មីកា 1
1
1 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកមីកា ជាអ្នកស្រុកម៉ូរ៉ាស៊ីត តាមរយៈនិមិត្តហេតុអស្ចារ្យស្ដីអំពីក្រុងសាម៉ារី និងក្រុងយេរូសាឡឹម ក្នុងរជ្ជកាលព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។
ព្រះបន្ទូលព្រមានស្រុកអ៊ីស្រាអែល និងស្រុកយូដា
2ជាតិសាសន៍ទាំងអស់អើយ ចូរនាំគ្នាស្ដាប់!
ផែនដី និងអ្វីៗដែលរស់នៅលើផែនដីអើយ
ចូរយកចិត្តទុកដាក់ស្ដាប់!
ព្រះជាអម្ចាស់ចោទប្រកាន់អ្នករាល់គ្នា
ពីទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។
3 ព្រះអម្ចាស់យាងចេញពីព្រះដំណាក់ចុះមក
ព្រះអង្គយាងនៅតាមទីខ្ពស់នៃផែនដី។
4ភ្នំទាំងឡាយស្រុតចុះនៅក្រោមព្រះបាទា
ហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយ
ដូចក្រមួនរលាយនៅមុខភ្លើង
ឬដូចទឹកហូរចុះតាមជម្រាលភ្នំដែរ។
5ហេតុការណ៍ទាំងនេះកើតមាន
ព្រោះតែអំពើទុច្ចរិតរបស់ពូជពង្សលោកយ៉ាកុប
និងអំពើបាបរបស់ពូជពង្សអ៊ីស្រាអែល។
តើនរណានាំឲ្យកូនចៅ
របស់លោកយ៉ាកុបប្រព្រឹត្តអំពើទុច្ចរិត?
គឺក្រុងសាម៉ារី!
តើនរណានាំឲ្យយូដាគោរព
ព្រះក្លែងក្លាយនៅតាមទីខ្ពស់?
គឺក្រុងយេរូសាឡឹម!
6យើងនឹងធ្វើឲ្យសាម៉ារីក្លាយទៅជាគំនរឥដ្ឋ
ជាចម្ការមួយដែលគេដាំទំពាំងបាយជូរ
យើងនឹងរុញគំនរឥដ្ឋរបស់ក្រុងនេះ
ទម្លាក់ទៅក្នុងជ្រោះ
ហើយបំផ្លាញទីក្រុងឲ្យនៅសល់តែគ្រឹះ។
7រូបបដិមាទាំងប៉ុន្មាននឹងត្រូវបាក់បែក
គ្រឿងសក្ការៈបូជាទាំងប៉ុន្មានដែលគេយក
មកសែនរូបទាំងនោះ នឹងត្រូវដុតក្នុងភ្លើង។
យើងនឹងកម្ទេចព្រះក្លែងក្លាយទាំងអស់
រូបព្រះទាំងនោះជាផលនៃអំពើពេស្យាចារ
ដូច្នេះ គេនឹងយករូបទាំងនោះទៅបង់ថ្លៃ
ស្រីពេស្យា។
8ហេតុនេះហើយបានជាខ្ញុំយំសោកសង្រេង
ខ្ញុំដើរជើងទទេ និងខ្លួនទទេ
ខ្ញុំស្រែកលូដូចឆ្កែចចក ហើយថ្ងូរដូចព្រាប
9ដ្បិតដំបៅរបស់សាម៉ារីមិនអាចមើលជាបានទេ
ដំបៅនេះស៊ីរហូតដល់ស្រុកយូដា
និងដល់ទ្វារក្រុងយេរូសាឡឹម
ជាទីលំនៅនៃប្រជាជនរបស់ខ្ញុំ។
10កុំប្រកាសដំណឹងនេះនៅក្រុងកាថឡើយ
ហើយក៏កុំបង្ហូរទឹកភ្នែកដែរ។
កុំដេកននៀលលើដីនៅក្រុងបេត-លេ-អាប្រា
ឲ្យសោះ។
11អ្នកស្រុកសាភៀរអើយ
ចូររត់គេចខ្លួនទាំងអាក្រាត និងអាម៉ាស់ទៅ!
អ្នកក្រុងសាណានមិនហ៊ានចេញពីទីក្រុងទេ។
អ្នកក្រុងបេត-អេតសែលនាំគ្នាកាន់ទុក្ខ
ពួកគេមិនអាចធ្វើជាបង្អែករបស់
អ្នករាល់គ្នាបានទេ។
12អ្នកក្រុងម៉ារ៉ូតភ័យខ្លាចបាត់បង់សុភមង្គល
ដ្បិតទុក្ខវេទនាដែលព្រះអម្ចាស់បញ្ជូនមកនោះ
មកដល់មាត់ទ្វារក្រុងយេរូសាឡឹមហើយ។
13អ្នកក្រុងឡាគីសអើយ ចូរទឹមរទេះសេះទៅ!
អ្នកបាននាំអាទិ៍ប្រជាជនក្រុងស៊ីយ៉ូន
ឲ្យប្រព្រឹត្តអំពើបាប
ដ្បិតអំពើទុច្ចរិតរបស់អ៊ីស្រាអែល
ចាប់ផ្ដើមឡើងនៅក្នុងក្រុងរបស់អ្នក។
14ហេតុនេះហើយបានជាអ្នកត្រូវបែកចេញពី
ប្រជាជននៅក្រុងម៉ូរ៉ាស៊ីត-កាថ។
ចំណែកឯអ្នកក្រុងអាក់ស៊ីបវិញ
គេនឹងធ្វើឲ្យស្ដេចស្រុកអ៊ីស្រាអែលខកចិត្ត។
15អ្នកស្រុកម៉ារីសាអើយ
ព្រះអម្ចាស់នឹងនាំសត្រូវមកឈ្លានពានអ្នក
មេដឹកនាំដ៏រុងរឿងរបស់អ៊ីស្រាអែល
នឹងរត់ភៀសខ្លួនទៅដល់រូងភ្នំអាឌូឡាំ។
16អ្នកក្រុងយេរូសាឡឹមអើយ
ចូរកោរសក់ យំសោកស្រណោះកូនប្រុសៗ
ដ៏ជាទីស្រឡាញ់របស់អ្នក
ចូរទុកក្បាលឲ្យនៅត្រងោលដូចក្បាលត្មាត
ដ្បិតកូនប្រុសៗរបស់អ្នកត្រូវខ្មាំងកៀរយក
ទៅជាឈ្លើយឆ្ងាយពីអ្នកហើយ!។
ទើបបានជ្រើសរើសហើយ៖
មីកា 1: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.