ម៉ាថាយ ពាក្យលំនាំ
ពាក្យលំនាំ
លោកម៉ាថាយជាអ្នកទារពន្ធជាតិយូដាម្នាក់ ដែលពីដើមមានឈ្មោះថា លេវី។ ព្រះយេស៊ូបានត្រាស់ហៅលោកមកធ្វើជាសិស្ស ព្រមទាំងតែងតាំងលោកជាសាវ័កផង។
គោលបំណងរបស់លោកម៉ាថាយ
លោកបានតែងកណ្ឌគម្ពីរដំណឹងល្អនេះក្រោមការបំភ្លឺរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីណែនាំជនជាតិយូដាឲ្យជឿថា ព្រះយេស៊ូពិតជាព្រះគ្រិស្ត ដែលបានយាងមកតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ លោកចង់បង្ហាញថា ព្រះយេស៊ូយាងមកក្នុងលោកនេះ ដើម្បីបំពេញកិច្ចការទាំងអស់ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់កាលពីដើម និងស្របតាមពាក្យដែលពួកព្យាការីថ្លែងទុកមកផងដែរ។
លោកម៉ាថាយចង់ពន្យល់ទៀតថា ព្រះយេស៊ូក៏ដូចជាលោកម៉ូសេដែរ ព្រះអង្គយាងមកប្រទានក្រឹត្យវិន័យ តែក្រឹត្យវិន័យថ្មីនេះធ្វើឲ្យក្រឹត្យវិន័យពីដើមមានអត្ថន័យ និងមានតម្លៃពេញលក្ខណៈថែមទៀត។ ហេតុនេះហើយបានជាលោកចូលចិត្តដកស្រង់ឃ្លាជាច្រើនពីព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ដែលជនជាតិយូដាចាំច្បាស់មកចម្លងដាក់ក្នុងគម្ពីររបស់លោក ដើម្បីធ្វើជាភស្តុតាងបញ្ជាក់ថា ព្រះយេស៊ូពិតជាយាងមកផ្ដល់អត្ថន័យឲ្យព្រះគម្ពីរសម្ពន្ធមេត្រីចាស់បានពេញលេញ។
លោកម៉ាថាយក៏ចង់ពន្យល់ជនជាតិយូដាថា ក្រុមគ្រិស្តបរិស័ទគ្រប់ជាតិគ្រប់សាសន៍ពិតជាប្រជារាស្ដ្ររបស់ព្រះជាម្ចាស់។ រីឯជនជាតិអ៊ីស្រាអែលដែលមិនព្រមជឿព្រះយេស៊ូ លែងមានសិទ្ធិជាប្រជារាស្ដ្ររបស់ព្រះអង្គទៀតហើយ។ លោកម៉ាថាយយកចិត្តទុកដាក់ដាស់តឿនក្រុមគ្រិស្តបរិស័ទ ដែលហៅថា “ក្រុមជំនុំ” ដ្បិតក្រុមជំនុំនេះហើយ ដែលបានទទួលអំណាចពីព្រះគ្រិស្ត និងបន្ដបេសកកម្មរបស់ព្រះអង្គក្នុងពិភពលោកសព្វថ្ងៃ។
លោកម៉ាថាយសរសេរកណ្ឌគម្ពីរដំណឹងល្អនេះតាមគំនិតរបស់ជនជាតិយូដា គឺលោកមិនហ៊ានសរសេរព្រះនាមព្រះជាម្ចាស់ទេ តែលោកប្រើពាក្យ «ស្ថានបរមសុខ» ជំនួសវិញ ឧទាហរណ៍ លោកប្រើពាក្យ «ព្រះរាជ្យនៃស្ថានបរមសុខ» ជំនួសពាក្យ «ព្រះរាជ្យរបស់ព្រះជាម្ចាស់»។
អ្នកអានមុខជាឃើញក្នុងកណ្ឌគម្ពីរដំណឹងល្អម៉ាថាយថា ព្រះយេស៊ូយាងមកផែនដីនេះ ដើម្បីកសាងពិភពលោកមួយថ្មី គឺ«ព្រះរាជ្យរបស់ព្រះជាម្ចាស់» ហើយព្រះអង្គប្រៀនប្រដៅអស់អ្នក ដែលមកតាមព្រះអង្គអំពីរបៀបរស់នៅសមស្របនឹងព្រះរាជ្យនេះ ដើម្បីឲ្យគេអាចធ្វើជាបន្ទាល់ នាំដំណឹងល្អអំពីព្រះរាជ្យទៅប្រកាសប្រាប់មនុស្សទាំងអស់នៅសព្វទីកន្លែង រហូតដល់អវសានកាលនៃពិភពលោក។
គម្រោងរបស់គម្ពីរម៉ាថាយ
• បញ្ជីរាយនាមអយ្យកោរបស់ព្រះយេស៊ូ និងការប្រសូតរបស់ព្រះអង្គ (១.១–២.២៣)
• បេសកកម្មរបស់លោកយ៉ូហានបាទីស្ដ (៣.១-១២)
• ព្រះយេស៊ូទទួលពិធីជ្រមុជទឹក និងឈ្នះការល្បួង (៣.១៣–៤.១១)
• ព្រះយេស៊ូប្រកាសដំណឹងល្អនៅស្រុកកាលីឡេ (៤.១២–១៨.៣៥)
• ព្រះយេស៊ូយាងពីស្រុកកាលីឡេឆ្ពោះទៅក្រុងយេរូសាឡឹម (១៩.១–២០.៣៤)
• សប្តាហ៍ចុងក្រោយនៅក្រុងយេរូសាឡឹម និងភូមិដែលនៅជុំវិញ (២១.១–២៧.៦៦)
• ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និងបង្ហាញខ្លួនឲ្យអ្នកជឿឃើញ (២៨.១-២០)
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.