ម៉ាឡាគី 3
3
1 ព្រះអម្ចាស់នៃពិភពទាំងមូល
មានព្រះបន្ទូលថា៖
«យើងចាត់ទូតរបស់យើងឲ្យទៅមុន
ដើម្បីរៀបចំផ្លូវសម្រាប់យើង។
រំពេចនោះ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក
នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គ។
រីឯទូតនៃសម្ពន្ធមេត្រី ដែលអ្នករាល់គ្នារង់ចាំ
កំពុងតែមកហើយ»។
2 ប៉ុន្តែ នៅថ្ងៃដែលព្រះអង្គយាងមកដល់
តើនរណាអាចទ្រាំបាន?
នៅពេលព្រះអង្គលេចមក
តើនរណាអាចឈរបាន?
ដ្បិតព្រះអង្គប្រៀបបាននឹងភ្លើងរបស់ជាងដែក
និងដូចសាប៊ូរបស់អ្នកបោកសម្លៀកបំពាក់។
3ព្រះអង្គនឹងគង់កាត់ក្ដី ដូចជាងទងអង្គុយ
រំលាយ និងបន្សុទ្ធសាច់ប្រាក់។
ព្រះអង្គនឹងជម្រះកូនចៅលេវីឲ្យបានបរិសុទ្ធ
ព្រះអង្គនឹងបន្សុទ្ធពួកគេ
ដូចបន្សុទ្ធមាស និងប្រាក់។
ពួកគេនឹងនាំតង្វាយត្រឹមត្រូវតាមវិន័យ
មកថ្វាយព្រះអម្ចាស់ដោយចិត្តស្មោះត្រង់។
4ពេលនោះ ព្រះអម្ចាស់សព្វព្រះហឫទ័យទទួល
តង្វាយរបស់អ្នកស្រុកយូដា
និងអ្នកក្រុងយេរូសាឡឹម
ដូចកាលពីដើម នៅជំនាន់មុនៗ។
5 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«យើងនឹងមករកអ្នករាល់គ្នា
ដើម្បីវិនិច្ឆ័យទោស។
យើងនឹងប្រញាប់ប្រញាល់ចោទប្រកាន់
ពួកគ្រូធ្មប់ និងពួកក្បត់ចិត្តយើង
ពួកស្បថបំពាន
ពួកសង្កត់សង្កិនកម្មករ
ស្ត្រីមេម៉ាយ និងក្មេងកំព្រា
ពួកធ្វើបាបជនបរទេស
ហើយមិនគោរពកោតខ្លាចយើង»។
តង្វាយដែលត្រូវថ្វាយដល់ព្រះអម្ចាស់
6«យើងជាព្រះអម្ចាស់ យើងមិនប្រែប្រួលទេ
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានៅតែជា
កូនចៅយ៉ាកុបដដែល »។
7 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«អ្នករាល់គ្នាក៏ដូចដូនតារបស់អ្នករាល់គ្នាដែរ
អ្នករាល់គ្នាងាកចេញពីច្បាប់របស់យើង
គឺអ្នករាល់គ្នាមិនព្រមកាន់តាមទេ។
ចូរនាំគ្នាវិលមករកយើង
នោះយើងក៏វិលមករកអ្នករាល់គ្នាវិញដែរ។
អ្នករាល់គ្នាពោលថា:
“យើងខ្ញុំត្រូវវិលមកវិញយ៉ាងដូចម្ដេច?”។
8តើមនុស្សកេងប្រវ័ញ្ចព្រះជាម្ចាស់
ដូចម្ដេចបាន?
អ្នករាល់គ្នាកេងប្រវ័ញ្ចយើង ហើយពោលថា
“យើងខ្ញុំកេងប្រវ័ញ្ចព្រះអង្គដូចម្ដេចខ្លះ?”។
គឺអ្នករាល់គ្នាកេងប្រវ័ញ្ច
តង្វាយមួយភាគដប់ និងតង្វាយ
ដែលអ្នករាល់គ្នាត្រូវញែកទុកសម្រាប់យើង!
9អ្នករាល់គ្នាត្រូវបណ្ដាសាហើយ!
ព្រោះប្រជាជាតិទាំងមូល
បានកេងប្រវ័ញ្ចយើង»។
10 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«ចូរនាំយកតង្វាយមួយភាគដប់ទាំងប៉ុន្មាន
មកដាក់នៅក្នុងឃ្លាំង
ដើម្បីឲ្យមានស្បៀងអាហារ
ក្នុងដំណាក់របស់យើង។
ចូរធ្វើយ៉ាងនេះ ដើម្បីល្បងលយើងទៅ
នោះអ្នករាល់គ្នានឹងឃើញថា
យើងនឹងបើកផ្ទៃមេឃ
បង្ហូរព្រះពរដ៏លើសលុបមកលើអ្នករាល់គ្នា»។
11 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«យើងនឹងរារាំងសត្វល្អិតមិនឲ្យបំផ្លាញ
ដំណាំរបស់អ្នករាល់គ្នា
ហើយចម្ការទំពាំងបាយជូររបស់អ្នករាល់គ្នា
នឹងផ្ដល់ភោគផលបរិបូណ៌»។
12 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«ប្រជាជាតិទាំងអស់នឹងពោលថា
អ្នករាល់គ្នាពិតជាមានសុភមង្គលមែន
ដ្បិតស្រុករបស់អ្នករាល់គ្នានឹងទៅជាស្រុកមួយ
ដ៏សម្បូណ៌សប្បាយ»។
ព្រះអម្ចាស់ប្រទានពរដល់អ្នកគោរពបម្រើព្រះអង្គ
13 ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«អ្នករាល់គ្នាពោលពាក្យទ្រគោះបោះបោក
ប្រឆាំងនឹងយើង ហើយអ្នករាល់គ្នាពោលថា:
“តើយើងខ្ញុំនិយាយគ្នាប្រឆាំងនឹងព្រះអង្គ
ដូចម្ដេចខ្លះ?”។
14អ្នករាល់គ្នាពោលថា:
“ពួកយើងខំបម្រើព្រះជាម្ចាស់
តែគ្មានបានការអ្វីទេ
ពួកយើងខំធ្វើតាមបង្គាប់របស់ព្រះអង្គ
ហើយខំដើរតាមព្រះអម្ចាស់នៃពិភពទាំងមូល
ទាំងកាន់ទុក្ខដូច្នេះ តើបានចំណេញអ្វី?
15ពួកយើងសង្កេតឃើញថា
ឥឡូវនេះ មានតែមនុស្សព្រហើនទេ
ដែលមានសុភមង្គល
ហើយមនុស្សប្រព្រឹត្តអំពើអាក្រក់
បែរជាបានចម្រុងចម្រើនទៅវិញ។
ទោះបីពួកគេល្បងលមើលព្រះជាម្ចាស់ក្ដី
ក៏ពួកគេគេចផុតពីទុក្ខទោសជានិច្ច”»។
16ពេលនោះ អស់អ្នកដែលគោរព
កោតខ្លាចព្រះអម្ចាស់
ពិភាក្សាគ្នាទៅវិញទៅមក
ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់
ហើយយកព្រះហឫទ័យទុកដាក់នឹង
ពាក្យសម្ដីរបស់ពួកគេ។
គេបានចារឈ្មោះរបស់អស់អ្នកដែលគោរព
កោតខ្លាចព្រះនាមព្រះអម្ចាស់ក្នុងក្រាំងមួយ
ទុកជាទីរំឭកនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
17 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«នៅថ្ងៃដែលយើងបានកំណត់ទុក
អ្នកទាំងនោះនឹងទៅជាប្រជារាស្ត្ររបស់យើង
ពួកគេនឹងទៅជាប្រជារាស្ត្រដែលជា
ចំណែកមត៌ករបស់យើងផ្ទាល់។
យើងនឹងត្រាប្រណីពួកគេ
ដូចឪពុកត្រាប្រណីកូនដែលបម្រើឪពុក។
18ពេលនោះ អ្នករាល់គ្នានឹងឃើញសាជាថ្មីថា
តើមនុស្សសុចរិត និងមនុស្សអាក្រក់
ខុសគ្នាយ៉ាងណា
ហើយអ្នកគោរពបម្រើព្រះជាម្ចាស់
និងអ្នកមិនគោរពបម្រើ ខុសគ្នាយ៉ាងណា
ទើបបានជ្រើសរើសហើយ៖
ម៉ាឡាគី 3: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.