ចាស់ទុំរបស់ជនជាតិម៉ូអាប់ និងចាស់ទុំរបស់ជនជាតិម៉ាឌាន នាំគ្នាចេញដំណើរទៅ ទាំងនាំយកជំនូនសម្រាប់ជូនគ្រូហោរទៅជាមួយផង។ ពួកគេបានទៅដល់ផ្ទះរបស់លោកបាឡាម ហើយរៀបរាប់ប្រាប់លោកនូវរាជឱង្ការរបស់ព្រះបាទបាឡាក់។ លោកបាឡាមពោលថា៖ «សូមអស់លោកស្នាក់នៅទីនេះមួយយប់សិន ខ្ញុំនឹងជូនចម្លើយអស់លោកវិញ តាមសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ»។ ដូច្នេះ ពួកមេដឹកនាំនៃជនជាតិម៉ូអាប់ក៏នាំគ្នាស្នាក់នៅក្នុងផ្ទះរបស់លោកបាឡាម។ ព្រះជាម្ចាស់យាងមកជួបលោកបាឡាម មានព្រះបន្ទូលថា៖ «តើមនុស្សម្នាដែលស្នាក់នៅក្នុងផ្ទះរបស់អ្នកជានរណា?»។ លោកបាឡាមទូលព្រះជាម្ចាស់ថា៖ «ស្ដេចបាឡាក់ ជាបុត្ររបស់ស្ដេចស៊ីបព័រដែលសោយរាជ្យនៅស្រុកម៉ូអាប់ បានចាត់ពួកគេឲ្យមកប្រាប់ទូលបង្គំថា “មានជនជាតិមួយចេញមកពីស្រុកអេស៊ីប នាំគ្នាមកនៅពាសពេញស្រុក។ ដូច្នេះ សូមលោកមកជួយដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង។ បើលោកដាក់បណ្ដាសាពួកគេនោះ ប្រហែលជាយើងវាយឈ្នះពួកគេ និងបណ្តេញពួកគេបាន”»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកបាឡាមថា៖ «កុំទៅជាមួយពួកគេឡើយ ហើយក៏មិនត្រូវដាក់បណ្ដាសាប្រជាជននោះដែរ ដ្បិតយើងបានឲ្យពរពួកគេរួចហើយ!»។ លោកបាឡាមក្រោកពីព្រលឹម ហើយមានប្រសាសន៍ទៅកាន់ពួកមេដឹកនាំដែលព្រះបាទបាឡាក់បានចាត់ឲ្យមកនោះថា៖ «សូមអស់លោកអញ្ជើញវិលទៅស្រុករបស់អស់លោកវិញចុះ ព្រះអម្ចាស់មិនអនុញ្ញាតឲ្យខ្ញុំទៅជាមួយអស់លោកទេ»។ មេដឹកនាំរបស់ជនជាតិម៉ូអាប់នាំគ្នាវិលមកគាល់ព្រះបាទបាឡាក់វិញ ទូលថា៖ «លោកបាឡាមមិនព្រមមកជាមួយពួកយើងទេ»។ ព្រះបាទបាឡាក់បានចាត់មេដឹកនាំឲ្យទៅសាជាថ្មី មានគ្នាច្រើនជាងមុន និងមានយសស័ក្ដិខ្ពស់ជាងមុន។ ពួកគេទៅដល់ផ្ទះរបស់លោកបាឡាម ជម្រាបដូចតទៅ៖ «ព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីបព័រ មានរាជឱង្ការថា “សូមអញ្ជើញលោកមកជួបយើង កុំបីអាក់ខាន ដ្បិតយើងបានលើកកិត្តិយសលោកច្រើនណាស់ ហើយបើលោកចង់បង្គាប់អ្វី យើងសុខចិត្តធ្វើតាមទាំងអស់ ដូច្នេះ សូមលោកអញ្ជើញមកជួយដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង”»។ លោកបាឡាមឆ្លើយទៅកាន់ពួកនាម៉ឺនមន្ត្រីរបស់ព្រះបាទបាឡាក់ថា៖ «ទោះបីព្រះបាទបាឡាក់ប្រទានមាស ឬប្រាក់ ដែលមានពេញនៅក្នុងវាំងមកខ្ញុំក្ដី ក៏ខ្ញុំពុំអាចធ្វើការអ្វីតូច ឬធំ ខុសនឹងបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំជាដាច់ខាត។ ឥឡូវនេះ សូមអស់លោកស្នាក់នៅជាមួយខ្ញុំមួយយប់សិន ខ្ញុំមុខជាដឹងអំពីសេចក្ដីដែលព្រះអម្ចាស់នឹងថ្លែងប្រាប់ខ្ញុំ»។ នៅពេលយប់ ព្រះជាម្ចាស់យាងមកជួបលោកបាឡាម មានព្រះបន្ទូលថា៖ «ដោយអ្នកទាំងនោះនាំគ្នាមកហៅអ្នកដូច្នេះ ចូរក្រោកឡើង ចេញដំណើរទៅជាមួយពួកគេចុះ។ ប៉ុន្តែ ត្រូវធ្វើតាមសេចក្ដីណាដែលយើងនឹងបង្គាប់ឲ្យអ្នកធ្វើ»។ លោកបាឡាមក្រោកឡើងពីព្រលឹម លោករៀបចំកែបលា ចេញដំណើរទៅជាមួយពួកមេដឹកនាំរបស់ជនជាតិម៉ូអាប់។ ពេលនោះ ព្រះជាម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ព្រោះលោកចេញដំណើរដូច្នេះ។ ទេវតា*របស់ព្រះអម្ចាស់ឈររាំងផ្លូវរបស់លោក ដើម្បីជំទាស់នឹងលោក។ លោកបាឡាមជិះលាញីរបស់លោក ហើយមានអ្នកបម្រើពីរនាក់រួមដំណើរជាមួយដែរ។ លាញីបានឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅកណ្ដាលផ្លូវ ទាំងកាន់ដាវផង។ លាក៏ងាកចេញពីផ្លូវ ទៅដើរនៅក្នុងចម្ការ។ លោកបាឡាមវាយលាឲ្យមកដើរតាមផ្លូវវិញ។ ទេវតារបស់ព្រះអម្ចាស់ឈរនៅកណ្ដាលផ្លូវ ដែលមានចម្ការទំពាំងបាយជូរនៅសងខាង ហើយសងខាងផ្លូវមានរបង។ លាញីឃើញទេវតារបស់ព្រះអម្ចាស់ វាក៏ងាកទៅជិតរបង ធ្វើឲ្យជើងរបស់លោកបាឡាមគាបទៅនឹងរបង។ លោកបាឡាមក៏វាយវាសាជាថ្មី។ ទេវតារបស់ព្រះអម្ចាស់ទៅឆ្ងាយបន្តិច ត្រង់កន្លែងមានច្រកចង្អៀត ដែលពុំអាចវាងទៅស្ដាំ ឬទៅឆ្វេងឡើយ។ លាឃើញទេវតារបស់ព្រះអម្ចាស់ វាក៏ក្រាបចុះ ធ្វើឲ្យលោកបាឡាមខឹងជាខ្លាំង ហើយយកដំបងវាយលា។ ព្រះអម្ចាស់ធ្វើឲ្យលាញីចេះនិយាយ វានិយាយទៅលោកបាឡាមថា៖ «តើខ្ញុំធ្វើអ្វីលោក បានជាលោកវាយខ្ញុំដល់ទៅបីដងដូច្នេះ?»។ លោកបាឡាមតបទៅលាញីថា៖ «មកពីឯងមិនព្រមធ្វើតាមអញ! ប្រសិនបើអញមានដាវនៅដៃ នោះអញមុខជាសម្លាប់ឯងភ្លាម!»។ លាញីតបថា៖ «ខ្ញុំជាលារបស់លោក ដែលលោកធ្លាប់ជិះគ្រប់ពេលវេលា រហូតមកទល់ថ្ងៃនេះ តើពីមុនៗមក ខ្ញុំធ្លាប់ធ្វើបែបនេះចំពោះលោកឬទេ?»។ លោកបាឡាមតបថា៖ «ទេ!»។ ពេលនោះ ព្រះអម្ចាស់បំភ្លឺឲ្យលោកបាឡាមមើលឃើញទេវតារបស់ព្រះអម្ចាស់ដែលឈររាំងផ្លូវ ទាំងកាន់ដាវនៅដៃ លោកក៏ក្រាបចុះឱនមុខដល់ដី។ ទេវតារបស់ព្រះអម្ចាស់ពោលមកលោកថា៖ «ហេតុអ្វីបានជាលោកវាយលារបស់លោកដល់ទៅបីដងដូច្នេះ? ខ្ញុំបានចេញមកឃាត់លោក ដ្បិតផ្លូវដែលលោកតម្រង់ទៅនេះជាផ្លូវនាំឲ្យវិនាស។ លាញីបានឃើញខ្ញុំ វាងាកចេញពីខ្ញុំដល់ទៅបីដង ប្រសិនបើវាមិនងាកចេញពីខ្ញុំទេនោះ ម៉្លេះសមខ្ញុំសម្លាប់លោក ហើយទុកជីវិតឲ្យវា»។ លោកបាឡាមពោលទៅកាន់ទេវតារបស់ព្រះអម្ចាស់ថា៖ «ខ្ញុំប្របាទបានប្រព្រឹត្តអំពើបាប ដ្បិតខ្ញុំប្របាទពុំដឹងថា លោកម្ចាស់ស្ថិតនៅតាមផ្លូវពីមុខខ្ញុំប្របាទទេ។ ឥឡូវនេះ ប្រសិនបើលោកមិនពេញចិត្តឲ្យខ្ញុំប្របាទទៅទេ នោះខ្ញុំប្របាទបកក្រោយវិញ»។ ទេវតារបស់ព្រះអម្ចាស់ពោលមកកាន់លោកបាឡាមថា៖ «ចូរទៅជាមួយអ្នកទាំងនោះចុះ តែត្រូវនិយាយតាមសេចក្ដីដែលយើងប្រាប់អ្នកប៉ុណ្ណោះ»។ លោកបាឡាមក៏ទៅជាមួយពួកមេដឹកនាំរបស់ព្រះបាទបាឡាក់។ ព្រះបាទបាឡាក់ជ្រាបថាលោកបាឡាមមកដល់ ស្ដេចក៏យាងចេញទៅទទួលលោកនៅក្រុងរបស់ស្រុកម៉ូអាប់ ដែលនៅមាត់ស្ទឹងអើណូន ក្បែរជាយដែន។ ព្រះបាទបាឡាក់មានរាជឱង្ការទៅកាន់លោកបាឡាមថា៖ «យើងបានចាត់គេឲ្យទៅអញ្ជើញលោក ហេតុអ្វីបានជាលោកមិនព្រមមកជួបយើង តើលោកស្មានថាយើងមិនអាចលើកកិត្តិយសលោកឬ?»។ លោកបាឡាមទូលស្ដេចថា៖ «ឥឡូវនេះ ទូលបង្គំមកគាល់ព្រះករុណាហើយ។ ក៏ប៉ុន្តែ ទូលបង្គំពុំអាចពោលពាក្យអ្វីផ្សេង ក្រៅពីព្រះបន្ទូលដែលព្រះជាម្ចាស់បង្គាប់ឲ្យទូលបង្គំថ្លែងនោះឡើយ»។ លោកបាឡាមក៏ទៅជាមួយព្រះបាទបាឡាក់ រហូតដល់ក្រុងគារយ៉ាត់-ហាសូត។ ព្រះបាទបាឡាក់បានយកគោ និងចៀម ធ្វើយញ្ញបូជា ហើយជូនសាច់ខ្លះទៅលោកបាឡាម ព្រមទាំងមេដឹកនាំដែលមកជាមួយលោក។ លុះព្រឹកឡើង ព្រះបាទបាឡាក់បាននាំលោកបាឡាមឡើងទៅបាម៉ុត-បាល។ នៅកន្លែងនោះ លោកអាចមើលឃើញប្រជាជនអ៊ីស្រាអែលមួយចំនួន។
អាន ជនគណនា 22
ស្ដាប់នូវ ជនគណនា 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 22:7-41
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ