ម៉ាថាយ 8
8
ព្រះយេស៊ូប្រោសមនុស្សឃ្លង់ម្នាក់ឲ្យជា
(ម៉ាកុស ១.៤០-៤៥; លូកា ៥.១២-១៤)
1កាលព្រះយេស៊ូយាងចុះពីលើភ្នំមកវិញ មានមហាជនជាច្រើននាំគ្នាដើរតាមព្រះអង្គ។ 2ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គ ទូលថា៖ «លោកម្ចាស់អើយ! ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យជាស្អាតបរិសុទ្ធ*ផង»។ 3ព្រះយេស៊ូលូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យបានជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ គាត់ក៏ជាស្អាតបរិសុទ្ធពីរោគឃ្លង់ភ្លាម។ 4#លវ. ១៤.១-៣២ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយប្រាប់ឲ្យនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ* ហើយថ្វាយតង្វាយដូចលោកម៉ូសេ*បានបង្គាប់មក ដើម្បីជាសក្ខីភាពបញ្ជាក់ថាអ្នកជាមែន»។
ព្រះយេស៊ូប្រោសអ្នកបម្រើរបស់នាយទាហានរ៉ូម៉ាំងឲ្យជា
(លូកា ៧.១-១០)
5នៅពេលព្រះយេស៊ូយាងចូលក្រុងកាពើណិម មាននាយទាហានរ៉ូម៉ាំងម្នាក់ចូលមកគាល់ព្រះអង្គ ទូលអង្វរថា៖ 6«លោកម្ចាស់អើយ! អ្នកបម្រើរបស់ខ្ញុំប្របាទដេកស្ដូកស្ដឹងនៅឯផ្ទះ ទាំងឈឺចុកចាប់យ៉ាងខ្លាំង»។ 7ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំនឹងទៅមើលគាត់ឲ្យជា»។ 8នាយទាហានទូលព្រះអង្គថា៖ «លោកម្ចាស់ ខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងលោកអញ្ជើញចូលក្នុងផ្ទះខ្ញុំប្របាទទេ សូមលោកមានប្រសាសន៍តែមួយម៉ាត់ប៉ុណ្ណោះ អ្នកបម្រើរបស់ខ្ញុំប្របាទនឹងជាសះស្បើយមិនខាន។ 9ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយមានកូនទាហាននៅក្រោមបញ្ជាខ្ញុំប្របាទដែរ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឲ្យទៅ គេនឹងទៅ បើប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបម្រើឲ្យធ្វើការអ្វីមួយ គេនឹងធ្វើតាម»។ 10កាលព្រះយេស៊ូទ្រង់ព្រះសណ្ដាប់ដូច្នេះហើយ ព្រះអង្គស្ងើចសរសើរណាស់ ក៏មានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះ នៅស្រុកអ៊ីស្រាអែលឡើយ។ 11#លក. ១៣.២៩ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិច មកចូលរួមពិធីជប់លៀង ក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*ជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ 12#មថ. ២២.១៣, ២៥.៣០ លក ១៣.២៨រីឯអស់អ្នកដែលត្រូវចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ បែរជាដេញឲ្យទៅនៅខាងក្រៅក្នុងទីងងឹត ជាកន្លែងដែលគេយំសោក ខឹងសង្កៀតធ្មេញ»។ 13បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅនាយទាហានរ៉ូម៉ាំងថា៖ «អញ្ជើញត្រឡប់ទៅវិញទៅ សុំឲ្យបានសម្រេចតាមជំនឿរបស់លោកចុះ!»។ អ្នកបម្រើក៏ជាសះស្បើយនៅពេលនោះ។
ព្រះយេស៊ូប្រោសអ្នកជំងឺជាច្រើនឲ្យជា
(ម៉ាកុស ១.២៩-៣៤; លូកា ៤.៣៨-៤១)
14បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅផ្ទះលោកពេត្រុស ទតឃើញម្ដាយក្មេករបស់គាត់កំពុងគ្រុនសម្រាន្ដនៅលើគ្រែ។ 15ព្រះអង្គពាល់ដៃគាត់ គាត់ក៏បាត់គ្រុន ហើយក្រោកឡើងបម្រើព្រះអង្គ។
16លុះដល់ល្ងាច គេនាំមនុស្សអារក្សចូលជាច្រើននាក់មករកព្រះអង្គ ព្រះអង្គក៏ដេញវិញ្ញាណទាំងនោះ ដោយមានព្រះបន្ទូល ហើយប្រោសអ្នកជំងឺឲ្យជាគ្រប់ៗគ្នា 17#អស. ៥៣.៤ស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈព្យាការី*អេសាយថា៖
«ព្រះអង្គបានទទួលយកភាពពិការរបស់យើង
ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ» # ៨.១៧ អេសាយ ៥៣.៤យើងអាចបកប្រែឃ្លាចុងក្រោយថា «ព្រះអង្គយកជំងឺចេញពីយើង»ក៏បាន។ ។
លក្ខណសម្បត្តិរបស់អ្នកដែលចង់តាមព្រះយេស៊ូ
(លូកា ៩.៥៧-៦២)
18កាលព្រះយេស៊ូឃើញបណ្ដាជនចោមរោមព្រះអង្គ ព្រះអង្គក៏បញ្ជាឲ្យគេចេញទូកទៅត្រើយម្ខាង។ 19ពេលនោះ មានអាចារ្យ*ម្នាក់ចូលមកជិតព្រះអង្គ ទូលថា៖ «លោកគ្រូ! ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ 20ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រមនុស្សវិញ គ្មានទីជម្រកសម្រាកសោះឡើយ»។ 21មានសិស្សមួយរូបទៀតទូលព្រះអង្គថា៖ «លោកម្ចាស់ សូមលោកអនុញ្ញាតឲ្យខ្ញុំប្របាទត្រឡប់ទៅបញ្ចុះសពឪពុកសិន»។ 22ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ ទុកឲ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ»។
ព្រះយេស៊ូធ្វើឲ្យរលកស្ងប់
(ម៉ាកុស ៤.៣៥-៤១; លូកា ៨.២២-២៥)
23ព្រះយេស៊ូយាងចុះទូក ហើយពួកសិស្ស*នាំគ្នាទៅជាមួយព្រះអង្គដែរ។ 24ពេលនោះ មានខ្យល់ព្យុះបក់បោកមកលើសមុទ្រយ៉ាងខ្លាំង បណ្ដាលឲ្យរលកជះមកគ្របពីលើទូក។ រីឯព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់។ 25ពួកសិស្ស*ចូលទៅជិត ដាស់ព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមជួយផង យើងស្លាប់ឥឡូវហើយ»។ 26ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ?»។ ព្រះអង្គក្រោកឈរឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងសមុទ្រ ពេលនោះ សមុទ្រក៏ស្ងប់ឈឹង។ 27ពួកសិស្សនាំគ្នាស្ងើចសរសើរ ហើយពោលថា៖ «តើលោកនេះមានឋានៈអ្វីបានជាខ្យល់ព្យុះ និងសមុទ្រ ស្ដាប់បង្គាប់លោកដូច្នេះ?»។
ព្រះយេស៊ូប្រោសបុរសអារក្សចូលពីរនាក់
(ម៉ាកុស ៥.១-២០; លូកា ៨.២៦-៣៩)
28កាលព្រះយេស៊ូ និងពួកសិស្សបានទៅដល់ត្រើយម្ខាង ក្នុងតំបន់គេរ៉ាស៊ីន មានបុរសអារក្សចូលពីរនាក់ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះអង្គ។ បុរសទាំងពីរនេះកាចណាស់ គ្មាននរណាហ៊ានដើរកាត់តាមនោះទេ។ 29អ្នកទាំងពីរស្រែកឡើងថា៖ «ព្រះបុត្រារបស់ព្រះជាម្ចាស់អើយ! តើព្រះអង្គចង់ធ្វើអ្វីយើងខ្ញុំ? ព្រះអង្គយាងមកទីនេះ ដើម្បីធ្វើទុក្ខទោសយើងខ្ញុំ មុនពេលកំណត់ឬ?»។ 30នៅឆ្ងាយពីនោះបន្តិច មានជ្រូកមួយហ្វូងធំកំពុងរកស៊ី។ 31ពួកអារក្សអង្វរព្រះយេស៊ូថា៖ «បើព្រះអង្គចង់ដេញយើងខ្ញុំ សូមបញ្ជូនយើងខ្ញុំឲ្យចូលទៅក្នុងជ្រូកមួយហ្វូងនេះទៅ»។ 32ព្រះយេស៊ូមានព្រះបន្ទូលទៅអារក្សថា៖ «ទៅចុះ!»។ ពួកអារក្សក៏ចេញពីបុរសទាំងពីរ ចូលទៅក្នុងជ្រូក។ ពេលនោះ ហ្វូងជ្រូកបោលចុះតាមជម្រាលភ្នំ តម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់ទៅ។ 33អ្នកថែរក្សាហ្វូងជ្រូកនាំគ្នាយករឿងអស់ទាំងនេះរត់ទៅប្រាប់អ្នកភូមិ ព្រមទាំងរៀបរាប់ហេតុការណ៍អំពីបុរសអារក្សចូលទាំងពីរនាក់នោះផង។ 34អ្នកភូមិទាំងអស់ក៏នាំគ្នាចេញមកជួបព្រះយេស៊ូ លុះបានឃើញហើយ គេអង្វរព្រះអង្គឲ្យចាកចេញពីស្រុកភូមិរបស់គេ។
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ 8: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.