សុភាសិត 1
1
អារម្ភកថា
1 #
១ពង្ស. ៤.៣២
សុភាសិតរបស់ព្រះបាទសាឡូម៉ូន#១.១ ប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន សូមអាន ១ ពង្ស ៥.៩-១៤។ជាព្រះរាជបុត្រព្រះបាទដាវីឌ និងជាព្រះមហាក្សត្រស្រុកអ៊ីស្រាអែល។
2សុភាសិតទាំងនេះផ្ដល់ឲ្យមនុស្សមានប្រាជ្ញា និងការចេះដឹង ដើម្បីយល់ពាក្យពេចន៍ប្រកបដោយអត្ថន័យជ្រៅជ្រះ 3ព្រមទាំងបង្រៀនមនុស្សឲ្យចេះដឹង សុចរិត ត្រឹមត្រូវ និងមានចិត្តទៀងត្រង់ 4ហើយផ្ដល់ឲ្យមនុស្សឆោតចេះប្រុងប្រយ័ត្ន និងផ្ដល់ឲ្យយុវជនចេះគិតចេះពិចារណា។
5សូមឲ្យអ្នកប្រាជ្ញត្រងត្រាប់ស្ដាប់ នោះគេនឹងបង្កើនចំណេះរបស់ខ្លួន។ សូមឲ្យមនុស្សឈ្លាសវៃស្រង់យកមាគ៌ា ដែលត្រូវប្រកាន់យក 6ដូច្នេះ គេអាចយល់អំពីអត្ថន័យ ដែលមានបង្កប់នៅក្នុងសុភាសិត ឬប្រស្នា ព្រមទាំងយល់ពាក្យពេចន៍ និងពាក្យបណ្ដៅផ្សេងៗរបស់ពួកអ្នកប្រាជ្ញ។
7 #
យ៉ូប. ២៨.២៨; ទំន. ១១១.១០; សុភ. ៩.១០ ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃការចេះដឹង។#១.៧ សូមអាន សុភ. ២.៥, ១៥.៣៣។ មនុស្សខ្លៅតែងតែមើលងាយតម្រិះប្រាជ្ញា និងការប្រៀនប្រដៅ។
ពាក្យទូន្មានយុវជន
8កូនអើយ ចូរស្ដាប់ឪពុកប្រៀនប្រដៅ ហើយត្រងត្រាប់ស្ដាប់ម្ដាយទូន្មាន 9ដ្បិតដំបូន្មានរបស់ឪពុកម្ដាយនឹងកសាងចរិយាសម្បត្តិរបស់កូន ឲ្យបានល្អដូចមកុដ និងខ្សែកមាស។ 10កូនអើយ បើមានជនពាលមកបបួលកូនទៅប្រព្រឹត្តអំពើអាក្រក់ កុំទៅតាមគេឡើយ។ 11បើជនពាលបបួលកូនថា: «ចូរមកជាមួយពួកយើង យើងនឹងស្ទាក់ផ្លូវចាំបង្ហូរឈាម ហើយយើងនឹងវាយឆ្មក់សម្លាប់មនុស្សស្លូតត្រង់លេង។ 12យើងនឹងលុបបំបាត់ពួកគេ ដូចមច្ចុរាជលេបបំបាត់ពួកគេទាំងរស់ ហើយធ្វើឲ្យពួកគេវិនាសសូន្យ ដូចអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ 13រួចហើយយើងរឹបអូសរបស់មានតម្លៃទាំងប៉ុន្មាន ពីពួកគេយកទៅដាក់ឲ្យពេញផ្ទះយើង។ 14ចូរមករួមជាមួយយើង យើងនឹងចែករបស់ដែលរឹបអូសយកបាននោះជាមួយគ្នា!»។ 15កូនអើយ កុំសេពគប់ជាមួយអ្នកទាំងនោះឡើយ តែត្រូវងាកចេញឲ្យឆ្ងាយពីពួកគេ។ 16ពួកនោះគិតតែពីប្រព្រឹត្តអំពើអាក្រក់ ហើយងាយបង្ហូរឈាមណាស់។ 17ដាក់អន្ទាក់ឲ្យសត្វស្លាបឃើញ ជាការឥតប្រយោជន៍។ 18រីឯអ្នកទាំងនោះវិញ គេកំពុងតែរាយអន្ទាក់សម្រាប់ទាក់កខ្លួនឯង ហើយឃុបឃិតប្រហារជីវិតរបស់ខ្លួនឯង។ 19អស់អ្នកដែលរកស៊ីលួចប្លន់ទ្រព្យសម្បត្តិ តែងតែបាត់បង់ជីវិតបែបនេះឯង។
ការប្រកាសរបស់ព្រះប្រាជ្ញាញាណ
20 #
សុភ. ៨.១-៣
ព្រះប្រាជ្ញាញាណស្រែកនៅតាមផ្លូវ ហើយបន្លឺសំឡេងនៅតាមទីសាធារណៈ 21ព្រមទាំងអំពាវនាវតាមច្រកដ៏អ៊ូអរ និងប្រកាសនៅមាត់ទ្វារក្រុងថា: 22មនុស្សឆោតអើយ តើអ្នករាល់គ្នាចូលចិត្តនៅឆោតដូច្នេះដល់កាលណាទៀត? អ្នករាល់គ្នានៅតែមើលងាយយើងដល់កាលណាទៀត? តើអ្នករាល់គ្នានៅល្ងង់ ពុំព្រមចង់ចេះដូច្នេះដល់កាលណាទៀត? 23ចូរនាំគ្នាមកស្ដាប់ដំបូន្មានរបស់យើង យើងនឹងចាក់បង្ហូរវិញ្ញាណរបស់យើងលើអ្នករាល់គ្នា ហើយយើងនឹងបង្ហាញឲ្យអ្នករាល់គ្នាស្គាល់ចំណេះរបស់យើង។ 24យើងបានហៅអ្នករាល់គ្នា តែអ្នករាល់គ្នាធ្វើមិនឮ យើងបានបោយដៃហៅអ្នករាល់គ្នា តែអ្នករាល់គ្នាធ្វើព្រងើយ។ 25ដោយអ្នករាល់គ្នាបោះបង់ចោលពាក្យទូន្មានរបស់យើង ហើយមិនព្រមទទួលយោបល់ពីយើងទេនោះ 26ពេលណាអ្នករាល់គ្នាមានមហន្តរាយយើងនឹងសើច ហើយពេលណាអ្នករាល់គ្នាជួបភ័យអាសន្ន យើងនឹងចំអកឲ្យអ្នករាល់គ្នាវិញជាមិនខាន។ 27ពេលណាភ័យអាសន្នកើតមានដល់អ្នករាល់គ្នាដូចខ្យល់ព្យុះ ហើយមហន្តរាយកើតមានដល់អ្នករាល់គ្នា ដូចខ្យល់កំបុតត្បូង ពេលណាសេចក្ដីតប់ប្រមល់ និងទុក្ខវេទនាសង្កត់សង្កិនអ្នករាល់គ្នា 28ពេលនោះ អ្នករាល់គ្នាមុខជាស្រែកអង្វរឲ្យយើងជួយ តែយើងមិនឆ្លើយតបទេ អ្នករាល់គ្នានឹងស្វែងរកយើង តែរកមិនឃើញឡើយ។#១.២៨ សូមអាន យរ. ១១.១១; មីក. ៣.៤; យហ. ៧.៣៤។ 29អ្នករាល់គ្នាស្អប់ការចេះដឹង អ្នករាល់គ្នាមិនសុខចិត្តគោរពកោតខ្លាចព្រះអម្ចាស់ 30អ្នករាល់គ្នាមិនព្រមទទួលយោបល់ពីយើង ហើយមើលងាយដំបូន្មានទាំងប៉ុន្មានរបស់យើងថែមទៀតផង។ 31អ្នករាល់គ្នានឹងទទួលផលស្របតាមកិរិយាមារយាទរបស់ខ្លួន ហើយអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត នឹងនាំឲ្យអ្នករាល់គ្នាឆ្អែតឆ្អន់ 32ដ្បិតចិត្តរឹងរូសរបស់មនុស្សល្ងង់ នឹងធ្វើឲ្យគេបាត់បង់ជីវិត ហើយចិត្តអួតអាងរបស់មនុស្សលេលា នឹងធ្វើឲ្យគេវិនាស។ 33រីឯអ្នកដែលស្ដាប់យើង នឹងរស់នៅយ៉ាងសុខដុមរមនា ឥតភ័យខ្លាចទុក្ខលំបាកអ្វីឡើយ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 1: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.