ភីលីព 4:12-23

ភីលីព 4:12-23 គខប

ទោះ‌បី​ទ័ល​ក្រ​ក្ដី មាន​បរិបូណ៌​ក្ដី ក៏​ខ្ញុំ​ចេះ​រស់​ដែរ។ ខ្ញុំ​បាន​អប់រំ​ចិត្ត​ក្នុង​គ្រប់​កាលៈ‌ទេសៈ និង​គ្រប់​ទី​កន្លែង គឺ​ថា ទោះ​បី​បរិភោគ​ឆ្អែត​ក្ដី អត់​ឃ្លាន​ក្ដី មាន​បរិបូណ៌​ក្ដី ឬ​ខ្វះ​ខាត​ក្ដី ខ្ញុំ​ស្កប់​ចិត្ត​ជានិច្ច។ ខ្ញុំ​អាច​ទ្រាំ​បាន​ទាំង​អស់ ដោយ​រួម​ជា​មួយ​ព្រះអង្គ​ដែល​ប្រទាន​កម្លាំង​ឲ្យ​ខ្ញុំ។ ទោះ​ជា​យ៉ាង​ណា​ក្ដី បងប្អូន​រួម​ជា​មួយ​ខ្ញុំ​ក្នុង​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា​ដូច្នេះ ជា​ការ​ប្រសើរ​ណាស់។ បងប្អូន​នៅ​ក្រុង​ភីលីព​អើយ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ គឺ​តាំង​ពី​ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ាសេ‌ដូន​មក​នោះ ក្រៅ​ពី​បងប្អូន គ្មាន​ក្រុម‌ជំនុំ*​ណា​បាន​ជួយ​ខ្ញុំ ក្នុង​ការ​ចំណាយ ឬ​ចំណូល​ឡើយ។ កាល​ខ្ញុំ​នៅ​ក្រុង​ថេស្សា‌ឡូនិក បងប្អូន​បាន​ផ្ញើ​ប្រាក់​ទៅ​ជួយ តាម​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ​ដល់​ទៅ​ពីរ​បី​លើក។ ត្រង់​ណេះ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​ប្រាថ្នា​ចង់​បាន​ជំនួយ​ពី​បងប្អូន​ទេ តែ​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​បាន​ទទួល​ព្រះ‌ពរ ដ៏​បរិបូណ៌។ ខ្ញុំ​បាន​ទទួល​សព្វ​គ្រប់​ទាំង​អស់​ហើយ ហើយ​ខ្ញុំ​មាន​បរិបូណ៌​ថែម​ទៀត ឥឡូវ​នេះ ខ្ញុំ​មាន​រឹត​តែ​ច្រើន ដោយ​បាន​ទទួល​អំណោយ​ពី​បងប្អូន តាម​រយៈ​លោក​អេប៉ា‌ប្រូឌីត។ អំណោយ​ទាំង​នេះ​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​ឈ្ងុយ‌ឈ្ងប់ ជា​យញ្ញ‌បូជា​ដែល​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ និង​យល់​ព្រម​ទទួល។ ព្រះ​របស់​ខ្ញុំ​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​បងប្អូន ស្រប​តាម​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។ សូម​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​យើង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន! សូម​ជម្រាប​សួរ​ប្រជា‌ជន​ដ៏វិសុទ្ធ*​គ្រប់ៗ​រូប ក្នុង​អង្គ​ព្រះ‌គ្រិស្ត*​យេស៊ូ​ឲ្យ​ខ្ញុំ​ផង។ បងប្អូន​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​បងប្អូន​ទាំង​អស់​គ្នា។ បងប្អូន​ទាំង​អស់​ដែល​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ* ជា​ពិសេស បងប្អូន​ដែល​ជា​អ្នក​រាជការ​របស់​ព្រះចៅ‌អធិរាជ ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។ សូម​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​នៃ​យើង​ស្ថិត​នៅ​ជា​មួយ​វិញ្ញាណ​របស់​បងប្អូន!។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ភីលីព 4:12-23