ម៉ាកុស 16
16
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ
(ម៉ាថាយ ២៨.១-៨ លូកា ២៤.១-១២ យ៉ូហាន ២០.១-១០)
1លុះផុតថ្ងៃសប្ប័ទ*ហើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយយ៉ាកុប និងនាងសាឡូមេ បានទិញគ្រឿងក្រអូប យកទៅអប់ព្រះសពព្រះយេស៊ូ។ 2ព្រលឹមឡើងថ្ងៃអាទិត្យ នាងនាំគ្នាធ្វើដំណើរទៅកាន់ផ្នូរ នៅពេលថ្ងៃរះ។ 3ពួកនាងនិយាយគ្នាថា៖ «តើបាននរណាជួយប្រមៀលថ្មចេញពីមាត់ផ្នូរឲ្យយើង?»។ 4ពេលស្ត្រីទាំងនោះងើបមុខឡើង ក៏ឃើញថ្មបានរមៀលចេញរួចស្រេចទៅហើយ ថ្មនោះមានទំហំធំណាស់។ 5នាងចូលទៅក្នុងផ្នូរ ឃើញកំលោះម្នាក់អង្គុយខាងស្ដាំ មានសម្លៀកបំពាក់ពណ៌ស ពួកនាងភ័យស្រឡាំងកាំង។ 6អ្នកនោះពោលមកកាន់នាងថា៖ «កុំភ័យស្រឡាំងកាំងធ្វើអ្វី! នាងនាំគ្នាមករកព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង តែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញហើយ ព្រះអង្គមិននៅទីនេះទេ មើលចុះ ទីនេះហើយដែលគេបានដាក់ព្រះសពព្រះអង្គ។ 7 ចូរនាងទៅប្រាប់សិស្សរបស់ព្រះអង្គ ព្រមទាំងលោកពេត្រុសផងថា “ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះ អ្នករាល់គ្នានឹងឃើញព្រះអង្គ ដូចព្រះអង្គមានព្រះបន្ទូលទុកស្រាប់”»។ 8ស្ត្រីទាំងនោះក៏ចាកចេញពីផ្នូរ ហើយរត់ទៅទាំងញ័ររន្ធត់ ស្លុតស្មារតី។ នាងពុំបាននិយាយរឿងនេះប្រាប់អ្នកណាសោះ ព្រោះនាងភ័យខ្លាំងពេក។
ព្រះយេស៊ូបង្ហាញព្រះអង្គឲ្យសិស្សឃើញ
[9ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ នៅព្រឹកថ្ងៃអាទិត្យ មុនដំបូង ព្រះអង្គបានបង្ហាញខ្លួនឲ្យនាងម៉ារី ជាអ្នកស្រុកម៉ាដាឡាឃើញ គឺនាងម៉ារីនេះហើយដែលព្រះអង្គបានដេញអារក្សប្រាំពីរចេញពីនាង។ 10នាងបានយកដំណឹងនេះទៅប្រាប់អស់អ្នកដែលនៅជាមួយព្រះយេស៊ូកាលពីមុន។ អ្នកទាំងនោះកំពុងកាន់ទុក្ខ ព្រមទាំងយំសោកទៀតផង។ 11ពេលគេឮថា ព្រះអង្គមានព្រះជន្មវិញហើយ ហើយឮថានាងបានឃើញព្រះអង្គ គេមិនជឿនាងឡើយ។
12បន្ទាប់មក ព្រះយេស៊ូបានបង្ហាញព្រះអង្គឲ្យសិស្ស*ពីរនាក់ឃើញ តាមទ្រង់ទ្រាយមួយផ្សេងទៀតក្នុងពេលអ្នកទាំងពីរកំពុងធ្វើដំណើរទៅស្រុកស្រែ។ 13អ្នកទាំងពីរក៏នាំដំណឹងមកប្រាប់សិស្ស*ឯទៀតៗដែរ តែពួកគេមិនព្រមជឿដដែល។
14នៅទីបំផុត ព្រះយេស៊ូក៏បង្ហាញខ្លួនឲ្យសិស្សទាំងដប់មួយរូបឃើញ នៅពេលដែលគេកំពុងបរិភោគ។ ព្រះអង្គបន្ទោសគេ ព្រោះគេគ្មានជំនឿ ហើយមានចិត្តរឹងរូស ពុំព្រមជឿអស់អ្នកដែលបានឃើញព្រះអង្គមានព្រះជន្មរស់ឡើងវិញ។
15 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អ*ដល់មនុស្សលោកទាំងអស់ចុះ។ 16អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក* ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។ 17អស់អ្នកដែលជឿនឹងធ្វើទីសម្គាល់ទាំងនេះ គឺគេនឹងដេញអារក្សក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។ 18ប្រសិនបើគេកាន់ពស់ ឬផឹកអ្វីដែលមានជាតិពុល ក៏គេពុំមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺ អ្នកជំងឺនឹងជាសះស្បើយ»។
19 កាលព្រះអម្ចាស់យេស៊ូមានព្រះបន្ទូលទាំងនេះរួចហើយ ព្រះជាម្ចាស់លើកព្រះអង្គឡើងទៅស្ថានបរមសុខ* ឲ្យគង់នៅខាងស្ដាំព្រះអង្គ។ 20ពួកសិស្សនាំគ្នាចេញទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង។ ព្រះអម្ចាស់ធ្វើការរួមជាមួយគេ ទាំងបញ្ជាក់ព្រះបន្ទូល ដោយសម្តែងទីសម្គាល់ផ្សេងៗជាប់ជាមួយផង។]
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 16: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.