ម៉ាថាយ 2

2
ពួក​ហោរា‌ចារ្យ​មក​ថ្វាយ‌បង្គំ​ព្រះ‌ឱរស​យេស៊ូ
1ព្រះ‌យេស៊ូ​ប្រសូត​នៅ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា នា​រជ្ជ‌កាល​ព្រះ‌បាទ​ហេរ៉ូដ។ មាន​ពួក​ហោរា‌ចារ្យ​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត មក​ដល់​ក្រុង​យេរូ‌សាឡឹម 2សួរ​ថា៖ «ព្រះ‌មហាក្សត្រ​របស់​ជន‌ជាតិ​យូដា ដែល​ទើប​នឹង​ប្រសូត​គង់​នៅ​ឯ​ណា? យើង​ខ្ញុំ​បាន​ឃើញ​ផ្កាយ​របស់​ព្រះអង្គ​រះ​នៅ​ទិស​ខាង​កើត ហើយ​យើង​ខ្ញុំ​មក​ថ្វាយ‌បង្គំ​ព្រះអង្គ»។ 3កាល​ព្រះ‌បាទ​ហេរ៉ូដ​ឮ​ដំណឹង​នេះ ស្ដេច​រន្ធត់​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង ហើយ​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់​ក៏​រន្ធត់​ចិត្ត​ជា​មួយ​ស្ដេច​ដែរ។ 4ព្រះ‌រាជា​ត្រាស់​ហៅ​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​មក ដើម្បី​សួរ​គេ​ពី​ទី​កន្លែង​ដែល​ព្រះ‌គ្រិស្ត*​ត្រូវ​ប្រសូត។ 5គេ​ទូល​ស្ដេច​ថា ព្រះ‌គ្រិស្ត​ត្រូវ​ប្រសូត​នៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​តាម​រយៈ​ព្យាការី*​ថា៖
6 «ភូមិ​បេថ្លេ‌ហិម​ជា​ដែន​ដី​យូដា​អើយ!
ក្នុង​បណ្ដា​ក្រុង​សំខាន់ៗ​នៃ​ស្រុក​យូដា
អ្នក​មិន​មែន​តូច​ជាង​គេ​ទេ
ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​មួយ​រូប​កើត​ចេញ​ពី​អ្នក
លោក​នឹង​ថែ‌រក្សា​ជន‌ជាតិ​អ៊ីស្រា‌អែល
ជា​ប្រជា‌រាស្ត្រ​របស់​យើង»
7ពេល​នោះ ព្រះ‌បាទ​ហេរ៉ូដ​ហៅ​ពួក​ហោរា‌ចារ្យ​មក​ជា​សម្ងាត់ សួរ​បញ្ជាក់​អំពី​ពេល​ដែល​ផ្កាយ​រះ​ឡើង។ 8បន្ទាប់​មក ស្ដេច​ចាត់​ហោរា‌ចារ្យ​ទាំង​នោះ​ឲ្យ​ទៅ​ភូមិ​បេថ្លេ‌ហិម ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «សុំ​អស់​លោក​នាំ​គ្នា​ទៅ​ចុះ ហើយ​ស៊ើប‌សួរ​ដំណឹង​អំពី​ព្រះ‌ឱរស​នោះ​ឲ្យ​បាន​ច្បាស់​លាស់។ កាល​បើ​បាន​ឃើញ​ហើយ ចូរ​មក​ប្រាប់​យើង​វិញ​ផង ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ព្រះអង្គ​ដែរ»។ 9ក្រោយ​ពី​បាន​ទទួល​រាជ‌ឱង្ការ​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ។ ពេល​នោះ ផ្កាយ​ដែល​គេ​បាន​ឃើញ​នៅ​ទិស​ខាង​កើត នាំ​មុខ​គេ​រហូត​ដល់​កន្លែង​ដែល​ព្រះ‌ឱរស​គង់ ទើប​ឈប់។ 10កាល​ហោរា‌ចារ្យ​ទាំង​នោះ​ឃើញ​ផ្កាយ គេ​សប្បាយ​ចិត្ត​ពន់​ប្រមាណ 11គេ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​ព្រះ‌ឱរស​គង់​នៅ​ជា​មួយ​នាង​ម៉ារី​ជា​មាតា គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង‌ទេស មក​ថ្វាយ​ព្រះអង្គ។ 12បន្ទាប់​មក គេ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ ក្នុង​សុបិន​និមិត្ត មិន​ឲ្យ​វិល​ទៅ​គាល់​ព្រះ‌បាទ​ហេរ៉ូដ​វិញ​ឡើយ។
ព្រះ‌យេស៊ូ​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អេស៊ីប
13កាល​ពួក​ហោរា‌ចារ្យ​ចាក​ចេញ​ផុត​ទៅ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​លោក​យ៉ូសែប ក្នុង​សុបិន​និមិត្ត​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ព្រះ‌ឱរស និង​មាតា​របស់​ព្រះអង្គ រត់​ទៅ​ស្រុក​អេស៊ីប​ទៅ។ ចូរ​ស្នាក់​នៅ​ស្រុក​នោះ​រហូត​ដល់​យើង​ប្រាប់​ឲ្យ​វិល​ត្រឡប់​មក​វិញ សឹម​មក ដ្បិត​ស្ដេច​ហេរ៉ូដ​រក​ធ្វើ​គុត​ព្រះ‌ឱរស»។ 14លោក​យ៉ូសែប​ក្រោក​ឡើង នាំ​ព្រះ‌ឱរស និង​មាតា​របស់​ព្រះអង្គ រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ទាំង​យប់។ 15 គាត់​ស្នាក់​នៅ​ទី​នោះ​រហូត​ដល់​ព្រះ‌បាទ​ហេរ៉ូដ​សោយ​ទិវង្គត ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្យាការី​ថា៖ «យើង​បាន​ហៅ​បុត្រ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក»
ស្ដេច​ហេរ៉ូដ​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​ក្មេងៗ
16ព្រះ‌បាទ​ហេរ៉ូដ​យល់​ថា​ពួក​ហោរា‌ចារ្យ​បាន​បំបាក់​មុខ​ព្រះអង្គ ស្ដេច​ទ្រង់​ព្រះ‌ពិរោធ​ក្រៃ‌លែង ហើយ​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​ក្មេង​ប្រុសៗ​ទាំង​អស់ ដែល​មាន​អាយុ​ពី​ពីរ​ខួប​ចុះ នៅ​ភូមិ​បេថ្លេ‌ហិម និង​ភូមិ​ជិត​ខាង គឺ​គិត​ចាប់​តាំង​ពី​ពេល​កំណត់​ដែល​ផ្កាយ​ត្រូវ​រះ ដូច​ស្ដេច​បាន​សួរ​បញ្ជាក់​ពួក​ហោរា‌ចារ្យ។ 17ហេតុ‌ការណ៍​នេះ​កើត​ឡើង​ស្រប​នឹង​សេចក្ដី ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី*​យេរេមា​ថា៖
18 «មាន​សំឡេង​មួយ​លាន់​ឮ​ពី​ភូមិ​រ៉ាម៉ា​មក
ជា​ទំនួញ​សោក‌សៅ
គឺ​នាង​រ៉ាជែល​យំ​សោក​អាណិត​កូន
នាង​មិន​ព្រម​ឲ្យ​នរណា​សម្រាល​ទុក្ខ​ឡើយ
ព្រោះ​កូន​នាង​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ»
ព្រះ‌យេស៊ូ​ត្រឡប់​មក​ពី​ស្រុក​អេស៊ីប​វិញ
19កាល​ព្រះ‌បាទ​ហេរ៉ូដ​សោយ​ទិវង្គត​ផុត​ទៅ ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​លោក​យ៉ូសែប នៅ​ស្រុក​អេស៊ីប​ក្នុង​សុបិន​និមិត្ត​ថា៖ 20«ចូរ​ក្រោក​ឡើង នាំ​ព្រះ‌កុមារ និង​មាតា​របស់​ព្រះអង្គ​វិល​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រា‌អែល​វិញ​ទៅ ដ្បិត​ពួក​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​គុត​ព្រះ‌កុមារ ស្លាប់​បាត់​អស់​ទៅ​ហើយ»។
21លោក​យ៉ូសែប​ក្រោក​ឡើង នាំ​ព្រះ‌កុមារ និង​មាតា​របស់​ព្រះអង្គ​វិល​ត្រឡប់​មក​ស្រុក​អ៊ីស្រា‌អែល​វិញ។ 22ប៉ុន្តែ កាល​លោក​ដឹង​ថា ព្រះ‌បាទ​អើខេ‌ឡោស​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​យូដា ស្នង​ព្រះ‌បាទ​ហេរ៉ូដ​ជា​ព្រះ‌បិតា លោក​ខ្លាច​មិន​ហ៊ាន​ទៅ​ស្រុក​នោះ​ទេ លោក​ភៀស​ខ្លួន​ទៅ​ស្រុក​កាលី‌ឡេ ដោយ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ឲ្យ​ដឹង ក្នុង​សុបិន​និមិត្ត។ 23 លោក​តាំង​ទី​លំ‌នៅ​ក្នុង​ភូមិ​មួយ​ឈ្មោះ​ណាសា‌រ៉ែត ដើម្បី​ឲ្យ​ស្រប​តាម​សេចក្ដី​ដែល​ពួក​ព្យាការី*​បាន​ថ្លែង​ទុក​ថា៖ «គេ​នឹង​ហៅ​ព្រះអង្គ​ថា​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត»។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 2: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល