មីកា 6

6
ព្រះ‌អម្ចាស់​ចោទ​ប្រកាន់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ
1ចូរ​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល!
ចូរ​ក្រោក​ឡើង! នាំ​ពាក្យ​បណ្ដឹង​ទៅ​ប្រាប់
ឲ្យ​ភ្នំ​ធំៗ និង​ភ្នំ​តូចៗ ដឹង​ឮ​ផង!
2ភ្នំ​ធំ​ទាំង‌ឡាយ​អើយ
ចូរ​ស្ដាប់​ពាក្យ​បណ្ដឹង​របស់​ព្រះ‌អម្ចាស់!
គ្រឹះ​នៃ​ផែនដី​ដែល​មិន​ចេះ​រង្គើ​អើយ!
ចូរ​ស្ដាប់​ពាក្យ​បណ្ដឹង​ដែល​ព្រះ‌អម្ចាស់
ចោទ​ប្រកាន់​អ៊ីស្រា‌អែល
ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ៖
3«ប្រជា‌រាស្ត្រ​យើង​អើយ!
តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ​ដល់​អ្នក?
តើ​យើង​បាន​ធ្វើ​អ្វី​ឲ្យ​អ្នក​ធុញ‌ទ្រាន់?
ចូរ​ឆ្លើយ​មក​យើង​មើល៍!
4 តើ​មក​ពី​យើង​បាន​នាំ​អ្នក​ចេញ​ពី
ស្រុក​អេស៊ីប​ឬ?
តើ​មក​ពី​យើង​បាន​លោះ​អ្នក
ឲ្យ​រួច​ពី​ទាស‌ភាព​ឬ?
តើ​មក​ពី​យើង​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម
ឲ្យ​នាំ​មុខ​អ្នក​ឬ?
5 ប្រជា‌រាស្ត្រ​យើង​អើយ
ចូរ​នឹក​ចាំ​អំពី​គម្រោង‌ការ​ដែល​បាឡាក់
ជា​ស្ដេច​ស្រុក​ម៉ូអាប់ បម្រុង​ធ្វើ​ចំពោះ​អ្នក!
ចូរ​នឹក​ចាំ​ពី​ស្ដេច​ដែល​បាឡាម
ជា​កូន​របស់​បេអ៊រ ឆ្លើយ​ទៅ​ស្ដេច​នោះ​វិញ!
បន្ទាប់​មក យើង​បាន​នាំ​អ្នក​ពី​ស៊ីទីម
រហូត​ដល់​គីល‌កាល់។
អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់
យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សុចរិត»។
តង្វាយ​ដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ
6ពេល​ខ្ញុំ​ចូល​ទៅ​គាល់​ព្រះ‌អម្ចាស់
តើ​ខ្ញុំ​ត្រូវ​យក​អ្វី​ទៅ​ជា​មួយ?
ពេល​ខ្ញុំ​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
តើ​ខ្ញុំ​ត្រូវ​យក​កូន​គោ​អាយុ​មួយ​ខួប
មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ឬ?
7តើ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ទទួល
ចៀម​ឈ្មោល​រាប់​ពាន់​ក្បាល
ឬ​ប្រេង​យ៉ាង​ច្រើន​អនេក‌អនន្ត​ឬ?
តើ​ខ្ញុំ​ត្រូវ​បូជា​កូន​ច្បង​របស់​ខ្ញុំ
ដើម្បី​សុំ​ព្រះអង្គ​លើក‌លែង​ទោស
ឬ​បូជា​កូន​ចៅ​របស់​ខ្ញុំ​ថ្វាយ​ព្រះអង្គ
ដើម្បី​សុំ​រំដោះ​បាប​ឬ?
8ឱ​មនុស្ស​អើយ គេ​បាន​ប្រៀន‌ប្រដៅ​អ្នក
ឲ្យ​ស្គាល់​ការ​ណា​ដែល​ល្អ
និង​ការ​ណា​ដែល​ព្រះ‌អម្ចាស់
សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​ធ្វើ
គឺ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​យុត្តិធម៌
ស្រឡាញ់​ភាព​ស្មោះ​ត្រង់
ហើយ​យក​ចិត្ត​ទុក​ដាក់​ដើរ តាម​មាគ៌ា
នៃ​ព្រះ​របស់​អ្នក។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ការ​កេង‌ប្រវ័ញ្ច និង​អំពើ​ឃោរ‌ឃៅ
9 ព្រះ‌អម្ចាស់​បន្លឺ​ព្រះ‌សូរសៀង​ទៅ​កាន់​អ្នក​ក្រុង
ព្រះអង្គ​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​កោត​ខ្លាច
ព្រះ‌នាម​របស់​ព្រះអង្គ។
ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖
«អស់​អ្នក​ដែល​ជួប‌ជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​អើយ
ចូរ​នាំ​គ្នា​ស្ដាប់!
10បើ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់
នៅ​តែ​មាន​ទ្រព្យ​ដែល​រក​បាន​ដោយ​ទុច្ចរិត
និង​មាន​ថាំង​រង្វាល់​តូច​ជ្រុល
ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដូច្នេះ
តើ​ឲ្យ​យើង​ទ្រាំ​បាន​ឬ?
11តើ​អ្នក​ស្មាន​ថា​យើង​អត់‌ឱន​ឲ្យ
អ្នក​ប្រើ​ជញ្ជីង​មិន​ត្រឹម​ត្រូវ
និង​អ្នក​បំបាត់​ភ្នែក​ជញ្ជីង​ឬ?
12អ្នក​មាន​នៅ​ក្រុង​នេះ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ
អ្នក​ក្រុង​នេះ​គិត​តែ​និយាយ​កុហក
និង​បោក​បញ្ឆោត​គ្នា។
13ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រហារ​ទីក្រុង
រហូត​ដល់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចុក​ចាប់។
ព្រោះ​តែ​អំពើ​បាប​របស់​អ្នក
យើង​នឹង​បំផ្លាញ​ក្រុង​នេះ​ឲ្យ​វិនាស។
14អ្នក​បរិភោគ​តែ​ពុំ​ចេះ​ឆ្អែត​ទេ
អ្នក​នឹង​ជួប​ទុរ្ភិក្ស
អ្នក​ប្រមូល​ស្បៀង​អាហារ​ទុក
តែ​ទុក​មិន​ចេះ​គង់។
អ្វីៗ​ដែល​អ្នក​ប្រមូល​ទុក
យើង​នឹង​ធ្វើ​ឲ្យ​វិនាស​ដោយ​សារ​សង្គ្រាម។
15សាប​ព្រោះ តែ​ពុំ​អាច​ច្រូត​យក​ផល​បាន​ទេ
អ្នក​កិន​ផ្លែ​អូលីវ តែ​មិន​បាន​ប្រើ​ប្រេង​នេះ
អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរ
តែ​មិន​បាន​ផឹក​ស្រា​នេះ​ទេ។
16 អ្នក​ធ្វើ​តាម​ច្បាប់​របស់​ស្ដេច​អ៊ុមរី
និង​ប្រព្រឹត្ត​តាម​អំពើ​ទាំង​ប៉ុន្មាន
ដែល​រាជ‌វង្ស​ស្ដេច​អហាប់​ធ្លាប់​ប្រព្រឹត្ត
អ្នក​រស់​នៅ​តាម​ទម្លាប់​របស់​ពួក​គេ។
ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ​អ្នក​ត្រូវ​តក់‌ស្លុត
ហើយ​អ្នក​ក្រុង​ត្រូវ​គេ​ប្រមាថ​មាក់‌ងាយ។
អ្នក​រាល់​គ្នា​នឹង​រង​នូវ​ភាព​អាម៉ាស់​នៃ​ប្រជា‌ជន
របស់​យើង»។

ទើបបានជ្រើសរើសហើយ៖

មីកា 6: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល