លូកា 14

14
ព្រះ‌យេស៊ូ​ប្រោស​អ្នក​ជំងឺ​ម្នាក់​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ
1មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ* ព្រះ‌យេស៊ូ​យាង​ទៅ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​របស់​មេ​ដឹក​នាំ​ខាង​គណៈ‌ផារីស៊ី*​ម្នាក់ អស់​អ្នក​ដែល​នៅ​ផ្ទះ​នោះ​តាម​ឃ្លាំ​មើល​ព្រះអង្គ។ 2មាន​បុរស​ម្នាក់​កើត​ទាច ឈរ​នៅ​មុខ​ព្រះអង្គ។ 3ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​ពួក​បណ្ឌិត​ខាង​វិន័យ* និង​ពួក​ខាង​គណៈ‌ផារីស៊ី*​ថា៖ «តើ​យើង​មាន​សិទ្ធិ​មើល​អ្នក​ជំងឺ​ឲ្យ​ជា នៅ​ថ្ងៃ​សប្ប័ទ​ឬ​ទេ?»។ 4គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា ព្រះ‌យេស៊ូ​ហៅ​អ្នក​ជំងឺ​មក ហើយ​ប្រោស​គាត់​ឲ្យ​ជា រួច​ឲ្យ​គាត់​ត្រឡប់​ទៅ​វិញ។ 5 បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ម្នាក់​មាន​កូន ឬ​គោ ធ្លាក់​អណ្ដូង ទោះ​បី​ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ​ក៏​ដោយ ក៏​អ្នក​នោះ​ស្រង់​វា​ឡើង​ជា​បន្ទាន់​មិន​ខាន»។ 6គេ​ពុំ​អាច​ឆ្លើយ​តប​នឹង​ព្រះអង្គ​អំពី​សេចក្ដី​ទាំង​នេះ​ឡើយ។
កុំ​ចង់​បាន​កន្លែង​កិត្តិយស
7ព្រះ‌យេស៊ូ​សង្កេត​ឃើញ​ភ្ញៀវៗ​ចេះ​តែ​រើស​កន្លែង​កិត្តិយស​អង្គុយ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ទៅ​គេ​ថា៖ 8 «បើ​មាន​គេ​អញ្ជើញ​អ្នក​ទៅ​ជប់‌លៀង ក្នុង​ពិធី​មង្គល​ការ​ណា​មួយ សុំ​កុំ​ទៅ​អង្គុយ​កន្លែង​ដែល​គេ​បម្រុង​ទុក​សម្រាប់​ភ្ញៀវ​កិត្តិយស ក្រែង​លោ​គេ​បាន​អញ្ជើញ​ភ្ញៀវ​ម្នាក់​ទៀត មាន​ឋានៈ​ខ្ពស់​ជាង​អ្នក។ 9ប្រសិន​បើ​ម្ចាស់​ផ្ទះ​បាន​អញ្ជើញ​អ្នក​ផង អញ្ជើញ​ភ្ញៀវ​មាន​ឋានៈ​ខ្ពស់​នោះ​ផង គាត់​មុខ​ជា​សុំ​ឲ្យ​អ្នក​ទុក​កន្លែង​កិត្តិយស​ជូន​អ្នក​មាន​ឋានៈ​ខ្ពស់​ជា​មិន​ខាន។ ពេល​នោះ អ្នក​នឹង​ត្រូវ​អាម៉ាស់​មុខ ហើយ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​វិញ។ 10ដូច្នេះ បើ​មាន​គេ​អញ្ជើញ​អ្នក ចូរ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​សិន លុះ​ដល់​ម្ចាស់​ផ្ទះ​ពោល​មក​កាន់​អ្នក​ថា “សម្លាញ់​អើយ! សូម​អ្នក​មក​អង្គុយ​នៅ​កន្លែង​ខាង​មុខ​នេះ​វិញ” ពេល​នោះ អ្នក​នឹង​មាន​កិត្តិយស​នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំង​អស់ ដែល​អង្គុយ​រួម​តុ​ជា​មួយ​អ្នក​ជា​មិន​ខាន។ 11 អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។
ត្រូវ​អញ្ជើញ​អ្នក​ក្រីក្រ​មក​បរិភោគ
12បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក ដែល​បាន​យាង​ព្រះអង្គ​មក​សោយ​ព្រះ‌ស្ងោយ​នោះ​ថា៖ «កាល​ណា​អ្នក​អញ្ជើញ​ភ្ញៀវ​មក​ជប់‌លៀង ទោះ​បី​ថ្ងៃ​ត្រង់​ក្ដី ល្ងាច​ក្ដី កុំ​អញ្ជើញ​មិត្ត‌ភក្ដិ បងប្អូន ញាតិ‌សន្ដាន​របស់​អ្នក ឬ​អ្នក​ជិត​ខាង ដែល​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ​នោះ​ឡើយ ដ្បិត​អ្នក​ទាំង​នោះ​អញ្ជើញ​អ្នក​តប​ស្នង​វិញ​បាន។ 13ផ្ទុយ​ទៅ​វិញ ពេល​ណា​អ្នក​ធ្វើ​ពិធី​ជប់‌លៀង​ត្រូវ​អញ្ជើញ​អ្នក​ក្រីក្រ មនុស្ស​ពិការ ខ្វិន​ខ្វាក់។ 14ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​សុភមង្គល​ជា​មិន​ខាន ដ្បិត​អ្នក​ទាំង​នោះ​ពុំ​អាច​តប​ស្នង​អ្នក​ឡើយ គឺ​ព្រះ‌ជាម្ចាស់​វិញ​ទេ​ដែល​នឹង​តប​ស្នង​ជូន​អ្នក នៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ»។
ប្រស្នា​ស្ដី​អំពី​អ្នក​ក្រីក្រ​ជប់‌លៀង​ជំនួស​ភ្ញៀវ
(ម៉ាថាយ ២២.១-១០)
15ក្រោយ​បាន​ឮ​ព្រះ‌បន្ទូល​ទាំង​នេះ​ហើយ បុរស​ម្នាក់​ដែល​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌យេស៊ូ ទូល​ព្រះអង្គ​ថា៖ «អ្នក​ណា​បាន​ចូល​រួម​ពិធី​ជប់‌លៀង​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ប្រាកដ​ជា​មាន​សុភមង្គល*​ហើយ!»។
16ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មាន​បុរស​ម្នាក់​រៀប​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ ហើយ​លោក​បាន​អញ្ជើញ​ភ្ញៀវ​ជា​ច្រើន។ 17លុះ​ដល់​ពេល​ជប់‌លៀង លោក​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​ប្រាប់​ភ្ញៀវ​ថា “ម្ហូប​អាហារ​បាន​រៀបចំ​ស្រេច​ហើយ សូម​អញ្ជើញ​មក!”។ 18ប៉ុន្តែ ភ្ញៀវ​ទាំង​នោះ​ដោះ‌សា​បន្ដ​បន្ទាប់​គ្នា ម្នាក់​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា “ខ្ញុំ​ទើប​នឹង​ទិញ​ដី​ចម្ការ​មួយ​កន្លែង ខ្ញុំ​ត្រូវ​តែ​ចេញ​ទៅ​មើល​ឥឡូវ​នេះ សូម​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង”។ 19ម្នាក់​និយាយ​ថា “ខ្ញុំ​ទើប​នឹង​ទិញ​គោ​ប្រាំ​នឹម ខ្ញុំ​ត្រូវ​តែ​ទៅ​ទឹម​វា​សាក​ល​មើល​សូម​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ផង”។ 20ម្នាក់​ទៀត​ពោល​ថា “ខ្ញុំ​ទើប​នឹង​រៀបការ​ប្រពន្ធ ខ្ញុំ​ពុំ​អាច​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ឡើយ”។ 21អ្នក​បម្រើ​វិល​ទៅ​ជួប​ម្ចាស់​របស់​ខ្លួន​វិញ ហើយ​ជម្រាប​លោក​តាម​ដំណើរ​រឿង។ ម្ចាស់​ផ្ទះ​ក៏​ខឹង លោក​ប្រាប់​ទៅ​អ្នក​បម្រើ​ថា “ចូរ​ប្រញាប់​ចេញ​ទៅ​តាម​ទី​ផ្សារ ទៅ​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង ហើយ​ប្រមូល​មនុស្ស​ក្រីក្រ មនុស្ស​ពិការ និង​មនុស្ស​ខ្វាក់​ខ្វិន​មក”។ 22បន្ដិច​ក្រោយ​មក អ្នក​បម្រើ​ជម្រាប​ចៅហ្វាយ​វិញ​ថា “លោក​ម្ចាស់! ខ្ញុំ​បាទ​បាន​ធ្វើ​តាម​បង្គាប់​របស់​លោក​ហើយ តែ​កន្លែង​អង្គុយ​នៅ​មាន​សល់​ទៀត”។ 23ម្ចាស់​ផ្ទះ​ប្រាប់​ទៅ​អ្នក​បម្រើ​ទៀត​ថា “ចូរ​ទៅ​តាម​ផ្លូវ​ស្រុក​ស្រែ តាម​កៀន​របង ហើយ​បង្ខំ​មនុស្ស‌ម្នា​ឲ្យ​ចូល​មក​ពេញ​ផ្ទះ​ខ្ញុំ។ 24ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​ខ្ញុំ​បាន​អញ្ជើញ​កាល​ពី​មុន​នោះ គ្មាន​នរណា​ម្នាក់​បាន​បរិភោគ​ក្នុង​ពិធី​ជប់‌លៀង​របស់​ខ្ញុំ​ឡើយ!”»។
អំពី​របៀប​ដែល​ត្រូវ​តាម​ព្រះ‌យេស៊ូ
(ម៉ាថាយ ១០.៣៧-៣៨)
25មាន​មហា‌ជន​ជា​ច្រើន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះ‌យេស៊ូ។ ព្រះអង្គ​បែរ​ព្រះ‌ភ័ក្ត្រ​ទៅ​រក​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ 26 «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ តែ​មិន​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ជាង​ឪពុក‌ម្ដាយ ប្រពន្ធ កូន បងប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ទេ អ្នក​នោះ​ពុំ​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ឡើយ។ 27 អ្នក​ណា​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​ក៏​ពុំ​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​ដែរ។
28ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​នរណា​ម្នាក់​ចង់​សង់​ផ្ទះ​ថ្ម​ធំ​មួយ អ្នក​នោះ​ត្រូវ​អង្គុយ​គិត‌គូរ​មើល​ថ្លៃ​សង់​ជា​មុន​សិន ដើម្បី​ឲ្យ​ដឹង​ថា តើ​ខ្លួន​មាន​ប្រាក់​ល្មម​នឹង​បង្ហើយ​សំណង់ ឬ​យ៉ាង​ណា 29ក្រែង​លោ​ចាក់​គ្រឹះ​ហើយ តែ​មិន​អាច​បង្ហើយ​បាន មនុស្ស‌ម្នា​ឃើញ​មុខ​ជា​សើច​ចំអក​ឲ្យ​មិន​ខាន។ 30គេ​នឹង​ពោល​ថា “មើល​បុរស​នេះ​សង់​ផ្ទះ តែ​មិន​អាច​បង្ហើយ​បាន​ទេ!”។
31ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​ស្ដេច​មួយ​អង្គ​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម តទល់​នឹង​ស្ដេច​មួយ​អង្គ​ទៀត ស្ដេច​ត្រូវ​គង់​គិត‌គូរ​ជា​មុន​សិន​ថា បើ​ស្ដេច​មាន​ទ័ព​មួយ​ម៉ឺន​នាក់ តើ​ស្ដេច​អាច​តទល់​នឹង​បច្ចា‌មិត្ត​ដែល​មាន​គ្នា​ពីរ​ម៉ឺន​នាក់​បាន​ឬ​យ៉ាង​ណា 32បើ​ឃើញ​ថា​មិន​អាច​តទល់​ទេ នោះ​ស្ដេច​នឹង​ចាត់​រាជ‌ទូត​ឲ្យ​ទៅ​សុំ​ចរចា​រក​សន្តិ‌ភាព ក្នុង​ពេល​ដែល​ស្ដេច​មួយ​អង្គ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។
33ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មិន​លះ‌បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ទេ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​សិស្ស*​របស់​ខ្ញុំ​ឡើយ»។
កុំ​ឲ្យ​បាត់​ជាតិ​ប្រៃ
(ម៉ាថាយ ៥.១៣ ម៉ាកុស ៩.៥០)
34«អំបិល​ជា​របស់​មួយ​សំខាន់​ណាស់។ ប៉ុន្តែ បើ​វា​បាត់​ជាតិ​ប្រៃ​ហើយ តើ​ធ្វើ​ម្ដេច​នឹង​ឲ្យ​វា​ប្រៃ​វិញ​បាន? 35វា​គ្មាន​សារ​ប្រយោជន៍​អ្វី​ទៀត​ទេ ទោះ​បី​យក​ទៅ​លាយ​ដី ឬ​លាយ​ជី ក៏​មិន​កើត​ដែរ មាន​តែ​ចាក់​ចោល​ទៅ​ខាង​ក្រៅ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។

ទើបបានជ្រើសរើសហើយ៖

លូកា 14: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល