ម៉ាថាយ 4

4
ព្រះ‌យេស៊ូ​ឈ្នះ​ការ​ល្បួង
(ម៉ាកុស ១.១២-១៣ លូកា ៤.១-១៣)
1 ពេល​នោះ ព្រះ‌វិញ្ញាណ​នាំ​ព្រះ‌យេស៊ូ​ទៅ​វាល​រហោ‌ស្ថាន​ឲ្យ​មារ*​សាតាំង​ល្បួង 2បន្ទាប់​ពី​បាន​តម​អាហារ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់​មក ព្រះអង្គ​ក៏​ឃ្លាន។
3មេ​ល្បួង​ចូល​មក​ជិត​ព្រះអង្គ ពោល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ធ្វើ​ឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ទៅ​ជា​នំប៉័ង​មើល៍!»។ 4 ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​អាហារ ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ព្រះ‌បន្ទូល ដែល​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌ជាម្ចាស់​ដែរ”»។ 5ពេល​នោះ មារ​នាំ​ព្រះអង្គ​ទៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដ៏វិសុទ្ធ* ដាក់​ព្រះអង្គ​លើ​កំពូល​ព្រះ‌វិហារ* 6 ហើយ​ពោល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា “ព្រះ‌ជាម្ចាស់​នឹង​បញ្ជា​ឲ្យ​ទេវតា*​ចាំ​ទ្រ​លោក មិន​ឲ្យ​ជើង​លោក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ”»។ 7 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មារ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ទៀត​ថា “កុំ​ល្បង‌ល​ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​អ្នក​ឡើយ” »។ 8មារ​ក៏​នាំ​ព្រះអង្គ​ទៅ​លើ​កំពូល​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​ពិភព​លោក ព្រម​ទាំង​ឲ្យ​ព្រះអង្គ​ឃើញ​ភោគ​ទ្រព្យ​របស់​នគរ​ទាំង​នោះ​ផង។ 9មារ​ទូល​ព្រះអង្គ​ថា៖ «ប្រសិន​បើ​លោក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ ខ្ញុំ​នឹង​ប្រគល់​សម្បត្តិ​នេះ​ឲ្យ!»។ 10 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មារ​ថា៖ «សាតាំង​អើយ! ចូរ​ថយ​ចេញ​ទៅ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា “អ្នក​ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក និង​គោរព​បម្រើ​តែ​ព្រះអង្គ​ប៉ុណ្ណោះ”»។ 11ពេល​នោះ មារ​ក៏​ចាក​ចេញ​ពី​ព្រះអង្គ​ទៅ ហើយ​មាន​ពួក​ទេវតា*​នាំ​គ្នា​ចូល​មក​គាល់ និង​បម្រើ​ព្រះអង្គ។
ព្រះ‌យេស៊ូ​ចាប់​ផ្ដើម​ផ្សាយ​ដំណឹង‌ល្អ​នៅ​ស្រុក​កាលី‌ឡេ
(ម៉ាកុស ១.១៤-១៥ លូកា ៤.១៤-១៥)
12 កាល​ព្រះ‌យេស៊ូ​ជ្រាប​ដំណឹង​ថា គេ​បាន​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំ‌ឃាំង​ហើយ ព្រះអង្គ​ក៏​ភៀស​ចេញ​ទៅ​ស្រុក​កាលី‌ឡេ។ 13 ព្រះអង្គ​ចាក​ចេញ​ពី​ភូមិ​ណាសា‌រ៉ែត​ទៅ​ស្នាក់​នៅ​ក្រុង​កាពើ‌ណិម ជិត​មាត់​សមុទ្រ ក្នុង​តំបន់​សាប់យូ‌ឡូន និង​តំបន់​ណែប‌ថាលី 14ដើម្បី​ឲ្យ​បាន​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី​អេសាយ​ថា៖
15 «ដែន​ដី​សាប់យូ‌ឡូន និង​ដែន​ដី​ណែប‌ថាលី
ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​កាន់​សមុទ្រ​អើយ!
ស្រុក​ខាង​នាយ​ទន្លេ​យ័រដាន់
ស្រុក​កាលី‌ឡេ​ដែល​សាសន៍​ដទៃ​រស់​នៅ​អើយ!
16 ប្រជា‌ជន​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត
បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ភ្លឺ​ខ្លាំង ហើយ​មាន​ពន្លឺ​មួយ
លេច​ឡើង បំភ្លឺ​ពួក​អ្នក​រស់​ក្នុង​ស្រុក​ដែល
ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់»
17 តាំង​ពី​គ្រា​នោះ​មក ព្រះ‌យេស៊ូ​ចាប់​ផ្ដើម​ប្រកាស​ថា៖ «ចូរ​កែ​ប្រែ​ចិត្ត​គំនិត ដ្បិត​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ​នៅ​ជិត​បង្កើយ​ហើយ!»។
ព្រះ‌យេស៊ូ​ត្រាស់​ហៅ​សិស្ស​បួន​រូប
(ម៉ាកុស ១.១៦-២០ លូកា ៥.១-១១)
18កាល​ព្រះអង្គ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ ព្រះអង្គ​ទត​ឃើញ​បងប្អូន​ពីរ​នាក់​ជា​អ្នក​នេសាទ កំពុង​តែ​បង់​សំណាញ់ គឺ​លោក​ស៊ីម៉ូន ហៅ​ពេត្រុស និង​លោក​អនទ្រេ ជា​ប្អូន​របស់​គាត់។ 19ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។ 20អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​ព្រះអង្គ​ទៅ។
21ព្រះ‌យេស៊ូ​យាង​ទៅ​មុខ​ឆ្ងាយ​បន្ដិច ព្រះអង្គ​ទត​ឃើញ​បងប្អូន​ពីរ​នាក់​ទៀត គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​របស់​លោក​សេបេ‌ដេ កំពុង​តែ​រៀបចំ​អួន​នៅ​ក្នុង​ទូក​ជា​មួយ​លោក​សេបេ‌ដេ ជា​ឪពុក។ ព្រះអង្គ​ក៏​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ។ 22អ្នក​ទាំង​ពីរ​ចាក​ចោល​ទូក ចាក​ចោល​ឪពុក​ភ្លាម រួច​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។
23 ព្រះ‌យេស៊ូ​យាង​កាត់​ស្រុក​កាលី‌ឡេ​ទាំង​មូល ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ*​របស់​ពួក​គេ ព្រះអង្គ​ប្រកាស​ដំណឹង‌ល្អ​អំពី​ព្រះ‌រាជ្យ* ហើយ​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​មនុស្ស​ពិការ​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជា‌ជន​ឲ្យ​ជា​ផង។ 24ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ​ក៏​ល្បី​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ស្រុក​ស៊ីរី​ទាំង​មូល។ គេ​បាន​នាំ​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​កើត​ទុក្ខ​គ្រាំ‌គ្រា មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង មក​រក​ព្រះអង្គ ព្រះអង្គ​ក៏​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។ 25មាន​មហា‌ជន​ជា​ច្រើន​ពី​ស្រុក​កាលី‌ឡេ ស្រុក​ដេកា‌ប៉ូល ក្រុង​យេរូ‌សាឡឹម ស្រុក​យូដា និង​ពី​តំបន់​ខាង​នាយ​ទន្លេ​យ័រដាន់ នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 4: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល