ម៉ាកុស 12
12
ប្រស្នាអំពីអ្នកថែរក្សាចម្ការទំពាំងបាយជូរ
(ម៉ាថាយ ២១.៣៣-៤៦ លូកា ២០.៩-១៩)
1 បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេជាប្រស្នាថា៖ «មានបុរសម្នាក់ដាំទំពាំងបាយជូរមួយចម្ការ។ គាត់បានធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។ 2លុះដល់ទំពាំងបាយជូរទុំ គាត់ក៏ចាត់អ្នកបម្រើម្នាក់ឲ្យមកទទួលផល ដែលជាចំណែករបស់គាត់ពីពួកអ្នកថែចម្ការ។ 3គេនាំគ្នាចាប់អ្នកបម្រើនោះវាយដំ ហើយបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។ 4ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមក ប៉ុន្តែ ពួកអ្នកថែចម្ការនាំគ្នាវាយក្បាលអ្នកបម្រើនោះ ហើយជេរស្ដីទៀតផង។ 5ម្ចាស់ចម្ការចាត់អ្នកបម្រើម្នាក់ផ្សេងទៀតឲ្យមក។ អ្នកថែចម្ការបានសម្លាប់អ្នកបម្រើនោះ។ បន្ទាប់មក អ្នកបម្រើផ្សេងទៀតជាច្រើនរូបក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយដំ ខ្លះត្រូវគេសម្លាប់។ 6ម្ចាស់ចម្ការមានបុត្រដ៏ជាទីស្រឡាញ់តែមួយគត់ គាត់ចាត់បុត្រនោះឲ្យមកក្រោយគេបង្អស់ ដោយយល់ថា 7“គេមុខជាគោរពកោតខ្លាចកូនប្រុសខ្ញុំមិនខាន”។ ប៉ុន្តែ ពួកកសិករថែចម្ការទាំងនោះពិគ្រោះគ្នាថា “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ យើងនាំគ្នាសម្លាប់វាទៅ ចម្ការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង”។ 8គេក៏ចាប់កូនប្រុសម្ចាស់ចម្ការយកមកសម្លាប់ រួចបោះទៅក្រៅចម្ការទំពាំងបាយជូរ។ 9តើម្ចាស់ចម្ការធ្វើយ៉ាងដូចម្ដេច? គាត់មុខជាមកសម្លាប់អ្នកថែរក្សាចម្ការទាំងនោះមិនខាន រួចប្រគល់ចម្ការទំពាំងបាយជូរទៅឲ្យអ្នកផ្សេងទៀត។ 10 អ្នករាល់គ្នាពិតជាធ្លាប់អានអត្ថបទគម្ពីរ ដែលមានចែងថា:
“ថ្មដែលពួកជាងសង់ផ្ទះបោះចោល
បានត្រឡប់មកជាគ្រឹះដ៏សំខាន់បំផុត។
11 ព្រះអម្ចាស់បានសម្រេចការអស្ចារ្យនេះ
យើងបានឃើញ ហើយស្ងើចសរសើរផង”»។
12ពួកមេដឹកនាំសាសន៍យូដាយល់ថា ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះសំដៅលើពួកគេ គេក៏នាំគ្នារកមធ្យោបាយចាប់ព្រះអង្គ ប៉ុន្តែ គេខ្លាចបណ្ដាជន ដូច្នេះ គេក៏ចាកចេញពីព្រះយេស៊ូទៅ។
អំពីពន្ធដារ
(ម៉ាថាយ ២២.១៥-២២ លូកា ២០.២០-២៦)
13គេចាត់ពួកខាងគណៈផារីស៊ី* និងពួកខាងស្ដេចហេរ៉ូដខ្លះឲ្យទៅជិតព្រះយេស៊ូ ចាំចាប់កំហុស នៅពេលព្រះអង្គមានព្រះបន្ទូល។ 14គេនាំគ្នាមកទូលព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់ លោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ គឺលោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមសេចក្ដីពិត។ តើច្បាប់*របស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ? តើយើងត្រូវបង់ ឬមិនត្រូវបង់?»។ 15ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់គេ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? សុំយកប្រាក់មួយកាក់មកឲ្យខ្ញុំមើលមើល៍»។ 16គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ!»។ 17ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ គេងឿងឆ្ងល់នឹងព្រះយេស៊ូយ៉ាងខ្លាំង។
អំពីមនុស្សស្លាប់នឹងរស់ឡើងវិញ
(ម៉ាថាយ ២២.២៣-៣៣ លូកា ២០.២៧-៤០)
18 មានពួកខាងគណៈសាឌូស៊ី*ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថាមនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ 19 «លោកគ្រូ! លោកម៉ូសេ*បានចែងច្បាប់ទុកឲ្យយើងថា “បើបុរសណាមានប្រពន្ធ ហើយស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន”។ 20ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់។ បុរសបងបង្អស់បានរៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ។ 21ប្អូនបន្ទាប់រៀបការនឹងបងថ្លៃមេម៉ាយ រួចស្លាប់ទៅ ទាំងឥតមានកូន រីឯប្អូនទីបីក៏ដូច្នោះដែរ។ 22បងប្អូនទាំងប្រាំពីរនាក់សុទ្ធតែគ្មានកូនដូចគ្នា។ នៅទីបំផុត នាងក៏ស្លាប់ទៅដែរ។ 23លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងត្រូវបានទៅជាប្រពន្ធរបស់អ្នកណា បើប្រាំពីរនាក់សុទ្ធតែយកនាងធ្វើជាប្រពន្ធដូច្នេះ?»។ 24ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ដ្បិតអ្នករាល់គ្នាមិនស្គាល់គម្ពីរ ហើយមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។ 25ពេលមនុស្សស្លាប់មានជីវិតរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវតា*នៅស្ថានបរមសុខ*។ 26 លោកម៉ូសេ*បានចែងអំពីមនុស្សស្លាប់នឹងរស់ឡើងវិញ នៅក្នុងអត្ថបទស្ដីអំពីគុម្ពបន្លា តើអ្នករាល់គ្នាធ្លាប់អានឬទេ? ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា “យើងជាព្រះរបស់អប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប”។ 27ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ អ្នករាល់គ្នាយល់ខុសទាំងស្រុងហើយ!»។
បទបញ្ជាសំខាន់ជាងគេ
(ម៉ាថាយ ២២.៣៤-៤០ លូកា ១០.២៥-២៦)
28 មានអាចារ្យ*ម្នាក់បានឮពួកគេជជែកជាមួយព្រះយេស៊ូ ហើយឃើញថាព្រះអង្គមានព្រះបន្ទូលឆ្លើយត្រឹមត្រូវ គាត់ក៏ចូលទៅជិតទូលព្រះអង្គថា៖ «ក្នុងបណ្ដាបទបញ្ជា*ទាំងអស់ តើបទបញ្ជាណាសំខាន់ជាងគេ?»។ 29 ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «នេះជាបទបញ្ជាទីមួយ: “អ៊ីស្រាអែលអើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។ 30ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ” ។ 31 រីឯបទបញ្ជាទីពីរមានចែងថា “ត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯង”។ គ្មានបទបញ្ជាណាសំខាន់ជាងបទបញ្ជាទាំងពីរនេះទេ»។ 32 អាចារ្យនោះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ ហើយពិតផង។ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ក្រៅពីព្រះអង្គ គ្មានព្រះឯណាទៀតឡើយ។ 33 បើយើងស្រឡាញ់ព្រះអង្គអស់ពីចិត្តគំនិត អស់ពីបញ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាទៅទៀត»។ 34កាលព្រះយេស៊ូឮគាត់ឆ្លើយដោយប្រាជ្ញាវាងវៃដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះជាម្ចាស់ទេ»។ បន្ទាប់មក គ្មាននរណាហ៊ានដេញដោលសួរព្រះអង្គទៀតឡើយ។
ព្រះគ្រិស្តជាព្រះអម្ចាស់លើស្ដេចដាវីឌ
(ម៉ាថាយ ២២.៤១-៤៦ លូកា ២០.៤១-៤៤)
35ព្រះយេស៊ូបង្រៀនមនុស្សម្នានៅក្នុងព្រះវិហារ*ដោយមានព្រះបន្ទូលថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យនិយាយថា ព្រះគ្រិស្តជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូច្នេះ? 36 ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានបំភ្លឺព្រះបាទដាវីឌឲ្យមានរាជឱង្ការថា:
“ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់
ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង
ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ” ។
37បើព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រិស្ត*ថា “ព្រះអម្ចាស់” ដូច្នេះ តើឲ្យព្រះគ្រិស្តត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត?»។
ព្រះយេស៊ូប្រាប់បណ្ដាជនឲ្យប្រយ័ត្ននឹងពួកអាចារ្យ
(ម៉ាថាយ ២៣.១-៣៦ លូកា ២០.៤៥-៤៧)
បណ្ដាជនជាច្រើនចូលចិត្តស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូណាស់។ 38ព្រះអង្គមានព្រះបន្ទូលបង្រៀនគេថា៖ «ចូរប្រយ័ត្ននឹងពួកអាចារ្យ*ឲ្យមែនទែន អ្នកទាំងនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឲ្យគេឱនកាយគោរពនៅតាមផ្សារ 39ព្រមទាំងរើសកន្លែងអង្គុយមុខគេ ក្នុងសាលាប្រជុំ* និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។ 40គេតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ អ្នកទាំងនេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុតជាមិនខាន»។
តង្វាយរបស់ស្ត្រីមេម៉ាយ
(លូកា ២១.១-៤)
41ព្រះយេស៊ូគង់នៅមុខហិបតង្វាយ ព្រះអង្គទតមើលរបៀបដែលបណ្ដាជនយកប្រាក់មកដាក់ក្នុងហិបនោះ។ អ្នកមានច្រើននាក់ដាក់ប្រាក់ជាច្រើន។ 42មានស្ត្រីមេម៉ាយក្រីក្រម្នាក់មកដល់ នាងយកប្រាក់ពីរសេនជាចំនួនដ៏តិចតួចបំផុត ដាក់ក្នុងហិបតង្វាយនោះដែរ។ 43ព្រះយេស៊ូត្រាស់ហៅពួកសិស្ស*មក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្ត្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ក្នុងហិបច្រើនជាងគេទាំងអស់ 44ដ្បិតពួកអ្នកទាំងនោះយកប្រាក់សំណល់របស់ខ្លួនមកដាក់។ រីឯស្ត្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងបានយកប្រាក់ដែលនាងត្រូវការជាចាំបាច់មកដាក់ដែរ គឺប្រាក់ទាំងប៉ុន្មានដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 12: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.