ជនគណនា 24:15-25

ជនគណនា 24:15-25 គខប

លោក​បាឡាម​ថ្លែង​ដូច​ត​ទៅ៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ នេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់ នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល របស់​ព្រះ‌ជាម្ចាស់ អ្នក​ដែល​ស្គាល់​តម្រិះ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត អ្នក​ដែល​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត អ្នក​ដែល​ស្លុង​ស្មារតី ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។ ខ្ញុំ​ឃើញ​ស្ដេច​មួយ​អង្គ តែ​មិន​មែន​ក្នុង​ពេល​ឥឡូវ​នេះ​ទេ ខ្ញុំ​សម្លឹង​មើល​ស្ដេច​នោះ តែ​មិន​មែន​នៅ​ជិត​ទេ។ មាន​ផ្កាយ​មួយ​រះ​ចេញ​ពី​យ៉ាកុប មាន​ដំបង​រាជ្យ​មួយ​ចេញ​ពី​អ៊ីស្រា‌អែល ស្ដេច​នោះ​នឹង​វាយ​បំបែក​ក្បាល​របស់​ម៉ូអាប់ ហើយ​ប្រល័យ​កូន​ចៅ​ទាំង​អស់​របស់​សេត។ ស្ដេច​នឹង​កាន់​កាប់​ស្រុក​អេដុម នឹង​កាន់​កាប់​ស្រុក​សៀរ ដែល​ជា​សត្រូវ ពេល​នោះ អ៊ីស្រា‌អែល​ពង្រឹង​កម្លាំង​របស់​ខ្លួន។ ស្ដេច​ដែល​ចេញ​ពី​យ៉ាកុប​នឹង​គ្រង​រាជ្យ ជា​ក្សត្រា‌ធិរាជ។ ព្រះអង្គ​នឹង​កម្ទេច​អស់​អ្នក ដែល​នៅ​សេស‌សល់​ក្នុង​ទី​ក្រុង»។ ពេល​ឃើញ​ជន‌ជាតិ​អាម៉ា‌ឡេក លោក​បាឡាម​ថ្លែង​ថា៖ «អាម៉ា‌ឡេក​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង​គេ​មែន ប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​អន្តរាយ»។ ពេល​ឃើញ​ជន‌ជាតិ​កែន លោក​ថ្លែង​ថា៖ «អ្នក​មាន​ទី​លំ‌នៅ​ដ៏​រឹង‌មាំ ដូច​សត្វ​ធ្វើ​សំបុក​នៅ​លើ​ថ្ម‌ដា។ ក៏​ប៉ុន្តែ កែន​នឹង​ត្រូវ​ភ្លើង​ឆាប‌ឆេះ អាស‌ស៊ើរ​នឹង​នាំ​អ្នក​ទៅ​ជា​ឈ្លើយ!»។ លោក​ថ្លែង​ទៀត​ថា៖ «ពេល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស តើ​នរណា​អាច​រស់​រាន​បាន! មាន​ទ័ព​សំពៅ​មក​ពី​ស្រុក​គីទីម ពួក​គេ​នឹង​បង្ក្រាប​អាស‌ស៊ើរ និង​ហេប៊ើរ ក៏​ប៉ុន្តែ អ្នក​ទាំង​នោះ​ក៏​នឹង​ត្រូវ​អន្តរាយ​ដែរ»។ លោក​បាឡាម​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​របស់​លោក​វិញ រីឯ​ព្រះ‌បាទ​បាឡាក់​ក៏​ចាក​ចេញ​ទៅ​ដែរ។