល់គ្នានឹងយំសោកខឹងសង្កៀតធ្មេញ។ 29មានមនុស្សមកពីទិសទាំងបួនចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។ 30 ពេលនោះ អ្នកខ្លះដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកខ្លះដែលនៅខាងមុខនឹងត្រឡប់ទៅនៅខាងក្រោយវិញ»។
អ្នកក្រុងយេរូសាឡឹមបដិសេធមិនទទួលព្រះយេស៊ូ
(ម៉ាថាយ ២៣.៣៧-៣៩)
31នៅពេលនោះ មានពួកខាងគណៈផារីស៊ី*ខ្លះមកទូលព្រះយេស៊ូថា៖ «សូមលោកអញ្ជើញទៅកន្លែងផ្សេងទៅ ព្រោះស្ដេចហេរ៉ូដចង់សម្លាប់លោក»។ 32ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់ស្ដេចកំហូច នោះថា ថ្ងៃនេះ និងថ្ងៃស្អែក ខ្ញុំបណ្ដេញអារក្ស ខ្ញុំមើលអ្នកជំងឺឲ្យជា លុះដល់ខានស្អែក ខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ។ 33ប៉ុន្តែ នៅថ្ងៃនេះ ស្អែក និងខានស្អែក ខ្ញុំត្រូវតែបន្តដំណើររបស់ខ្ញុំទៅមុខទៀត ដ្បិតមិនគួរឲ្យព្យាការី*ស្លាប់នៅខាងក្រៅក្រុងយេរូសាឡឹមឡើយ។
34អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី ហើយយកដុំថ្មគប់សម្លាប់អស់អ្នក ដែលព្រះជាម្ចាស់បានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។ 35 ផ្ទះរបស់អ្នករាល់គ្នានឹងត្រូវបោះបង់ចោល។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលថា:
“សូមព្រះជាម្ចាស់ប្រទានពរដល់
ព្រះអង្គដែលយាងមក ក្នុងនាមព្រះអម្ចាស់!” »។
ទើបបានជ្រើសរើសហើយ៖
លូកា 13: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.