ម៉ាកុស 6
6
អ្នកភូមិណាសារ៉ែតបដិសេធមិនព្រមទទួលព្រះយេស៊ូ
(លូកា ៤.១៦-៣០)
1ព្រះយេស៊ូយាងចេញពីទីនោះត្រឡប់ទៅភូមិស្រុករបស់ព្រះអង្គវិញ ពួកសិស្ស*ក៏ទៅតាមព្រះអង្គដែរ។ 2លុះដល់ថ្ងៃសប្ប័ទ* ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ*។ មនុស្សជាច្រើនដែលបានស្ដាប់ព្រះអង្គងឿងឆ្ងល់ក្រៃលែង។ គេនិយាយគ្នាថា៖ «តើគាត់ដឹងសេចក្ដីទាំងនេះមកពីណា? ប្រាជ្ញាដែលគាត់បានទទួលនេះជាប្រាជ្ញាអ្វីទៅ? ការអស្ចារ្យដែលគាត់បានធ្វើនេះកើតឡើងដោយវិធីណា? 3តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារី ជាបងប្អូនរបស់យ៉ាកុប យ៉ូសេ យូដាស និងស៊ីម៉ូនទេឬអី? ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានក៏រស់នៅក្នុងភូមិនេះជាមួយយើងដែរ!»។ ហេតុនេះហើយបានជាគេមិនអាចជឿព្រះអង្គឡើយ។ 4 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ធម្មតា គេមើលងាយព្យាការី*តែក្នុងស្រុកកំណើត ក្នុងក្រុមគ្រួសារ និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ»។ 5នៅទីនោះ ព្រះអង្គពុំអាចធ្វើការអស្ចារ្យអ្វីឡើយ បានត្រឹមតែដាក់ព្រះហស្ដលើអ្នកជំងឺខ្លះ ដើម្បីប្រោសគេឲ្យជាប៉ុណ្ណោះ។ 6ព្រះអង្គនឹកឆ្ងល់ ដោយឃើញគេគ្មានជំនឿបែបនេះ។
ព្រះយេស៊ូចាត់សិស្សទាំងដប់ពីររូបឲ្យទៅប្រកាសដំណឹងល្អ
(ម៉ាថាយ ១០.៥-១៥ លូកា ៩.១-៦)
ព្រះយេស៊ូយាងទៅភូមិនានាដែលនៅជុំវិញ ហើយទ្រង់បង្រៀនអ្នកស្រុក។ 7ពេលនោះ ព្រះអង្គត្រាស់ហៅសិស្ស*ទាំងដប់ពីររូបមក រួចទ្រង់ចាត់គេពីរៗនាក់ឲ្យទៅ ទាំងប្រទានឲ្យគេមានអំណាចដេញវិញ្ញាណអាក្រក់ផង។ 8 ព្រះអង្គផ្ដែផ្ដាំគេមិនឲ្យយកអ្វីទៅជាមួយ ក្នុងពេលធ្វើដំណើរឡើយ លើកលែងតែដំបងប៉ុណ្ណោះ៖ «កុំយកចំណីអាហារ ថង់យាម ឬយកប្រាក់កាសជាប់នឹងខ្លួន 9ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយឡើយ»។ 10ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ 11 បើនៅកន្លែងណាគេមិនព្រមទទួល មិនព្រមស្ដាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។
12ពួកសិស្សក៏ចេញទៅ ប្រកាសឲ្យមនុស្សម្នាកែប្រែចិត្តគំនិត។ 13 គេបានដេញអារក្សជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺច្រើននាក់ ដើម្បីប្រោសឲ្យគេជាសះស្បើយ។
ស្ដេចហេរ៉ូដសម្លាប់លោកយ៉ូហានបាទីស្ដ
(ម៉ាថាយ ១៤.១-១២ លូកា ៩.៧-៩)
14 ព្រះបាទហេរ៉ូដបានជ្រាបអំពីហេតុការណ៍ទាំងអស់នោះ ដ្បិតព្រះកិត្តិនាមរបស់ព្រះយេស៊ូបានល្បីឮខ្ចរខ្ចាយ។ មានគេនិយាយថា៖ «លោកយ៉ូហានបាទីស្ដបានរស់ឡើងវិញ។ ហេតុនេះហើយបានជាលោកមានអំណាចនឹងធ្វើការអស្ចារ្យយ៉ាងនេះ»។ 15អ្នកខ្លះថា៖ «លោកជាព្យាការីអេលីយ៉ា» ហើយខ្លះទៀតថា៖ «លោកជាព្យាការី*ម្នាក់ដូចព្យាការីឯទៀតៗពីជំនាន់ដើមដែរ»។ 16រីឯព្រះបាទហេរ៉ូដវិញ កាលបានជ្រាបដំណឹងនេះ ស្ដេចមានរាជឱង្ការថា៖ «អ្នកនេះពិតជាលោកយ៉ូហាន ដែលយើងបានឲ្យគេកាត់កមែន ឥឡូវនេះ គាត់រស់ឡើងវិញ»។
17 ព្រះបាទហេរ៉ូដបានបញ្ជាឲ្យគេចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយស្ដេចជឿតាមព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់ស្ដេចភីលីព ជាអនុជ ហើយព្រះអង្គយកមកធ្វើជាមហេសី។ 18លោកយ៉ូហានបានបន្ទោសស្ដេចហេរ៉ូដថា៖ «ព្រះករុណាគ្មានសិទ្ធិនឹងយកមហេសីរបស់អនុជមកធ្វើជាមហេសីទេ»។ 19ព្រះនាងហេរ៉ូឌាសចងគំនុំ ប៉ងសម្លាប់លោកយ៉ូហាន តែរកសម្លាប់ពុំកើត 20ដ្បិតព្រះបាទហេរ៉ូដខ្លាចលោកយ៉ូហាន ព្រោះស្ដេចជ្រាបថា លោកជាមនុស្សសុចរិត* និងជាអ្នកដ៏វិសុទ្ធ*។ ដូច្នេះ ស្ដេចការពារលោក។ កាលស្ដេចព្រះសណ្ដាប់ពាក្យលោកយ៉ូហាន ស្ដេចសព្វព្រះហឫទ័យជាខ្លាំង តែស្ដេចរារែកមិនដឹងជាត្រូវគិតយ៉ាងណា។
21មានថ្ងៃមួយ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូដ ស្ដេចបានរៀបចំពិធីជប់លៀង ដោយអញ្ជើញអស់លោកមន្ត្រី មេទ័ព និងនាម៉ឺនធំៗ ក្នុងស្រុកកាលីឡេមកចូលរួម។ ពេលនោះ ជាឱកាសល្អដល់ព្រះនាងហេរ៉ូឌាស។ 22បុត្រីរបស់ព្រះនាងក៏ចូលមករាំ ធ្វើឲ្យស្ដេចហេរ៉ូដ និងភ្ញៀវទាំងអស់ពេញចិត្តណាស់។ ស្ដេចក៏មានរាជឱង្ការទៅកាន់នាងថា៖ «បើនាងចង់បានអ្វី ចូរសុំពីយើងចុះ យើងនឹងឲ្យនាង»។ 23បន្ទាប់មក ស្ដេចស្បថនឹងនាងថា៖ «អ្វីៗដែលនាងសុំពីយើង យើងនឹងឲ្យនាង ទោះបីនគរមួយចំហៀងក៏ដោយ»។ 24នាងក៏ចេញទៅសួរមាតាថា៖ «តើខ្ញុំម្ចាស់ត្រូវសុំអ្វី?»។ មាតាឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ូហានបាទីស្ដ!»។ 25នាងក៏ប្រញាប់ត្រឡប់ទៅគាល់ស្ដេចវិញភ្លាម រួចទូលថា៖ «ខ្ញុំម្ចាស់ចង់បានក្បាលរបស់យ៉ូហានបាទីស្ដដាក់លើថាសឥឡូវនេះ!»។ 26ស្ដេចព្រួយព្រះហឫទ័យក្រៃលែង តែមិនហ៊ានបដិសេធឡើយ ព្រោះព្រះអង្គបានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។ 27ស្ដេចបញ្ជាទាហានម្នាក់ឲ្យទៅយកក្បាលលោកយ៉ូហានមកភ្លាម។ 28ទាហានទៅគុកកាត់ កលោកយ៉ូហាន យកក្បាលដាក់លើថាសមួយ មកប្រគល់ឲ្យនាង ហើយនាងយកទៅថ្វាយមាតា។ 29កាលពួកសិស្សរបស់លោកយ៉ូហានបានឮដំណឹងនេះ គេនាំគ្នាមកយកសពរបស់លោកទៅបញ្ចុះក្នុងផ្នូរ។
ព្រះយេស៊ូប្រទាននំប៉័ងឲ្យមនុស្សប្រាំពាន់នាក់បរិភោគ
(ម៉ាថាយ ១៤.១៣-២១ លូកា ៩.១០-១៧ យ៉ូហាន ៦.១-១៥)
30ពួកសាវ័ក*វិលត្រឡប់មកគាល់ព្រះយេស៊ូវិញ រៀបរាប់ទូលព្រះអង្គអំពីកិច្ចការទាំងប៉ុន្មានដែលគេបានធ្វើ និងសេចក្ដីទាំងអស់ដែលគេបានបង្រៀន។
31មនុស្សជាច្រើនធ្វើដំណើរទៅមក ធ្វើឲ្យព្រះយេស៊ូ និងពួកសិស្ស* រកពេលបរិភោគពុំបានសោះ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ចូរនាំគ្នាមករកកន្លែងស្ងាត់ដាច់ឡែកពីបណ្ដាជន សម្រាកបន្តិចសិន»។ 32ព្រះយេស៊ូក៏យាងចុះទូកជាមួយពួកសិស្ស ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែក។ 33ប៉ុន្តែ មានមនុស្សជាច្រើនបានឃើញព្រះយេស៊ូ និងពួកសិស្សចេញដំណើរទៅ គេក៏ស្គាល់ព្រះអង្គ និងសិស្ស ហើយនាំគ្នារត់ចេញពីទីក្រុងនានាទៅមុន។
34 កាលព្រះយេស៊ូយាងឡើងពីទូកមក ទតឃើញមហាជនច្រើនយ៉ាងនេះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះប្រៀបបីដូចជាចៀម ដែលគ្មានគង្វាលថែទាំ។ ព្រះអង្គក៏បង្រៀនគេអំពីសេចក្ដីផ្សេងៗជាច្រើន។ 35ពេលនោះ ថ្ងៃកាន់តែជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកគាល់ព្រះយេស៊ូ ទូលព្រះអង្គថា៖ «ទីនេះស្ងាត់ណាស់ ថ្ងៃក៏ជិតលិចផង 36សូមប្រាប់អ្នកទាំងនេះឲ្យត្រឡប់ទៅវិញ ទៅរកទិញម្ហូបអាហារបរិភោគតាមផ្ទះ តាមភូមិជិតៗនេះ»។ 37ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ!»។ គេទូលព្រះអង្គថា៖ «តើយើងត្រូវយកប្រាក់ពីររយដួង* ទៅទិញម្ហូបអាហារឲ្យគេបរិភោគឬ?»។ 38ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «ទៅមើលមើល៍ អ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ កាលបានដឹងហើយ គេទូលព្រះអង្គថា៖ «យើងខ្ញុំមាននំប៉័ងប្រាំដុំ និងត្រីងៀតពីរកន្ទុយ»។ 39ព្រះយេស៊ូបង្គាប់ពួកសិស្សឲ្យប្រាប់បណ្ដាជន អង្គុយជាក្រុមៗ នៅលើស្មៅខៀវខ្ចី។ 40គេអង្គុយជាជួរ ជួរខ្លះមានមួយរយនាក់ ជួរខ្លះមានហាសិបនាក់។ 41ព្រះយេស៊ូយកនំប៉័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ព្រះអង្គងើបព្រះភ័ក្ត្រឡើង សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់នំប៉័ងប្រទានឲ្យពួកសិស្ស ដើម្បីឲ្យគេចែកបណ្ដាជនបរិភោគ ព្រះអង្គក៏ចែកត្រីពីរកន្ទុយនោះឲ្យគេទាំងអស់គ្នាដែរ។ 42អ្នកទាំងនោះបរិភោគឆ្អែតគ្រប់ៗគ្នា។ 43ពួកសិស្ស*ប្រមូលនំប៉័ង និងត្រីដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។ 44ក្នុងចំណោមអ្នកដែលបរិភោគនំប៉័ង មានប្រុសៗចំនួនប្រាំពាន់នាក់។
ព្រះយេស៊ូយាងលើទឹកសមុទ្រ
(ម៉ាថាយ ១៤.២២-៣៣ យ៉ូហាន ៦.១៥-២១)
45រំពេចនោះ ព្រះយេស៊ូបញ្ជាពួកសិស្ស*ឲ្យចុះទូកឆ្លងទៅត្រើយម្ខាង ឆ្ពោះទៅភូមិបេតសៃដាមុនព្រះអង្គ ហើយព្រះអង្គប្រាប់បណ្ដាជនឲ្យត្រឡប់ទៅវិញ។ 46កាលឲ្យបណ្ដាជនចេញផុតអស់ហើយ ព្រះយេស៊ូយាងទៅអធិស្ឋាននៅលើភ្នំ។ 47លុះដល់យប់ ទូកបានទៅដល់កណ្ដាលសមុទ្រ រីឯព្រះយេស៊ូវិញ ព្រះអង្គគង់នៅលើគោកតែមួយព្រះអង្គឯង។ 48ព្រះអង្គទតឃើញសិស្សកំពុងតែអុំទូកយ៉ាងលំបាក ដ្បិតបញ្ច្រាសខ្យល់។ ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកពួកគេ ហើយធ្វើដូចជាចង់យាងបង្ហួស។ 49កាលពួកសិស្សឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេស្មានថាខ្មោចលង ក៏នាំគ្នាស្រែក 50ដ្បិតគេបានឃើញព្រះអង្គគ្រប់ៗគ្នា ហើយភ័យរន្ធត់ជាខ្លាំង។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេភ្លាមថា៖ «ចូរតាំងចិត្តក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។ 51បន្ទាប់មក ព្រះអង្គយាងចូលក្នុងទូកជាមួយគេ ហើយខ្យល់ក៏ស្ងប់។ ពួកសិស្សងឿងឆ្ងល់ពន់ពេកណាស់ 52ដ្បិតគេពុំទាន់បានយល់អំពីរឿងនំប៉័ង មកពីគេមានចិត្តរឹងរូស។
ព្រះយេស៊ូប្រោសអ្នកជំងឺនៅស្រុកគេនេសារ៉ែត
(ម៉ាថាយ ១៤.៣៤-៣៦)
53កាលព្រះយេស៊ូ និងពួកសិស្ស*បានឆ្លងទៅដល់ត្រើយម្ខាងក្នុងស្រុកគេនេសារ៉ែតហើយ គេក៏នាំគ្នាចតទូក។ 54ព្រះអង្គយាងឡើងលើគោកជាមួយសិស្ស* ពេលនោះ មនុស្សម្នាស្គាល់ព្រះអង្គភ្លាម។ 55គេរត់ទៅគ្រប់កន្លែងក្នុងតំបន់ ហើយនាំគ្នាសែងអ្នកជំងឺទៅកន្លែង ដែលគេឮថាព្រះអង្គគង់នៅ។ 56គ្រប់កន្លែងដែលព្រះយេស៊ូយាងទៅ ទោះបីនៅក្នុងភូមិក្នុងក្រុង ឬតាមស្រុកស្រែក្ដី គេយកអ្នកជំងឺមកដាក់នៅតាមទីផ្សារ ទូលអង្វរសុំគ្រាន់តែពាល់ជាយព្រះពស្ដ្រព្រះអង្គប៉ុណ្ណោះ អស់អ្នកដែលពាល់ព្រះអង្គ បានជាសះស្បើយ គ្រប់ៗគ្នា។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 6: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: