លូកា 2:9-15

លូកា 2:9-15 គខប

ពេល​នោះ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ឈរ​នៅ​ក្បែរ​ពួក​គេ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​បាន​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​នៅ​ជុំ‌វិញ​គេ នាំ​ឲ្យ​គេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ទេវតា​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នាំ​ដំណឹង‌ល្អ​មួយ​មក​ប្រាប់​អ្នក​រាល់​គ្នា។ ដំណឹង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​ទាំង​មូល​មាន​អំណរ​ដ៏​លើស‌លុប។ យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ ព្រះ‌សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ប្រសូត​ហើយ គឺ​ព្រះ‌គ្រិស្ត​ជា​អម្ចាស់។ នេះ​ជា​សញ្ញា​សម្គាល់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង គឺ​អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​ទារក​មួយ ទើប​នឹង​ប្រសូត រុំ​ដោយ​សំពត់ ផ្ដេក​នៅ​ក្នុង​ស្នូក​សត្វ»។ រំពេច​នោះ មាន​ទេវតា​ច្រើន​កុះ‌ករ ចុះ​ពី​ស្ថាន​បរម‌សុខ*​មក​រួម​ជា​មួយ​ទេវតា​នោះ ច្រៀង​សរសើរ​ព្រះ‌ជាម្ចាស់​ថា៖ «សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សូម​ឲ្យ​មនុស្ស​លោក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត នៅ​លើ​ផែនដី!»។ លុះ​ពួក​ទេវតា​ត្រឡប់​ទៅ​ស្ថាន​បរម‌សុខ​វិញ​អស់​ទៅ ពួក​គេ​បបួល​គ្នា​ថា៖ «ទៅ! យើង​នាំ​គ្នា​ទៅ​បេថ្លេ‌ហិម មើល​ហេតុ‌ការណ៍​ដែល​កើត​មាន ដូច​ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​យើង​ដឹង​នោះ​មើល៍»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 2:9-15