បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នា ពន្យល់សិស្ស*ឲ្យដឹងថា ត្រូវតែអធិស្ឋានជានិច្ច មិនត្រូវរសាយចិត្តឡើយ៖ «នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ជាមនុស្សមិនកោតខ្លាចព្រះជាម្ចាស់ ហើយមិនកោតក្រែងនរណាឡើយ។ មានស្ត្រីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ គាត់តែងមកអង្វរចៅក្រមថា “សូមលោករកយុត្តិធម៌ឲ្យនាងខ្ញុំផង”។ ប៉ុន្តែ ចៅក្រមមិនព្រមកាត់ក្ដីឲ្យភ្លាមៗទេ លោកចេះតែពន្យារពេលយ៉ាងយូរ។ ក្រោយមក លោកនឹកក្នុងចិត្តថា “ទោះបីអញមិនកោតខ្លាចព្រះជាម្ចាស់ មិនកោតក្រែងនរណាក៏ដោយ ក៏អញត្រូវតែកាត់ក្ដីឲ្យស្ត្រីមេម៉ាយនេះដែរ ព្រោះគាត់ចេះតែមករំអុកអញគ្រប់ពេលវេលា។ បើអញមិនកាត់ក្ដីឲ្យគាត់ទេ គាត់មុខជាមករំខានអញមិនចេះចប់មិនចេះហើយ”»។ ព្រះអម្ចាស់មានព្រះបន្ទូលបន្ថែមទៀតថា៖ «ចូរពិចារណាពាក្យរបស់ចៅក្រមដ៏អាក្រក់នេះចុះ។ ចំណង់បើព្រះជាម្ចាស់វិញ ព្រះអង្គរឹតតែរកយុត្តិធម៌ឲ្យអស់អ្នក ដែលព្រះអង្គបានជ្រើសរើស ហើយដែលអង្វរព្រះអង្គ ទាំងយប់ ទាំងថ្ងៃ ព្រះអង្គគ្រាន់តែបង្អង់ប៉ុណ្ណោះ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្តិធម៌ឲ្យគេក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ ពេលបុត្រមនុស្ស*មកដល់ តើលោកឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?»។ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀតទៅកាន់អ្នកខ្លះ ដែលនឹកស្មានថាខ្លួនជាមនុស្សសុចរិត ហើយបែរជាមើលងាយអ្នកដទៃ។ ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសពីរនាក់ឡើងទៅអធិស្ឋាន*ក្នុងព្រះវិហារ*។ ម្នាក់ខាងគណៈផារីស៊ី* ម្នាក់ទៀតជាអ្នកទារពន្ធ*។ បុរសខាងគណៈផារីស៊ីឈរអធិស្ឋានក្នុងចិត្តថា “បពិត្រព្រះជាម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជនឯទៀតៗទេ អ្នកទាំងនោះសុទ្ធតែជាចោរ ជាមនុស្សទុច្ចរិត ជាមនុស្សប្រព្រឹត្តអំពើផិតក្បត់ ហើយទូលបង្គំក៏មិនដូចអ្នកទារពន្ធនេះដែរ ទូលបង្គំតមអាហារពីរដងក្នុងមួយអាទិត្យ ហើយទូលបង្គំថ្វាយរបស់អ្វីៗទាំងអស់ដែលទូលបង្គំរកបានមួយភាគដប់ដល់ព្រះអង្គ”។ រីឯអ្នកទារពន្ធ គាត់ឈរនៅពីចម្ងាយ មិនទាំងហ៊ានងើបមុខផង។ គាត់គក់ទ្រូង ទូលថា “ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំជាមនុស្សបាបផង”។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ប្រោសអ្នកទារពន្ធនេះឲ្យបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។
អាន លូកា 18
ស្ដាប់នូវ លូកា 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 18:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ