ម៉ាថាយ 6
6
ការធ្វើទានដល់ជនក្រីក្រ
1 «កុំធ្វើបុណ្យទាន នៅមុខមនុស្សម្នា ដើម្បីឲ្យតែគេឃើញនោះឡើយ។ ធ្វើបែបនេះ អ្នករាល់គ្នាពុំបានទទួលរង្វាន់អ្វីពីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ*ទេ។ 2ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្ដែងៗដូចពួកមានពុតតែងធ្វើនៅក្នុងសាលាប្រជុំ* ឬនៅតាមដងផ្លូវ ដើម្បីឲ្យមនុស្សម្នាកោតសរសើរនោះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ 3រីឯអ្នកវិញ កាលណាដៃស្ដាំអ្នកធ្វើទាន មិនបាច់ឲ្យដៃឆ្វេងដឹងឡើយ 4ដើម្បីឲ្យទានរបស់អ្នកនៅស្ងាត់កំបាំង ហើយព្រះបិតារបស់អ្នកទតឃើញអំពើដែលអ្នកធ្វើនៅក្នុងទីស្ងាត់កំបាំង ព្រះអង្គនឹងប្រទានរង្វាន់មកអ្នកវិញ»។
ព្រះបន្ទូលអំពីការអធិស្ឋាន
(លូកា ១១.២-៤)
5 «កាលណាអ្នករាល់គ្នាអធិស្ឋាន* កុំធ្វើដូចពួកអ្នកមានពុត ដែលចូលចិត្តឈរអធិស្ឋាននៅក្នុងសាលាប្រជុំ* និងនៅត្រង់ថ្នល់កែង ដើម្បីឲ្យមនុស្សម្នាឃើញនោះឡើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ 6រីឯអ្នកវិញ កាលណាអ្នកអធិស្ឋានត្រូវ ចូលទៅក្នុងបន្ទប់ បិទទ្វារឲ្យជិត ហើយទូលទៅកាន់ព្រះបិតារបស់អ្នកដែលគង់នៅក្នុងទីស្ងាត់កំបាំង។ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង ព្រះអង្គនឹងប្រទានរង្វាន់មកអ្នកជាពុំខាន។ 7ពេលទូលទៅព្រះបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍ដទៃនោះឡើយ។ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្ដាប់គេ។ 8កុំធ្វើដូចគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។ 9អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅ:
ឱព្រះបិតានៃយើងខ្ញុំ
ដែលគង់នៅស្ថានបរមសុខ*អើយ!
10សូមសម្តែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ
ឲ្យមនុស្សលោកស្គាល់*
សូមឲ្យព្រះរាជ្យ*ព្រះអង្គបានមកដល់
សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គ
បានសម្រេចនៅលើផែនដី
ដូចនៅស្ថានបរមសុខដែរ។
11សូមប្រទានអាហារ
ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។
12សូមអត់ទោសឲ្យយើងខ្ញុំ
ដូចយើងខ្ញុំអត់ទោសឲ្យ
អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
13សូមកុំបណ្ដោយឲ្យយើងខ្ញុំ
ចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំឲ្យរួចពីមារ*កំណាច
[ដ្បិតព្រះអង្គគ្រងរាជ្យ
ព្រះអង្គមានឫទ្ធានុភាព និងសិរីរុងរឿង
អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។]
14 បើអ្នករាល់គ្នាអត់ទោសឲ្យមនុស្សលោក ព្រះបិតារបស់អ្នករាល់គ្នានៅស្ថានបរមសុខ* ក៏អត់ទោសឲ្យអ្នករាល់គ្នាដែរ។ 15ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឲ្យមនុស្សលោកទេនោះ ព្រះបិតារបស់អ្នករាល់គ្នាក៏មិនអត់ទោសឲ្យអ្នករាល់គ្នាដែរ»។
ការតមអាហារ
16«កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀមដូចពួកអ្នកមានពុតនោះឡើយ។ ពួកគេបង្ហាញទឹកមុខឲ្យអ្នកដទៃឃើញថាខ្លួនតមអាហារ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ 17រីឯអ្នកវិញ កាលណាអ្នកតមអាហារ ត្រូវលាបទឹកអប់លើក្បាល ហើយលុបមុខផង 18កុំឲ្យមនុស្សម្នាឃើញថាអ្នកតមឡើយ គឺឲ្យតែព្រះបិតារបស់អ្នក ដែលគង់នៅក្នុងទីស្ងាត់កំបាំងទតឃើញប៉ុណ្ណោះ ពេលនោះ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង នឹងប្រទានរង្វាន់មកអ្នកជាមិនខាន»។
អំពីសម្បត្តិសួគ៌
(លូកា ១២.៣៣-៣៤)
19 «កុំសន្សំទ្រព្យសម្បត្តិទុកសម្រាប់ខ្លួន នៅលើផែនដី ជាកន្លែងដែលមានកណ្ដៀរ និងច្រែះស៊ី ជាកន្លែងដែលមានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់នោះឲ្យសោះ។ 20ចូរប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានបរមសុខ*វិញ ជាស្ថានដែលគ្មានកណ្ដៀរ និងច្រែះស៊ីជាស្ថានដែលគ្មានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់ឡើយ 21ដ្បិតទ្រព្យសម្បត្តិអ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ»។
ពាក្យប្រស្នាអំពីចង្កៀង
(លូកា ១១.៣៤-៣៦)
22«ភ្នែកប្រៀបបាននឹងចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ 23តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកទាំងមូលក៏ងងឹតដែរ។ ប្រសិនបើពន្លឺនៅក្នុងអ្នកត្រឡប់ទៅជាងងឹតប៉ុណ្ណឹងទៅហើយ នោះមិនដឹងជាសេចក្ដីងងឹតនឹងទៅជាសូន្យសុង ដល់កម្រិតណាទៀតទេ»។
ត្រូវពឹងផ្អែកលើព្រះជាម្ចាស់
(លូកា ១៦.១៣, ១២.២២-៣១)
24«គ្មានអ្នកណាម្នាក់អាចបម្រើម្ចាស់ពីរបានទេ ព្រោះអ្នកនោះនឹងស្អប់មួយ ស្រឡាញ់មួយ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតជាពុំខាន។ អ្នករាល់គ្នាក៏ពុំអាចគោរពបម្រើព្រះជាម្ចាស់ផង ហើយគោរពបម្រើទ្រព្យសម្បត្តិទុកជាព្រះផងឡើយ»។
25«ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឲ្យខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬសម្លៀកបំពាក់សម្រាប់បិទបាំងកាយឡើយ។ ជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយក៏មានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។ 26ចូររំពៃមើលបក្សាបក្សីនៅលើមេឃ វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ មិនដែលប្រមូលស្រូវដាក់ជង្រុកឡើយ ប៉ុន្តែ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ* ព្រះអង្គចិញ្ចឹមវា។ រីឯអ្នករាល់គ្នា អ្នករាល់គ្នាមានតម្លៃលើសបក្សាបក្សីទាំងនោះទៅទៀត។ 27ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនឲ្យវែងដែរ សូម្បីតែបន្តិចក៏មិនបានផង។
28ហេតុដូចម្ដេចបានជាអ្នករាល់គ្នាខ្វល់ខ្វាយអំពីសម្លៀកបំពាក់? ចូរសង្កេតមើលផ្កានៅតាមវាល វាដុះឡើងយ៉ាងណា។ វាមិនដែលធ្វើការនឿយហត់ ឬត្បាញរវៃឡើយ 29 ប៉ុន្តែ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពីជំនាន់ដែលស្ដេចមានសិរីរុងរឿងដ៏ប្រសើរបំផុតនោះក៏ដោយ ក៏ស្ដេចគ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។ 30មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្ដល់សម្រស់ឲ្យផ្កាដែលរីកនៅតាមវាលថ្ងៃនេះ តែថ្ងៃស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត? 31ហេតុនេះ កុំខ្វល់ខ្វាយដោយពោលថា “យើងនឹងមានអ្វីបរិភោគ មានអ្វីស្លៀកពាក់”នោះឡើយ 32ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះទេ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯព្រះបិតាដែលគង់នៅស្ថានបរមសុខ ព្រះអង្គជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។ 33ចូរស្វែងរកព្រះរាជ្យ*របស់ព្រះជាម្ចាស់ និងសេចក្ដីសុចរិត*របស់ព្រះអង្គជាមុនសិន ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត។ 34កុំខ្វល់ខ្វាយអំពីហេតុការណ៍ដែលនឹងកើតមាននៅថ្ងៃស្អែកឡើយ ចាំស្អែកសឹមគិតពីរឿងថ្ងៃស្អែកទៅ! បើមានការលំបាកកើតឡើងនៅថ្ងៃណា ត្រូវដោះស្រាយសម្រាប់តែថ្ងៃនោះហើយ»។
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ 6: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.