ពិធីបុណ្យនំប៉័ងឥតមេ ដែលហៅថាបុណ្យចម្លង*នោះ កាន់តែជិតដល់ហើយ ពួកនាយកបូជាចារ្យ និងពួកអាចារ្យ រិះរកមធ្យោបាយធ្វើគុតព្រះយេស៊ូ ដ្បិតគេខ្លាចប្រជាជន។ ពេលនោះ មារសាតាំងបានចូលយូដាស ហៅអ៊ីស្ការីយ៉ុត ជាសិស្សម្នាក់ក្នុងក្រុមទាំងដប់ពីររូប។ យូដាសបានទៅពិគ្រោះជាមួយពួកនាយកបូជាចារ្យ និងមេក្រុមរក្សាព្រះវិហារ* អំពីឧបាយកលដែលត្រូវបញ្ជូនព្រះអង្គទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។ លោកទាំងនោះសប្បាយចិត្តណាស់ ហើយព្រមព្រៀងគ្នាសន្យាថានឹងឲ្យប្រាក់គាត់។ យូដាសយល់ព្រម ហើយរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ មិនឲ្យបណ្ដាជនដឹងឡើយ។ លុះដល់ថ្ងៃបុណ្យនំប៉័ងឥតមេ*ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សម្រាប់បុណ្យចម្លង ព្រះយេស៊ូបានចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅមុន ដោយមានព្រះបន្ទូលថា៖ «ចូរទៅរៀបចំពិធីជប់លៀងសម្រាប់យើង នៅក្នុងពេលបុណ្យចម្លង*»។ អ្នកទាំងពីរទូលសួរព្រះអង្គថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំជប់លៀងនៅកន្លែងណា?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ពេលចូលទៅដល់ក្នុងទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់រហូតដល់ផ្ទះដែលគាត់ចូល ហើយនិយាយនឹងម្ចាស់ផ្ទះថា “លោកគ្រូចាត់យើងឲ្យមកសួរអ្នកថា បន្ទប់ដែលលោកនឹងជប់លៀងជាមួយសិស្សក្នុងពេលបុណ្យចម្លងនៅឯណា?”។ ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំ នៅជាន់ខាងលើ ដែលរៀបចំជាស្រេច។ ចូររៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លងនៅក្នុងបន្ទប់នោះចុះ»។ អ្នកទាំងពីរក៏ចេញទៅ ហើយបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន។ គេរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង*។ លុះដល់ពេលកំណត់ហើយ ព្រះយេស៊ូក៏រួមតុជាមួយក្រុមសាវ័ក* ព្រះអង្គមានព្រះបន្ទូលថា៖ «មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់បរិភោគម្ហូបអាហារក្នុងឱកាសបុណ្យចម្លង*នេះ ជាមួយអ្នករាល់គ្នាណាស់!។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគម្ហូបអាហារបុណ្យចម្លងនេះទៀតទេ លុះត្រាតែពិធីបុណ្យនេះបានសម្រេចសព្វគ្រប់ នៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់»។ ព្រះអង្គយកពែងមួយមកកាន់ ហើយអរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកទៅចែកគ្នាពិសាចុះ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនទទួលទានស្រាទំពាំងបាយជូរទៀតឡើយ លុះត្រាតែព្រះរាជ្យ*ព្រះជាម្ចាស់មកដល់»។ បន្ទាប់មក ព្រះអង្គយកនំប៉័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គកាច់ប្រទានឲ្យគេ ទាំងមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ»។ លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ព្រះអង្គយកពែងមកកាន់ ទាំងមានព្រះបន្ទូលថា៖ «នេះជាពែងនៃសម្ពន្ធមេត្រី*ថ្មីចងឡើង ដោយសារលោហិតខ្ញុំ ដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា។ ប៉ុន្តែ តោងដឹងថា អ្នកដែលនឹងបញ្ជូនខ្ញុំ ក៏នៅរួមតុជាមួយខ្ញុំដែរ។ បុត្រមនុស្សត្រូវតែស្លាប់ តាមព្រះជាម្ចាស់បានកំណត់ទុកមក តែអ្នកដែលបញ្ជូនបុត្រមនុស្សមុខជាត្រូវវេទនាពុំខាន»។ ពេលនោះ ពួកសិស្ស*សួរគ្នាទៅវិញទៅមកចង់ដឹងថា ក្នុងចំណោមពួកគេ តើនរណាមានបំណងប្រព្រឹត្តដូច្នេះ។ ខណៈនោះ ពួកសាវ័ក*ជជែកទាស់ទែងគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាមានឋានៈធំជាងគេ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ស្ដេចទាំងឡាយតែងតែត្រួតត្រាលើប្រជារាស្ត្រ ហើយអ្នកកាន់អំណាចតែងឲ្យគេហៅខ្លួនថា អ្នកមានគុណ។ រីឯអ្នករាល់គ្នាវិញ មិនត្រូវធ្វើដូច្នោះឡើយ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលធំជាងគេ ត្រូវធ្វើតូចជាងគេ ហើយអ្នកដែលដឹកនាំគេ ត្រូវបម្រើគេវិញ។ អ្នកដែលអង្គុយនៅតុ និងអ្នកបម្រើតុ តើអ្នកណាធំជាង? ធម្មតា អ្នកអង្គុយតុ ធំជាងអ្នកបម្រើតុ។ រីឯខ្ញុំ ខ្ញុំនៅក្នុងចំណោមអ្នករាល់គ្នា ខ្ញុំធ្វើជាអ្នកបម្រើទៅវិញ។ គ្រប់ពេលខ្ញុំជួបទុក្ខលំបាក អ្នករាល់គ្នាស៊ូទ្រាំនៅជាមួយខ្ញុំជានិច្ច។ ហេតុនេះហើយបានជាខ្ញុំប្រគល់ព្រះរាជ្យ*ឲ្យអ្នករាល់គ្នា ដូចព្រះបិតាបានប្រគល់មកឲ្យខ្ញុំដែរ។ ក្នុងព្រះរាជ្យរបស់ខ្ញុំ អ្នករាល់គ្នានឹងបរិភោគរួមតុជាមួយខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្ក ដើម្បីគ្រប់គ្រងលើកុលសម្ព័ន្ធ*ទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល»។ «ស៊ីម៉ូន! ស៊ីម៉ូនអើយ! មារសាតាំង*បានទាមទារសុំរែងអ្នករាល់គ្នា ដូចគេរែងអង្ករ។ ប៉ុន្តែ ខ្ញុំបានអង្វរព្រះជាម្ចាស់ សូមកុំឲ្យអ្នកបាត់ជំនឿឡើយ។ លុះដល់ពេលអ្នកប្រែចិត្តមកវិញ ចូរជួយបងប្អូនរបស់អ្នកឲ្យមានជំនឿមាំមួនផង»។ លោកពេត្រុសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំត្រៀមខ្លួនជាស្រេច ទោះបីត្រូវជាប់ឃុំឃាំង ឬត្រូវស្លាប់ក៏ដោយ ទូលបង្គំសុខចិត្តទៅជាមួយព្រះអង្គរហូត»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ពេត្រុសអើយ! ខ្ញុំសុំប្រាប់អ្នកថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
អាន លូកា 22
ស្ដាប់នូវ លូកា 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 22:1-34
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ